រាជធានីភ្នំពេញ ÷ ថ្លែងនៅចំពោះមុខ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ដេវីន បាតា (Devin Barta) ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំនៅកម្ពុជា (AmCham Cambodia) បានបង្ហាញថា កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន សភាពាណិជ្ជកម្មអាមេរិក បានសហការ និងលើកកម្ពស់កិច្ចទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិកជាខ្លាំង ហើយកំពុងតែបន្តពង្រឹងប្រសិទ្ធភាព។

ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ដេវីន បាតា (Devin Barta) ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia) នេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវិមានសន្តិភាព, លោក ដេវីន បាតា បង្ហាញថា ក្នុងនាមជាដៃគូជាមួយកម្ពុជា សភាពាណិជ្ជកម្មអាមេរិក បានជំរុញការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជាដល់វិនិយោគិនអាមេរិក និងការជួយកសាងសមត្ថភាព និងភាពជាអ្នកដឹកនាំស្ត្រីជាសហគ្រិន។

ជំហររបស់សភាពាណិជ្ជកម្មអាមេរិក គឺបន្តការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) មក កម្ពុជា វិស័យធុរកិច្ច អចលនទ្រព្យ និង ការគាំទ្រដល់ស្រ្តី លើផ្នែក ភាពជាម្ចាស់នៃសហគ្រសធុនតូច ការបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញ និង ផ្នែកហិរញ្ញវត្ថុ ជាដើម។
ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា និងបានអរគុណចំពោះក្រុមហ៊ុនអាមេរិក ដែលតែងតែជឿជាក់ និងបានបណ្ដាក់ទុនវិយោគនៅកម្ពុជា ដែលនេះ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











