ប្រទេសថៃ ÷ ព្រះសង្ឃ និងពលរដ្ឋថៃជាច្រើន បានសម្តែងទឹកចិត្តស្វាគមន៍យ៉ាងរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅលើទឹកដីថៃ ដើម្បីពង្រឹងចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ទំនាក់ទំនងជាប្រពៃណីដើម្បីប្រយោជន៍នៃប្រទេសទាំងពីរ ដែលដំណើរទស្សនកិច្ចនេះ នឹងធ្វើឡើងនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។

ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរដែលគង់រស់នៅទីក្រុងបាងកក ប្រទេសថៃប្រមាណ៥០ឆ្នាំមកនេះ បានមានសង្ឃដីកាថា អាត្មាភាពសូមសម្តែងការស្វាគមន៍ដំណើរមកដល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណ:ប្រតិភូកម្ពុជា លើទឹកដីទីក្រុងបាងកក ប្រទេសថៃ, សូមប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ និងសូមប្រគេនពរដល់សម្តេចធិបតីឱ្យសម្រេចបាននូវក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។
អ្នកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃ និងតំណាងឱ្យពលរដ្ឋថៃមួយចំនួនទៀត រស់នៅទីក្រុងបាងកក បានសម្តែងភាពរីករាយចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរ ដោយអ្នកស្រីបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងបន្តមិត្តភាពកាន់តែល្អ ទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងកសាងទំនុកចិត្តដើម្បីប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ។
អំឡុងទស្សនកិច្ចផ្លូវការនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញថ្លែងសុន្ទរកថា បើកវេទិកាធុរកិច្ចកម្ពុជា-ថៃ សម្រាប់ជាគន្លឹះ ឱកាស និងប្រយោជន៍របស់ធុរជនកម្ពុជា-ថៃ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ គ្រោងនឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ហើយទន្ទឹមពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន ដែលនឹងនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋ សង្គមជាតិនៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN








