Sunday, January 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​អស្ចារ្យ​ណាស់​! អាមេរិក​បាន​ស្រាវជ្រាវ និង​ផលិត​​វ៉ាក់សាំង​បង្ក្រាប​ជំងឺមហារីក​ហើយ​

​ថ្មីៗ​នេះ អ្នកវិទ្យាសាស្ត្រ​នៃ​សកលវិទ្យា​ល័យ Stanford អាមេរិក បាន​ស្រាវជ្រាវ និង​ទទួលបាន​ជោគជ័យ​នូវ «​វ៉ាក់សាំង​មហារីក​» នាំមក​នូវ​អនាគត​ភ្លឺស្វាង​ដល់​មនុស្សជាតិ ព្រោះ​យូរ​មកហើយ​ដែល​គេ​តែង​ខ្លាច​ញ​ប់​ញ័រ​នឹង​ស្រមោល​មជ្ជ​រាជ – មហារីក​ជំងឺ​ដែល​ពុំ​អាច​ព្យាបាល​ជា ។​

​សាស្ត្រាចារ្យ Ronald Levy -​អ្នកបង្កើត​វ៉ាក់សាំង​ប្រឆាំង​មហារីក​

​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ កុំថាឡើយ​ចំពោះ​មនុស្ស​ធម្មតា សូម្បីតែ​អ្នកស្រាវជ្រាវ​ផ្ទាល់​ក៏​នឹកស្មាន​ពុំ​ដល់​ដែរ បន្ទាប់ពី​គេ​សាកល្បង​វា​ចំពោះ​សត្វ​កណ្តុរ​៖ ក្រោយ​ការចាក់​តែ​១​ម្ជុល​ប៉ុណ្ណោះ វ៉ាក់សាំង​នេះ​បានធ្វើ​ឲ្យ​កោសិកា​មហារីក​ក្នុង​រាងកាយ​បាត់​បាត់ស្រមោល​ឈឹង​តែម្តង​! ។ ពិសេស​ជាងនេះទៀត គឺ​វា​មាន​ប្រសិទ្ធភាព​ព្យាបាល​បាន​ប្រភេទ​ជំងឺមហារីក​ដ៏​ច្រើនយ៉ាង​ទៀត ។​

​ឯកសារ​ទាក់ទង​ដល់​ការស្រាវជ្រាវ​នេះ ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនា​វ​ដ្តី «Science Translational Medicine» ។​

​តាម​ខ្លឹមសារ​នៃ​ទស្សនា​វ​ដ្តី​នេះ​ចុះផ្សាយ គឺ​ក្រុម​ស្រាវជ្រាវ​ដឹកនាំ​ដោយ​សាស្ត្រាចារ្យ Ronald Levy នៃ​វិទ្យា​សា្ថ​ន​វិ​ជ្ជ​សាស្ត្រ​សកលវិទ្យា​ល័យ Stanford បាន​ស្រាវជ្រាវ​បង្កើតឡើង​វ៉ាក់សាំង​នេះ ផ្អែកលើ​ការ​គួបផ្សំ​សូលុយស្យុង​រំញោច​អង្គការ​ការពារ​សរីរាង្គ​២​មុខ ។​

ព័ត៌មាន​អំពី​វ៉ក់​សាំង​នេះ​ដែល​ចុះផ្សាយ​លើ​កាសែត Daily Mail របស់​អង់គ្លេស​

​ក្នុងការ​ពិសោធន៍​ជាក់ស្តែង បុគ្គលិក​ស្រាវជ្រាវ​បាន​បណ្តុះ​ឲ្យ​មាន​ដុំ​គីស Limpho មហារីក ២ កន្លែង​លើ​រាងកាយ​កណ្តុរ ហើយ​ពួកគេ​ចាក់​បញ្ចូល​បរិមាណ​វ៉ាក់សាំង​នេះ​តែ​បន្តិច​ទៅក្នុង «​ដុំ​គីស​មួយ​» ក្នុងចំណោម​ដុំ​គីស​២ ។ លទ្ធផល​ឲ្យ​ឃើញថា ក្រោយ​ការចាក់​វ៉ាក់សាំង​នោះ មិនថាតែ​ដុំ​គីស​ត្រូវបាន​ចាក់​ទេ សូម្បី​ដុំ​គីស​មួយទៀត (​ពុំបាន​ចាក់​) ក៏​រលាយបាត់​ស្រមោល​ដែរ ។​

​ក្នុងការ​ពិសោធន៍​នោះ គេ​ប្រើ​កណ្តុរ ៩០ ក្បាល ដើម្បី​ពិសោធន៍​ក្រោយពេល​ចាក់​វ៉ាក់សាំង​ដូច​ពោល​ខាងលើ មាន​កណ្តុរ​ចំនួន ៨៧ ក្បាល បានជា​សះស្បើយ​ទាំងស្រុង អត្រា​ជោគជ័យ​គឺ ៩៧% ។ មានតែ​កណ្តុរ ៣ ក្បាល ប៉ុណ្ណោះ ដែល «​លាប់​» ឡើងវិញ ប៉ុន្តែ ក្រោយ​ការចាក់​ម្ជុល​ទី​២ វា​ក៏​ជាសះស្បើយ​ដែរ ។​

​ប្រភេទ​វ៉ាក់សាំង​នេះ​ព្យាបាល​បាន​ជំងឺមហារីក​ច្រើន​មុខ រួមទាំង​ប្រភេទ​មហារីក​កើតឡើង​ដោយ​ឯកឯង (​តំណពូជ​) ។ ពួក​អ្នកស្រាវជ្រាវ​ទទួលបាន​លទ្ធផល​ដូចគ្នា ក្នុងការ​ពិសោធន៍​ជាមួយ​មហារីក​ដោះ ពោះវៀនធំ និង​ស្បែក ។​

​ក្រៅពីនោះ ពួកគេ​នៅបាន​រកឃើញថា វ៉ាក់សាំង​នេះ​នៅ​អាច​បង្ការ​ការ​លាប់​ឡើង​នៃ​ជំងឺមហារីក អូសបន្លាយ​ជីវិត​ដល់​ពួក​កណ្តុរ ។​

​ខុសប្លែក​ទាំងស្រុង​ជាមួយ​វិធី​ព្យាបាល​មហារីក​ដទៃទៀត ប្រភេទ​វ៉ាក់សាំង​នេះ​ពុំ​តម្រូវ​ឲ្យ​ធ្វើតេស្ត​វិភាគ​លក្ខណៈ​នៃ​ប្រព័ន្ធ​ការពារ​របស់​ប្រភេទ​មហារីក​នីមួយៗ ដើម្បី​ធ្វើការ​ហ៊ុំព័ទ្ធ ហើយក៏​ពុំ​ចាំបាច់​ត្រូវ​រំញោច​ដល់​ប្រព័ន្ធ​ការពារ​សរីរាង្គ​ទាំងស្រុង ឬ ក៏​វិនិច្ឆ័យ​ដោយឡែកៗ​នូវ​កោសិកា​ការពារ​សរីរាង្គ​របស់​អ្នកជំងឺ​ម្នាក់ៗ​ទេ ។​

​ការចាក់​វ៉ាក់សាំង​នេះ​នៅលើ​ដុំ​គីស ឬ កន្លែង​ណាមួយ​ផ្សេង​ក្នុង​រាងកាយ ក៏​បណ្តា​ប្រូតេអ៊ីន​ដែល​ដូចគ្នា នឹង​កោសិកា​នៃ​ដុំ​គីស​កាច​សាហាវ ត្រូវបាន​កម្ចាត់​ចោល​ទាំងអស់ ។ ប្រការនេះ​មានន័យថា បណ្តា​កោសិកា​មហារីក ទោះបី​ជ្រក​ជ្រៀត «​លោត​» ទៅដល់​ផ្នែក​ណា​ក្នុង​រាងកាយ​ក៏​សុទ្ធសឹង​ត្រូវបាន​កម្ចាត់​ដោយ​វ៉ាក់សាំង​នេះដែរ ។​

ការសាកល្បង​លើ​កណ្តុរ ទទួលជោគជ័យ ៩៧% ដោយ​ចាក់​តែ​១​ម្ជុល​ប៉ុណ្ណោះ​

​បណ្តា​បុគ្គលិក​ស្រាវជ្រាវ​ឲ្យ​ដឹងថា គេ​ប្រើ​បរិមាណ​វ៉ាក់សាំង​នេះ​ក្នុង​កំរិត​ដ៏​តិច​ប៉ុណ្ណោះ តែ​វា​បង្ក​នូវ​ប្រសិទ្ធភាព​យ៉ាង​លឿន ពិសេស​ពុំ​ងាយ​បង្ក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ ដូច​វិធី​ប្រើ​គីមី ឬ វិទ្យុសកម្ម (Radiation) ហើយ​រយៈពេល​ព្យាបាល​ក៏​ខ្លី តម្លៃ​ព្យាបាល​ក៏​ថោក​គួរសម ។​

​កុំ​បារម្ភ​ខ្លាំងពេក​អំពី​ពេលវេលា​! ព្រោះថា ក្នុងចំណោម​ឱសថ​២ ដែល​បង្កើតជា​វ៉ាក់សាំង​នេះ មាន​ឱសថ​មួយ​ត្រូវបាន​អជ្ញាធរ​អាមេរិក អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ចំពោះ​មនុស្ស​រួចហើយ រីឯ​មួយ​ប្រភេទ​ទៀត គឺ​កំពុងធ្វើការ​សាកល្បង​លើ «​មនុស្ស​» គ្រាន់តែ​ទិសដៅ​វា​សំរាប់​ព្យាបាល​ជំងឺ​ផ្សេង​ពុំមាន​ទាក់ទង​ដល់​វ៉ាក់សាំង​ព្យាបាល​មហារីក​ទេ ។​

​ឥឡូវ​ការស្រាវជ្រាវ​វា់ក់​សាំង​ព្យាបាល​មហារីក កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​លើ​មនុស្ស ។ នៅពេល​សរុប​លទ្ធផល​វា​នឹង​បង្ហាញថា នេះ​ជា​វ៉ាក់សាំង​ប្រវត្តិសាស្ត្រ ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ដែល​ឆក់យក​ជីវិត​មនុស្ស​រាល់ថ្ងៃ ហើយ​មនុស្ស​បាន​ត្រឹម​សម្លឹងមើល​… ដោយ​ពុំ​អាច​តបត​បាន​ក្នុង​រយៈពេល​ដ៏​វែង​អន្លាយ​កន្លងមក ៕ បូព៌ា​

×