ទីក្រុងបាងកក,ប្រទេសថៃ ÷ ជុំវិញដំណើរទស្សនកិច្ចជាផ្លូវការរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាលើទឹកដីថៃ បានចូលមកដល់ហើយនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ជាលទ្ធផល គឺសម្តេចរធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលស្វាគមន៍យ៉ាងក្ដៅពី លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ និងមន្ត្រីអ្នកមុខអ្នកការ នាម៉ឺនមន្ត្រីរបស់ប្រទេសថៃដទៃទៀត, ពេលនេះប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានជួបពិភាក្សាការងារទ្វេភាគី ហើយបានឯកភាពគ្នាដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី «ភាពជាដៃគូ ដើម្បីសន្ដិ ភាព និងវិបុលភាព» ទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ»។

បើតាមបណ្តាញសង្គម តេឡេក្រាម និង facebook ផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដកស្រង់ខ្លឹមសារបង្ហាញថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់នៅចំពោះមុខសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា តាមរយៈដំណើរ ទស្សនកិច្ចរបស់សម្តេចធិបតីនាឱកាសនេះ នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ កាន់តែរីកចម្រើន និងរឹងមាំថែមទៀត។
ក្នុងជំនួបនេះ សម្តេចធិបតី និងលោកនាយករដ្ឋមន្ត្រីថៃ បានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ប្រទេស ទាំងពីរលើវិស័យជាច្រើន រួមមាន ៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វិស័យការងារ និងវិស័យថាមពល៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN















