ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ជំហរជាឱឡារិក មិនអនុញ្ញាតឱ្យបុគ្គលឬក្រុមណាមួយប្រើប្រាស់ទឹកដី របស់ខ្លួនប្រឆាំងនឹងប្រទេសមួយទៀតជាដាច់ខាត។
ក្នុងនោះដែរ នាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ក៏បានឯកភាពបង្កើតស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប។ ភាគីថៃ ក៏បានឯកភាពផ្ដល់ការសម្របសម្រួល ដល់ដំណើរចេញចូលរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមសំណើ សម្តេចធិបតី។

តាមរយៈសន្និសីទរួមគ្នារវាង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាថា រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ ខណៈកម្ពុជា ក៏ប្រកាសដែរថា ខ្លួនមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងរាជរដ្ឋាភិបាលថៃដូចគ្នា។
លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក្នុងសន្និសីទសារព័ត៌មាន នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអះអាងថា ក្នុងជំនួបរវាង សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ដ្រី មិនបានជជែកគ្នាជុំវិញអ្នកនយោបាយប្រឆាំងរបស់កម្ពុជា នៅប្រទេសថៃនោះទេ បើទោះបីមុនដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី អាជ្ញាធរថៃបានចាប់ខ្លួនអ្នកនយោបាយប្រឆាំង ពិសេសអ្នកគាំទ្រអតីតគណបក្សប្រឆាំងនៅកម្ពុជាយ៉ាងណាក្ដីនោះ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់បែបនេះថា តាមរយៈសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្ដេចធិបតី និងនាយករដ្ឋមន្ដ្រីថៃ នោះគឺការលើកឡើងយ៉ាងឱឡារិកក្រៃលែង ថៃមិនអនុញ្ញាតឲ្យបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ប្រើប្រាស់ទឹកដីដើម្បីបង្កសកម្មភាពប្រឆាំងកម្ពុជាទេ ដូចគ្នាកម្ពុជាបានប្រកាសជាឱឡារិក និងជាផ្លូវការ នៅចំពោះមុខអ្នកសារព័ត៌មានថៃថា កម្ពុជាក៏មិនអនុញ្ញាតឲ្យមានបុគ្គលណាម្នាក់ ឬក្រុមបុគ្គលណាប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កសកម្មភាពប្រឆាំងថៃដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី









