ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តម៉ាក lexus nx 200 t ក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ក៍រ៉េចង្កូតទៅបុករះម៉ូតូ pcx មួយគ្រឿង និងកង់បីមួយគ្រឿងទៀត រួចបន្តល្បឿនបុកឡើងលើសួន បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល និងខូចខាតសម្ភារៈមួយចំនួន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤ លើផ្លូវសុធារស កែងផ្លូវ២៦៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ប្រភពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូកង់បីនិងម៉ូតូPCX ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវសម្តេច សុធារស ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តបង្កម៉ាកLexusNX200t ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BE-9557 បើកបរដោយនារីម្នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរចេញពីផ្លូវ ២៦៦ ក្នុងទិសដៅពីកើយមកលិច ស្រាប់តែជាន់ហ្គែរបន្ថែមយ៉ាងលឿនទៅបុកម៉ូតូកង់បី បណ្ដាលឱ្យក្រឡាប់ផ្ងារជើងនិងរងរបួសម្ចាស់កង់បីធ្ងន់ បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ ហើយរថយន្តមិនទាន់អស់ល្បឿនបន្តទៅបុកម៉ូតូម៉ាកPCX រួចរេចង្កូតឡើងលើសួនមុខវត្តបទុមវតី បណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួនផងដែរ។ ចំណែកឯនារីបើករថយន្តបង្ក សមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត និងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ខណ្ឌដូន ពេញចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចក៏ទាក់ទងទៅជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឲ្យចុះមកវាស់វែងកំណត់ហេតុយករថយន្តបង្កនិងម៉ូតូកង់បីនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធដោយ ៖ សាមេត









