ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានជិះម៉ូតូឌ្រីមសង់មួយគ្រឿងចេញពីបើកលុយ រួចឆ្លៀតដាក់បន្ទិចបន្ទូច ហើយក៏ជិះត្រឡប់មកផ្ទះវិញ ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាក FOR THING រងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៤ លើផ្លូវបេតុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីសមត្ថកិច្ចជំនាញមើលតាមកាមេរ៉ាសុវត្ថភាព បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ កំពង់ធំ 1Q-2406 ជិះដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរលើផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្តស៊េរីទំនើបម៉ាក FORTHINGពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BV-7080 បើកបរដោយបុរសម្នាក់ទិសដៅបញ្រ្ចាសគ្នាពីកើតមកលិច ពេលបើកមកដល់ចំណុចកើតហេតុ បានបើកគេចពីកង់បីចតលើចិញ្ចើមផ្លូវ ក៏បានជ្រុលបុកនិងម៉ូតូរងការខូចខាតបែកចង្កៀងមុខ និងដាច់កញ្ចក់មួយចំហៀង ចំណែកភាគីខាងម៉ូតូរងការខូចខាតតិចតួច សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចុះមកដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចឲ្យភាគីសងខាងសម្រួលគ្នា ក្រោយពេលសម្រួលចប់ ដោយភាគីខាងម៉ូតូ សងទៅលើរថយន្តស៊េរីទំនើប បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធដោយ ៖ សា មេត




