វីដេអូនៃបុរសរើសអើងពូជសាសន៍ម្នាក់ កំពុងត្រូវបានចែករំលែកនៅលើបណ្តាញសង្គម ហើយវាទទួលបាននូវការបញ្ចេញមតិយោបល់ពោរពេញដោយរលកកំហឹង ពីអ្នកលេងអ៊ីនធើរណេតជាច្រើន ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានកាមេរ៉ាចាប់បានស្រែករើសអើង និងបញ្ចេញកាយវិការមិនសមរម្យដាក់ពលករចំណាកស្រុកម្នាក់ ដោយទាមទារឲ្យគាត់ចុះចេញពីជណ្តើរយន្ត ព្រោះតែបានចោទប្រកាន់ថា «គគ្រេច» និង «ធុំក្លិនមិនល្អ» ។
បុរសម្នាក់ដែលត្រូវបានគេសន្មត់ថាមានវ័យពាក់កណ្តាលអាយុ អាចត្រូវបានឃើញប្រាប់ទៅកម្មករចំណាកស្រុកម្នាក់ថា៖ «ចុះចេញទៅ! អ្នកឯងជាមនុស្សកខ្វក់ ហើយឡប់ៗទៀត ចេញទៅ កុំជិះជណ្តើរយន្ត» ។
ពលករចំណាកស្រុកនោះបានឆ្លើយតបវិញថា៖ «ខ្ញុំត្រូវតែជិះ ដើម្បីទៅកាន់ផ្លូវរថភ្លើងក្រោមដី» ។
ទោះយ៉ាងណា បុរសរើសអើងរូបនោះបានបង្ហាញកាយវិការលើកជើងធាក់ទៅលើពលករចំណាកស្រុកច្រើនដង និងនិយាយថា៖ «អ្នកឯងជាមនុស្សកខ្វក់ និងឡប់ៗ, ថយចេញទៅ វិលត្រឡប់ទៅស្រុករបស់អ្នកឯងវិញទៅ អាជនជាតិឥណ្ឌា» ។
បុរសនោះនៅបន្តស្រែកថា៖ «ខ្ញុំមិនចង់ជិះជាមួយអ្នកឯងទេ ព្រោះអ្នកឯងជាមនុស្សគគ្រច និងធុំក្លិន ឆាប់ថយចេញទៅ» ។
បុរសនេះបាននិយាយទៅកាន់បុរសម្នាក់ទៀត ដែលជិះក្នុងជណ្តើរយន្តជាមួយគ្នាថា៖ «ខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្ញុំមកបៀតនឹងមនុស្សប្រភេទនេះទេ សូមលោកស្នើឲ្យគាត់ចាកចេញទៅ ព្រោះគាត់គគ្រេច និងធុំក្លិនខ្លាំងណាស់» ។
ទោះយ៉ាងណា បុរសរើសអើងរូបនេះក៏បានចាកចេញពីជណ្តើរយន្តខ្លួនឯង ខណៈបុរសម្នាក់ទៀតចូលជិះបន្ត ។
បន្ទាប់ពីបានឃើញវីដេអូចែករំលែកនេះ អ្នកលេងអ៊ីនធើរណេតជាច្រើន បានផ្ទុះកំហឹងយ៉ាងខ្លាំង ចំពោះបុរសរើងអើងជាតិសាសន៍នៅក្នុងហេតុការណ៍នេះ ។
វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលហេតុការណ៍បែបនេះ នៅតែបន្តកើតមានឡើងរហូតថ្ងៃនេះ ដែលមិនគួរណាមនុស្សកើតមកជាមនុស្សដូចគ្នា តែបែរជាមានចរិតមិនទទួលយកនូវការគោរពស្រលាញ់រាប់អាន និងរើងអើសមនុស្សដទៃ តាមរយៈពណ៌សម្បុរ, ពូជសាសន៍ ឬ មុខរបរ បែបនេះ ៕ ចន្ទី (theindependent.sg)