នៅវត្តខ្មែរខ្លះគេឃើញមានការសង់វិហារអ្នកតាចិននៅក្នុងបរិវេណវត្ត ដូចជាវត្តកៀនឃ្លាំងនៅភ្នំពេញជាដើម។វត្តកៀនឃ្លាំង មានព្រះចៅអធិការវត្តជាខ្មែរកាត់ចិន ហើយគណៈកម្មាវត្តក៏មានសមាជិកជាអ្នកជាប់សែស្រឡាយចិនដែរ។ ពួកគេបានសង់ វិហារអ្នកតាចិននៅក្បែរនឹងព្រះវិហារខ្មែរ។ ហើយវិហាខ្មែរនិងចិនមានទំនាក់ទំនងគ្នាយ៉ាងស្អិតល្មួតនៅពេលដែលមានបញ្ហា ថវិកានិងពេលមានរវល់បុណ្យម្ដងៗ។ វត្តអារាមព្រះពុទ្ធសាសនាខ្មែរក៏ជាកន្លែងសក្ការៈបូជារបស់ជនជាតិចិនដែរ បច្ចុប្បន្នយើង ឃើញមានជនជាតិចិនតែងតែទៅវត្តដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃក្នុងកិច្ចការផ្សេងៗ។ មានជនជាតិចិនមួយចំនួន ដែលមានមុខជំនួញលក់ដូរនៅទីផ្សារបានមករកព្រះសង្ឃដែលចេះមន្ដអាគមគាថាប្រោះព្រំស្រោចទឹក ដើម្បីជួយឱ្យអាជីវកម្ម របស់ពួកគាត់ដំណើរការបានល្អ។ រីឯជនជាតិចិនដែលជាមន្ដ្រីរាជការក្នុងរាជរដ្ឋាភិបាល ដែលមានឋានន្ដរសក្ដិ បានមកឱ្យព្រះសង្ឃស្រោចទឹកលើករាសីដើម្បីឱ្យបានឡើងតំណែង ធ្វើយ័ន្ដការពារនិងទស្សន៍ទាយមើលពីអនាគតផងដែរ។ ហើយនៅទីក្រុងភ្នំពេញវត្តដែលជនជាតិចិននិយមទៅពឹងពាក់ព្រះសង្ឃគឺនៅវត្តសំរោងអណ្ដែត វត្តចំពុះក្អែក វត្តកៀនឃ្លាំង។
ជនជាតិចិនមិនបានធ្វើឱ្យប្រជាជនខ្មែរស្អប់ខ្ពើមទេ។ ជនជាតិចិនបានសម្របខ្លួនចូលទៅក្នុងសង្គមខ្មែរយ៉ាងជ្រៅតាមរយៈ អាពាហ៍ពិពាហ៍ជាមួយខ្មែរ ការគោរពជំនឿសាសនានិងចូលរួមសកម្មភាពសង្គម។ ពួកគាត់សុខចិត្ដបោះបង់នូវវប្បធម៌ខ្លះ របស់ខ្លួន ហើយទទួលយកនូវវប្បធម៌ខ្មែរម្ចាស់ស្រុក(ទស្សនាវដ្ដីរបស់មជ្ឈមណ្ឌលអន្ដរជាតិសម្រាប់សិក្សាជនជាតិភាគតិចៈ ជនជាតិចិនៈ១៤) ។ ជនជាតិចិនភាគច្រើនជាងអ្នកកាន់ព្រះពុទ្ធសាសនាខ្មែរយ៉ាងខ្ជាប់ខ្ជួន ហើយភាគច្រើនដែលយើងបានសាកសួរបានឆ្លើយថា ជនជាតិខ្មែរធ្វើអ្វីគាត់ក៏ធ្វើហ្នឹងដែរ។ លោកវរសេនីយ៍ត្រីប្រធានស្នងការប៉ូលិសខេត្តម្នាក់បានធ្វើការ កត់សម្គាល់ថា ជនជាតិចិនប្រហែលជាធ្វើបុណ្យតាមបែបព្រះពុទ្ធសាសនាខ្មែរច្រើនជាងខ្មែរខ្លះផង។ រាល់ឆ្នាំពួកគាត់មានធ្វើ បុណ្យកឋិន រីឯពេលបុណ្យភ្ជុំក៏យកចង្ហាន់ទៅវត្តដូចខ្មែរដែរ។ លោកប្រធានភូមិម្នាក់បានពោលថា សព្វថ្ងៃខ្ញុំឃើញចិនធ្វើត្រឹមត្រូវជាងខ្មែរមួយចំនួន។ បើអ្នកទាំងនោះទៅវត្ដ គេយករបស់អន់ទៅ ដល់ត្រឡប់ពីវត្តវិញគេយក របស់ល្អមកផ្ទះវិញ។ មានន័យថា ធ្វើបុណ្យចង់បានរបស់ពីកន្លែងបុណ្យមកវិញ ដូចជាមានពេលមួយគាត់កាន់បិណ្ឌ ពេលដែលគាត់កំពុងតែស្ដាប់ធម៌ ស្រាប់តែចប់ធម៌ ជនជាតិខ្មែរមួយចំនួននោះហូបបបរអស់។ ព្រះសង្ឃមួយអង្គគង់ នៅវត្តស្នំប្រាំពីរ ខេត្ដកំពត មានសង្ឃដីកាថា៖ ជនជាតិចិនមកនៅស្រុកភូមិជិតវត្ដរបស់អាត្មា មានចិត្តជ្រះថ្លាចូលចិត្ដធ្វើបុណ្យ នឹងព្រះពុទ្ធសាសនាខ្មែរណាស់ ហើយមានទំនាក់ទំនងល្អ ខ្លះមានធ្វើចង្ហាន់ ចូលជាបច្ច័យ កាន់បិណ្ឌ ធ្វើកឋិនទាន ហើយរហូតដល់មានកូនចៅចិនខ្លះមានបួសជាព្រះសង្ឃ និងដូនជីមកសំណាក់ធម៌ក្នុងវត្តស្នំប្រាំពីរ។ ពេលមានបុណ្យសព ជនជាតិចិននិមន្ដព្រះសង្ឃសូត្រធម៌ និងសុំទីធ្លាបរិវេណវត្តសម្រាប់ធ្វើជាចេតិយ និងប្រាង្គបញ្ចុះសព។
ប៉ុន្ដែមានពេលខ្លះ ទំនាក់ទំនងជាមួយជនជាតិចិនពេលខ្លះបានធ្វើឱ្យប៉ះពាល់ដល់វត្តអារាមខ្មែរ។ តាមសង្ឃដីការបស់ព្រះសង្ឃមួយអង្គជាព្រះសង្ឃខ្មែរកម្ពុជាក្រោម គង់នៅវត្តសីហរតនារាម ក្នុងទីរួមខេត្តតាកែវ៖ ជនជាតិចិនបានចូលរួមឧបត្ថម្ភវត្ដខ្មែរច្រើនជាងជនជាតិខ្មែរផង។តែពេលខ្លះជនជាតិចិនទាំងនោះហាក់ដូចជាចង់ទាញយក ប្រយោជន៍ពីការជួយនេះ។ ពេលមានបុណ្យសព ជនជាតិចិននិមន្ដព្រះសង្ឃសូត្រធម៌ និងសុំទីធ្លាបរិវេណវត្ដសម្រាប់ធ្វើជាចេតិយនិងប្រាង្គបញ្ចុះសព៕
លីសា