Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញទីតាំងបញ្ចាំទទួលផលចោរកម្ម ហេតុម៉េចសមត្ថកិច្ចមូលដ្ឋានមិនបង្ក្រាប បែរជាទុកឱ្យសមត្ថកិច្ចមកពីឆ្ងាយជាអ្នកបង្ក្រាបទៅវិញ

រាជធានីភ្នំពេញ ÷ កម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមងាផ្ទៃ បានស្រាវជ្រាវឆ្មក់ចូលឆែកឆេរ និងបិទទីតាំងទទួលផលចោរកម្មមួយកន្លែង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែកុម្ភ :ឆ្នាំ២០២៤ ស្ថិតនៅផ្ទះលេខ៩៤ ផ្លូវ១៩២ ក្រុម១០ ភូមិ៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រមូលវត្ថុតាងសម្ភារៈ និងម៉ូតូច្រើនគ្រឿង ខណៈប្រជាពលរដ្ឋអបអរសាទរផង និងរិះគន់ផងថា ហេតុអ្វីសមត្ថកិច្ចមូលដ្ឋានមានអធិការខណ្ឌ និងអភិបាលខណ្ឌ មានទាំងប៉ូលិសប៉ុស្តិរដ្ឋបាលថែមទៀត មិនស៊ើបរកឱ្យឃើញ បែរជាឱ្យសមត្ថកិច្ចនៅឆ្ងាយរកឃើញទៅវិញ គឺកម្លាំងនគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនេះឯង។

សមត្ថកិច្ចបានឱ្យដឹងថា ដោយមានការសម្របសម្រួលពី លោក គីម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានលោក យិន ភាវិន ក្រឡាបញ្ជី បង្កើតគណៈកម្មការមានសមាសភាពច្រើនរូបទៀតចុះបិតទីតាំងខាងលើដែលស្រាវជ្រាវរកឃើញថា បានទទួលទិញផលចោរកម្ម ហើយសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងសម្ភារៈ និងម៉ូតូជាច្រើនគ្រឿងយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធី។

ប្រតិបត្តិការចុះបិទទីតាំងខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងសម្ភារៈ និងម៉ូតូជាច្រើនគ្រឿង, ចំណែកម្ចាស់ទីតាំងកំពុងរត់គេចខ្លួន រីឯទីតាំងត្រូវបានបិទទ្វារជាបណ្ដោះអាសន្ន ចំណែកវត្ថុតាង និងម៉ូតូដែលដកហូតបាន ត្រូវបានយកទៅរក្សារទុករងចាំចាត់ការតាមនិតិវិធី។

សាធារណជនគួរជ្រាបថា ទីតាំងបញ្ចាំមួយចំនួនដែលគ្មានច្បាប់អនុញ្ញាត និងទីតាំងបញ្ចាំខ្លះទៀតដែលហ៊ានទទួលផលចោរកម្ម ( វត្ថុ ឬសម្ភារៈបញ្ចាំគ្មានលិខិតស្នាមឯកសារត្រឹមត្រូវ, ឧទាហរណ៍ ដូចជា ម៉ូតូ អ្នកណាលួចបានមកពីណាពីណី យកមកបញ្ចាំទីនេះ គេក៏ហ៊ានទទួល, ចោប្លន់ ចោរលួច នាំយកម៉ូតូមកបញ្ចាំ គ្មានកាតគ្រី ក្រដាសពន្ធ គ្មានលិខិតទិញ-លក់ពីម្ចាស់ដើម គេក៏ហ៊ានទទួល អាហ្នឹងហើយហៅថាទទួលផលចោរកម្ម) សកម្មភាពបែបនេះ សេវាកម្មបែបនេះ វាបង្កឱ្យកើតមានបទល្មើសជាច្រើន គឺចោរលួច ចោរប្លន់នេះឯង ប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គមជាខ្លាំង។

ប្រជាពលរដ្ឋលើកឡើងថា នៅក្នុងសង្កាត់ទឹកល្អក់៣ ទឹកដីខណ្ឌទួលគោកនេះ សំបូរផ្ទះរកស៊ីបញ្ចាំរបស់របរ ជាពិសេសម៉ូតូច្រើនកន្លែង ហេតុអ្វីសមត្ថកិច្ចមូលដ្ឋាន មាននគរបាលប៉ុស្តិ៍រដ្ឋបាល អធិការរខណ្ឌ និងអភិបាលខណ្ឌ នៅជិតច្រមុះខ្លួន មិនស្រាវជ្រាវរកឱ្យឃើញ ហើយបង្ក្រាបទៅ ម៉េចចាំដល់កម្លាំងសមត្ថកិច្ចនៅឆ្ងាយមកបង្ក្រាបទៅវិញ ឬមួយពួកខ្លួនអសមត្ថភាព?!៕  រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×