ជាការពិតណាស់ ថ្ងៃមង្គលការជាវេលាដ៏សំខាន់មួយ នៅក្នុងមួយឆាកជីវិតរបស់ស្ត្រីគ្រប់ៗរូបចង់បាន ។ ប៉ុន្តែ ប្រសិនអ្វីៗ ជាពិសេសកូនកំលោះអវត្តមាន ឬក៏យឺតយ៉ាវដោយប្រការណាមួយនោះ នៅក្នុងថ្ងៃមង្គលសិរីសួស្តីរបស់ពួកគេ តើអារម្មណ៍របស់នាងនឹងអាប់អួរយ៉ាងណា? ។
ជាក់ស្តែង កូនក្រមុំម្នាក់នៅក្នុងទីក្រុង Xinyu ខេត្ត Jiangxi ប្រទេសចិន បានធ្វើឲ្យមនុស្សជាច្រើនសម្តែងនូវក្តីអាណិតអាសូរជាពន់ពេក ខណៈឃើញនាងស៊ូឈរដោយភាពស្ងៀមស្ងាត់ ក្នុងទឹកមុខស្រពាប់ស្រពោន ស្ថិតក្នុងសម្លៀកបំពាក់កូនក្រមុំយ៉ាងស្រស់ស្អាត រង់ចាំកូនកំលោះដែលមានការយឺតយ៉ាវរបស់នាង ស្ថិតនៅលើខឿនចិញ្ចើមថ្នល់ក្នុងទីក្រុង Xinyu កាលពីថ្ងៃទី០១ កុម្ភៈ កន្លងទៅ ។
យោងតាម CCTVNews បានឲ្យដឹងថា ដោយសារតែថ្ងៃនោះ ជាថ្ងៃបុណ្យជាតិចិន ហេតុនេះ កូនកំលោះរបស់នាងត្រូវជួបប្រទះនឹងការជាប់ស្ទះចរាចរណ៍យ៉ាងខ្លាំង ព្រោះតែវាថ្ងៃមនុស្សម្នាសម្រុកដើរលេងកំសាន្ត ។
បន្ទាប់ពីរូបភាពទាំងនេះ បានរាលដាលនៅលើបណ្តាញសង្គម អ្នកលេងអ៊ីនធើរណេតជាច្រើន បានសម្តែងនូវអារម្មណ៍សោកស្តាយ ចំពោះកូនក្រមុំជាខ្លាំង ដោយនិយាយថា៖ «នារីដ៏ស្រស់ស្អាត នាងមិនគួរណាបន្តរង់ចាំបែបនេះទេ ហើយខ្ញុំសង្ឃឹមថា នាងនឹងមានការជជែកគ្នាប្រកបដោយភាពស្ងប់ស្ងាត់ជាមួយគាត់ណា៎!» ។
អ្នកដទៃទៀត ក៏បានមានឆ្ងល់ផងដែរថា ហេតុអ្វីបានជាពួកគេរៀបចំថ្ងៃមង្គលការចំនឹងថ្ងៃបុណ្យជាតិអីចឹង ។ ម្នាក់ទៀតបានពន្យល់ថា៖ «ជនជាតិចិនត្រូវឈប់សម្រាក ៧ ថ្ងៃ ដើម្បីអបអរសាទរទិវាជាតិ ដូច្នេះ មានមង្គលការជាច្រើននៅក្នុងថ្ងៃនោះ» ។
គួរឲ្យសោកស្តាយ ដែលពុំមានព័ត៌មានណាមួយ Update អំពីដំណើរមកដល់របស់កូនកំលោះទេ ប៉ុន្តែ យើងសង្ឃឹមថា គាត់នឹងធ្វើរឿងនេះបាន ដោយមិនកូនក្រមុំរបស់គាត់ខកបំណងទេ ៕ ចន្ទី (dailypedia)