ភ្នំពេញ ៖ សពស្រ្តីវ័យចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានអ្នកនេសាទប្រទះឃើញអណ្តែលក្បែរច្រាំងទន្លេរួចអូសឡើងមកលើគោក បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៤ ចំណុចខាងក្រោយអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងសង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីបុរសជាអ្នកនេសាទម្នាក់បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយខ្លួនបានបើកទូកដើរនេសាទតាមដងទន្លេ ខណៈពេលបើកមកដល់ចំណុចកើតហេតុក៏ក្រឡេកទៅឃើញសពស្រ្តីវ័យចំណាស់ខាងលើ បានអណ្តែតក្បែរគុំត្រគួនក្រោយមករូបគាត់បានយកខ្សែចងទាញអូសតាមទូកឡើងមកលើគោក ហើយក៏បានរាយការណ៍ទៅមេភូមិ និងសមត្ថកិច្ចចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋានសង្កាត់ច្រាំងចំរះទី២ ចុះមកដល់ពិនិត្យទៅលើសពរួចយកខ្សែហ៊ុំព័ទ្ធ និងទាក់ទងទៅខាងមន្ត្រីជំនាញកោសល្យវិច្ច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះមកពិនិត្យទៅលើសព ក្រោយខាងជំនាញនិនិត្យរួចឃើញថា សពស្លាប់ដោយលង់ទឹកពិតមែន បន្ទាប់មកធ្វើកំណត់ហេតុដឹកសពយកទៅតម្កល់ទុកនៅវត្តទួល រង់ចាំទាក់ទងរកសាច់ញាតតាមក្រោយ ដើម្បីឲ្យមកទទួលយកទទួលបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធដោយ ៖ សាមេត


