Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុនផ្តល់ថវិកា ៨៥៤,៩៥៦ ដុល្លារអាមេរិក សម្រាប់ការអប់រំគ្រូបង្រៀនអប់រំកាយប្រកបដោយគុណភាព និងលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាព

spot_img

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាសរុបចំនួន ៨៥៤,៩៥៦ ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ដោយលោកឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ សម្រាប់អនុវត្តគម្រោងដូចតទៅ៖

១. “គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយដែលមានគុណភាពរយៈពេលបួនឆ្នាំ តាម រយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ឆ្នាំទី២) (ថវិកាជំនួយ ៥៥៣,៩៦៩ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស (HoG)។

នៅក្នុងគម្រោងនេះ អង្គការក្រៅរដ្ឋាភិបាល បេះដូងមាស នឹងអនុវត្តសកម្មភាពមួយចំនួន ដើម្បីកែលម្អ ប្រព័ន្ធគ្រប់គ្រងរបស់គ្រឹះស្ថានឧត្តមសិក្សា ដូចជា បណ្ណាល័យ មជ្ឈមណ្ឌលអន្តរជាតិ ការធានាគុណភាពផ្ទៃ ក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងនិស្សិត ការគាំទ្រអតីតនិស្សិត និងការគ្រប់គ្រងសន្តិសុខ នៅក្នុងវិទ្យា ស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ដោយប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍។ គម្រោង នេះមានគោលបំណងបង្កើតរចនាសម្ព័ន្ធគ្រប់គ្រងប្រកបដោយនិរន្តរភាព ដែលរួមចំណែកក្នុងការអភិវឌ្ឍគ្រូ បង្រៀនអប់រំកាយប្រកបដោយគុណភាព ស្របតាម “ស្តង់ដាគុណភាពអប្បបរមាសម្រាប់ការផ្តល់ការទទួល ស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា (MSAHEI)” នៅក្នុងប្រទេសកម្ពុជា។

២. “ការលើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាព តាមរយៈការធ្វើឱ្យប្រសើរឡើងនូវបរិយាកាស នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី និងការពង្រឹងបណ្តាញទំនាក់ទំនងជាមួយសហគមន៍ក្នុងខេត្តកណ្តាល” (ថវិកា ចំនួន ៣០០,៩៨៧ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន (AAR Japan) នៅក្នុងគម្រោងនេះ សមាគមសម្រាប់ជំនួយ និងសង្គ្រោះនៃប្រទេសជប៉ុន មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងាររបស់ជនមានពិការភាពនៅក្នុងខេត្តកណ្តាល តាមរយៈការធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និងការកសាងបណ្តាញក្នុងចំណោមសហគមន៍មូលដ្ឋា ន។ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងមានសម្ភារៈបរិក្ខារសម្រាប់ជនមានពិការភាព ក៏ដូចជាបំពាក់ដោយសម្ភារៈ និងឧបករណ៍ដែលត្រូវការសម្រាប់ការបណ្តុះបណ្តាល។ លើសពីនេះទៀត បុគ្គលិកនឹងទទួលបានការបណ្តុះបណ្តាលឱ្យយល់ដឹងកាន់តែច្រើនអំពីពិការភាព ដើម្បីឱ្យជនមានពិការអាចសម្រប និងទទួលបានជំនាញដោយរលូនក្នុងកំឡុងពេលដែលពួកគេរៀន។ យើងរំពឹងថាគម្រោងនេះ នឹងរួមចំណែកដល់សង្គមភាវូបនីយកម្ម និងការសម្រេចបាននូវឯករាជ្យភាពសេដ្ឋកិច្ចរបស់ជនមានពិការភាព។

ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៥៤លានដុល្លារអាមេរិក ដល់គម្រោងចំនួន ១៦០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា។

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុននេះថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន ដែលហៅថា “អ៊ុនរ៉េន” បានចាប់ផ្តើមតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ពួកគេនៅក្នុងប្រទេស ឬតំបន់កំពុងអភិវឌ្ឍ។ ក្នុងរយៈពេល២០ឆ្នាំចុង ក្រោយនេះ ស្ថានទូតជប៉ុនបានផ្តល់ជំនួយជាង ១៦០គម្រោង នៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីនេះហើយគម្រោងទាំងនេះបានចូលរួមចំណែកដោយផ្ទាល់ក្នុងការកែលម្អគុណភាពជីវិតរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមសង្កេតឃើញថា នាពេលថ្មី ប្រទេសកម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ា ទោះបីជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។ រដ្ឋាភិបាលជប៉ុន នឹងចូលរួមចំណែកដោះស្រាយបញ្ហានានា ដោយសហការជាមួយអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរបស់ជប៉ុន។

ជាចុងបញ្ចប់នៃការថ្លែងសុន្ទរ ឯកឧត្តមសូមជូនពរឱ្យគម្រោងទាំងពីរ ដែលបានចុះហត្ថលេខានាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានភាព ភាពជោគជ័យនិងសូមឱ្យមិត្តភាពជប៉ុន-កម្ពុជាកាន់តែរីកចម្រើន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×