Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ ករណីរឿងក្រុមហ៊ុន CIC , ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងខិតខំសម្របសម្រួលរកដំណោះស្រាយ ការពារផលប្រយោជន៍របស់អ្នកវិនិយោគ

spot_img

ភ្នំពេញ៖ ពាក់ព័ន្ធនឹងករណីអ្នកឧកញ៉ា គួច ម៉េងលី ស្នើស៊ើបអង្កេតលើក្រុមហ៊ុន CIC រឿងលុយរាប់សិបលានដុល្លារ ឯកឧត្តមជិន ម៉ាលីន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។

ឯកឧត្តមជិន ម៉ាលីន បានថ្លែងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនេះថ្ងៃទី 25 ខែមីនាឆ្នាំ 2024 នេះយ៉ាងដូច្នេះថា” តាមព័ត៌មានដែលទទួលបានពីស្ថាប័នមានសមត្ថកិច្ច, ករណីនេះ ពុំមែនជាដូចជាករណីរឿង ឡេង ចាន់ណា ដែលជាករណីសំណុំរឿងបោកប្រាស់នោះទេ តែករណីរឿងក្រុមហ៊ុន CIC គឺជាក្រុមហ៊ុនដែលមានការចុះបញ្ជីដើម្បីធ្វើការវិនិយោគ, មានក្រុមប្រឹក្សាភិបាលគ្រប់គ្រងច្បាស់លាស់ និងមានស្ថាប័នសមត្ថកិច្ច ត្រួតពិនិត្យកិច្ចការនេះ។ កន្លងមក, តាមអ្វីដែលបានដឹង គឺ ស្ថាប័នមានសមត្ថកិច្ចមានការយកចិត្តទុកដាក់ខ្ពស់ជាប់ជាប្រចាំចំពោះរឿងនេះ និងបានធ្វើការជំហានៗ និងខិតខំសម្របសម្រួលរកដំណោះស្រាយការពារផលប្រយោជន៍របស់អ្នកវិនិយោគតាមច្បាប់។ ដូចនេះ ជាព័ត៌មានមិនពិត ដែលថា អាជ្ញាធរមានសមត្ថិកិច្ចមិនធ្វើការងារលើករណីនេះ។ សូមរង់ចាំមើលអ្វីដែលជាដំណោះស្រាយតាមផ្លូវច្បាប់ក្នុងរឿងនេះ ដោយអាជ្ញាធរ ហើយអ្នកវិនិយោគទាំងឡាយក្នុងក្រុមហ៊ុន CIC គួរខិតខំរកវិធីដោះស្រាយបញ្ហាក្នុងពេលដែលក្រុមហ៊ុនជួបវិបត្តិ។
អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ មេត្តាជ្រាប និងរងចាំតាមដានចំណាត់ការបន្តរបស់អាជ្ញាធរមានសមត្ថកិច្ច”។

អ្នកឧកញ៉ា គួច ម៉េងលី បានសរសេរនៅលើហ្វេសប៊ុករបស់លោកឈ្មោះជា ភាសាអង់គ្លេស Mengly J. Quach នៅថ្ងៃទី២៣ ខែមីនា ដោយផ្ញើជូនអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងអ្នករងផលប៉ះពាល់ ដោយសារក្រុមហ៊ុន ស៊ីអាយស៊ី ភីអិលស៊ី (CIC Plc)។

“ជូនចំពោះអ្នកពាក់ព័ន្ធទាំងអស់ (អ្នករងផលប៉ះពាល់ដោយសារក្រុមហ៊ុន CIC Plc)

មូលនិធិត្រូវតែប្រមូលសងមកវិញ។ ករណីនេះត្រូវតែមានការស៊ើបអង្កេត! ប្រាក់រាប់សិបលានដុល្លារត្រូវបានបាត់បង់ ហើយគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំទាំងនេះ។

ករណីនេះមិនគួរមើលរំលងជាដាច់ខាត ហើយយើងត្រូវតែធ្វើអ្វីមួយ។ សំណុំរឿងព្រហ្មទណ្ឌ គួរតែត្រូវចាប់ផ្ដើម ស៊ើបអង្កេត និងដោយបើកចំហរ។ ប្រាក់ពិបាករកខ្លាំងណាស់ ហើយជនល្មើសត្រូវតែទទួលខុសត្រូវយកមក កាត់ទោសតាមផ្លូវច្បាប់ និងទទួលទោសព្រហ្មទណ្ឌ!

យើងគ្រប់គ្នាត្រូវបន្តតស៊ូឱ្យអស់ពីលទ្ធភាព ដើម្បីតម្លាភាពនិងយុត្តិធម៌។ លទ្ធផលត្រូវតែមាន ដំណោះស្រាយត្រូវតែមាន! ព្រោះថាឧក្រិដ្ឋជននៅតែមានសេរីភាពនៅឡើយ ហើយពួកគេកំពុងរស់នៅក្នុងជីវិតដ៏ឡូយឆាយ និងពោរពេញដោយសេរីភាព។ ប្រជាជនស្លូតត្រង់ជាច្រើនកំពុងរងទុក្ខវេទនា ខូចចិត្ត និងទទួលរងនូវផលអវិជ្ជមានដោយសារតែគម្រោងកេងបន្លំស្រដៀងគ្នានឹង Ponzi ដែលកំពុងតែកើតឡើងនៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាមិនត្រូវបណ្តោយឱ្យមានរឿងបែបនេះកើតឡើងឡើយ ហើយ ប្រជាជនកម្ពុជាយើងក៏មិនត្រូវបាត់បង់ជំនឿជាដាច់ខាត។ ប្រទេសកម្ពុជាមិនអាចបន្តរស់នៅក្រោមការបំពុលបរិយាកាសសង្គម និងភាពមិនប្រក្រតីនានានៃបរិស្ថានសង្គមបែបនេះទៀតឡើយ។ ប្រសិនបើនៅតែបន្តបែបនេះ នោះប្រជាជនយើងនឹងបន្តរងនូវភាពអយុត្តិធម៌ ហើយក៏គ្មានសន្តិភាពក្នុងចិត្តផងដែរ។

ប្រសិនបើរឿងនេះនៅតែបន្តកើតមាន ហើយឧក្រិដ្ឋជនមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់ទេ នោះវានឹងបង្កឱ្យកាន់តែមានភាពច្របូកច្របល់នៅក្នុងសង្គមរបស់យើង ដែលនាំឱ្យឈានទៅរកការបំផ្លិចបំផ្លាញនូវសក្ដានុពលផ្នែកមីក្រូ និងប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទាំងមូល។

ប្រសិនបើយើងទុកឱ្យជនបោកប្រាសមានឱកាសបន្តបំផ្លាញប្រជាជន និង សេដ្ឋកិច្ច នោះប្រទេសកម្ពុជានឹងការខូចខាតយ៉ាងធំនាពេលខាងមុន។ ប្រជាជនក៏នឹងបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ និងទំនុកចិត្តលើសមត្ថភាពដឹកនាំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជាមួយនិងភាពអយុត្តិធម៌ដែលបង្កដោយសេរីពីសំណាក់ជនបោកប្រាស់មួយក្រុមតូចនៅក្នុងសង្គមរបស់យើង។

ប្រសិនបើគ្មានចំណាត់ការណាមួយ ហើយឧក្រិដ្ឋជននូវតែបន្តរស់នៅដោយសេរីបែបនេះ នោះទំនុកចិត្តនឹងត្រូវបាត់បង់ទាំងក្នុងឆាកជាតិ ឆាកអន្តរជាតិ ហើយការវិនិយោគផ្ទាល់ពីបរទេសចូលមកក្នុងប្រទេសរបស់យើងនឹងរិតតែរងផលប៉ះពាល់កាន់តែខ្លាំង។ តោះ! ចូលរួមទាំងអស់គ្នា! សូមចាត់វិធានការនិងបើកការស៊ើបអង្កេតលើរឿងទាំងអស់នេះ។ មិនថា អ្នកមានខ្សែ ឬ អ្នកខ្លាំងប៉ុណ្ណានោះទេ សូមចូលរួមរកយុត្តិធម៌ជូនប្រជាជន រាប់សែននាក់ មុនពេលដែលបទល្មើសនេះរីករាលដាលកក្រើកពេញផ្ទៃប្រទេសរបស់យើង”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
 

spot_img
×