Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាសទី១ ឆ្នាំ២០២៤ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ រឹបអូសគ្រឿងញៀនបានជាង ១តោន

spot_img

រាជធានីភំ្នពេញ ៖ បើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បានឲ្យដឹងថា ៖ មន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន ៖ ១៨១ករណី ឃាត់ខ្លួនជនសង្ស័យ ៥៤៨នាក់ (ស្រី ៣៥នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ១តោន ៧៨៣គ.ក្រ ២០៩.៨៣ក្រាម ស្មើនឹង ៩៥.៦៨% ។ ចំណែកស្នងការដ្ឋាននគរបាល រាជធានី-ខេត្តទាំង២៥ បង្ក្រាបបាន ៖ ១,៦៣១ករណី ឃាត់ខ្លួនជនសង្ស័យ ៣,៩០៣នាក់ (ស្រី២៧០នាក់) ធ្វើការរឹបអូសគ្រឿងញៀនបានចំនួន ៨០គ.ក្រ ៣៩៥.១២ក្រាម ស្មើនឹង ៤.៣២%

នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាយកមន្ទីរ លោកឧត្តមសេនីយ៍ វរសេនីយ៍នាយករងមន្ទីរ និងលោកនាយការិយាល័យទាំង ១១ ការិយាល័យ ចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងខ្លឹមសារ នៃការផ្សព្វផ្សាយ ប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ជំនួសមុខ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏ដូចជាឯកឧត្តមផ្ទាល់ បានណែនាំឲ្យកងកម្លាំងចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងថ្នាក់ដឹកនាំដែលមានវត្តមាននៅទីនេះ ត្រូវអនុវត្តតាមសេចក្តីប្រកាសនេះឲ្យមានប្រសិទ្ធភាព ពិសេសពាក់ព័ន្ធទៅនឹងក្រមសីលធម៌ វិន័យរបស់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តមបន្តថា ទោះបីកងកម្លាំងរបស់យើង បង្រ្កាបបទល្មើសគ្រឿងញៀន ទទួលបានលទ្ធផល ល្អប្រសើរ យ៉ាងណាក៏ដោយ ក៏បញ្ហាគ្រឿងញៀននេះ នៅតែមិនមានសញ្ញាថមថយនៅឡើយ។ ឯកឧត្តម គូសបញ្ជាក់បន្តថា កន្លងទៅថ្មីៗនេះ ឯកឧត្តម បានចូលរួមកិច្ចប្រជុំនៅប្រទេសជិតខាង ផ្អែកតាមរបាយការណ៍គឺថា មិនមានប្រទេសណាមួយដែលបានថមថយនូវបញ្ហាគ្រឿងញៀននេះទេ។ ដូច្នេះកម្ពុជាយើងក៏ជាប្រទេសដែលរងគ្រោះនូវបញ្ហាគ្រឿងញៀននេះផងដែរ ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានសង្កត់ធ្ងន់ចំនួន ២ចំណុច៖ ទី១-សូមឲ្យកងកម្លាំងយើងដកពិសោធន៍ នូវកិច្ចការដែលយើងបង្រ្កាបបានករណីធំៗ គឺត្រូវខិតខំឈ្វេងយល់ និងសិក្សាបន្ថែមទៀត និងទី២-ត្រូវខិតខំព្យាយាមលុបបំបាត់នូវភាពអសកម្ម នូវចំណុចខ្វះខាតដែលយើងបានអនុវត្តកន្លងមក។

ឯកឧត្តម បន្តថា យើងដឹងហើយថា នៅអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានយកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ ដូចនេះយើងទាំងអស់គ្នាត្រូវខិតខំដកពិសោធន៍ល្អៗ ហើយអ្វីដែលខ្វះខាត គឺយើងត្រូវរួម គ្នាខិតខំលុបបំបាត់ឱ្យអស់ កុំឲ្យលុបបំបាត់នូវស្នាដៃដ៏ធំធេងរបស់យើង។ ពិសេសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមយើងជាមន្រ្តីនគរបាលយុត្តិធម៌។ ទន្ទឹមនោះ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ក៏សុំឲ្យបន្តកិច្ចសហការល្អជាមួយស្ថាប័នពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មានប្រសាសន៍គាំទ្រនូវរបាយការណ៍ នៃកិច្ចប្រជុំបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀន ប្រចាំត្រីមាសទី១ សម្រាប់ឆ្នាំ២០២៤ និងផ្សព្វផ្សាយប្រកាសស្តីពីបទវិន័យនគរបាលជាតិកម្ពុជា និងសូមកោតសរសើរ ថ្នាក់ដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលជាលទ្ធផលបង្រ្កាបបានករណីធំៗ ជាច្រើន ដើម្បីចូលរួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសង្គម និងសុខុមាលភាព ជូនប្រជាពលរដ្ឋ។

ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ បានណែនាំបន្ថែមចំនួន៦ចំណុច ៖ ១-ត្រូវគោរពវិន័យ ក្រមសីលធម៌ វិជ្ជាជីវៈ ជាមន្រ្តីនគរបាលជាតិ អនុវត្តឲ្យបានត្រឹមត្រូវតាមជំនាញនីតិវិធី និងច្បាប់ ដើម្បីលុបបំបាត់នូវភាពអវិជ្ជមានក្នុងគោលបំណងបញ្ចៀសការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ។២-ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបគ្មានការលើកលែងចំពោះបទល្មើសគ្រឿងញៀន គ្រប់ប្រភេទ។ ៣-បង្កើនការយកចិត្តទុកដាក់ ការស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាដែលនៅសេសសល់ និងករណីជួញដូរ ចែកចាយ កែច្នៃផលិតនូវសារធាតុញៀន ។ ៤-ហាមបង្ក្រាបករណីតូចតាច ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម គឺទុកឲ្យថ្នាក់ក្រោមជាតិជាអ្នកបង្រ្កាប។ ៥-ផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឱ្យចូលរួមឲ្យបានផុសផុលក្នុងការរាយការណ៍ អំពីបទល្មើសគ្រឿងញៀន ក្នុងគោលបំណងចូលរួមបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន។ ៦-បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដោយបើកវគ្គបណ្តុះបណ្តាលខ្លីៗ លើជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×