Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី សិក្ខាសាលាតម្រង់ទិស និងប្រមូលធាតុចូលដើម្បីរៀបចំ -ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន” នៅកម្ពុជា

spot_img

រាជធានីភ្នំពេញ៖ គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ ក៏ដូចជាក្នុងអាជីពសារព័ត៌មានដែរ សុទ្ធតែមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់ អ្នកប្រកបអាជីពនោះប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ភាពស្របច្បាប់ និងភាពសុច្ចរឹតក្នុងសង្គម។ នៅកម្ពុជា ភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្មក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារ ព័ត៌មានបានកើតមានឡើង មូលហេតុដោយសារគេបានកត់សម្គាល់ឃើញមានគំនិត និងការប្រកាន់យកជំហរផ្សេងៗ តែរៀងៗខ្លួន ពីអង្គភាពសារព័ត៌មានមួយទៅអង្គភាពសារព័ត៌មានមួយ និងពីសមាគមមួយទៅសមាគមមួយទៀត។ ការណ៍នេះទាមទារឱ្យប្រទេសកម្ពុជាចាំបាច់រៀបចំឡើងនូវគោលការណ៍រួមស្តីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន សម្រាប់ តួអង្គពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដើម្បីលើកកម្ពស់គុណតម្លៃគោលការណ៍គ្រឹះនៃវិជ្ជាជីវៈសារព័ត៌មាន។ ភាពចាំបាច់ នេះទៀតសោតបានកើតឡើងស្របពេលដែលសង្គមកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងការវិវត្តឥតឈប់ឈរនៃ បច្ចេកវិទ្យាទំនើប ដែលរាជរដ្ឋាភិបាល ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ដើម្បីគ្រប់គ្រងឱ្យ មានប្រសិទ្ធភាពស្របតាមសម័យកាល។ ដូច្នេះ ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងតម្រូវការចាំបាច់នេះ ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌការលើកកម្ពស់ គុណភាព សីលធម៌ និងតម្លៃវិជ្ជាជីវៈសម្រាប់អាជីពសារព័ត៌មាននៅកម្ពុជា។ អ្នកចូលរួមសរុបចំនួន៣២៥នាក់ មានសមាសភាព ជាអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយទំនើប ដែលបានអញ្ជើញមកពីអង្គភាពសារ ព័ត៌មាន សមាគមសារព័ត៌មានក្នុងប្រទេសកម្ពុជា ព្រមទាំងមន្ត្រីទទួលបន្ទុកព័ត៌មានពីស្ថាប័នផ្សេងទៀត។

ប្រព្រឹត្តទៅក្រោមអធិបតី និងការដឹកនាំសម្របសម្រួលដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន សិក្ខាសាលានេះត្រូវបានកត់ត្រាទុកជាប្រព្រឹត្តិការណ៍លើកដំបូងហើយសម្រាប់កិច្ចប្រជុំប្រភេទនេះ ដើម្បីផ្តល់ ឱកាសដល់អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកចូលរួមទាំងអស់ ក្នុងការបញ្ចេញគំនិត យោបល់របស់ខ្លួន ក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានដើម្បីឈានទៅរៀបចំ «ធម្មនុញ្ញវិជ្ជាជីវៈ សារព័ត៌មាន» រួមមួយនៅកម្ពុជា។ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ក្រោយពេលត្រូវបានបង្កើតឡើងហើយ នឹងក្លាយទៅជា ស្តង់ដាប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈរបស់ជាតិសម្រាប់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់គោរព និងប្រតិបត្តិតាម សំដៅបន្តរួម ចំណែកអភិវឌ្ឍន៍ឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការបន្តផ្តល់បរិយាកាសអំណោយផល សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ នូវសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ នៅកម្ពុជា។

ថ្លែងក្នុងសិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍អំពីសារៈសំខាន់នៃការផ្តួចផ្តើមក្នុងការបង្កើត ឡើងនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានថា ធម្មនុញ្ញនេះនឹងរួមចំណែកគាំទ្រការលើកកម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជាតាមរយៈការពង្រឹងគុណភាពនិងសមត្ថភាពជំនាញ ពង្រឹងការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា ក្រោយធម្មនុញ្ញសារព័ត៌មាននេះត្រូវបានបង្កើតឡើង និងប្រកាសដាក់ឱ្យប្រើប្រាស់ហើយ អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀត អាចយកធម្មនុញ្ញនេះជាមូលដ្ឋានក្នុងការរៀបចំក្រមសីលធម៌សម្រាប់អង្គភាព សមាគម និងស្ថាប័នរបស់ខ្លួនផ្ទាល់ សម្រាប់ ឱ្យសមាជិកគោរព និងអនុវត្តតាម។ ក្នុងន័យនេះ ធម្មនុញ្ញនេះផ្តល់ជាមូលដ្ឋានគ្រឹះ វិធានសំខាន់ៗ និងជាស្តង់ដាអប្បបរមា ដើម្បីតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ជាជំហររួម សិក្ខាសាលាទាំងមូលគាំទ្រការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ ដើម្បីឱ្យមានការអនុវត្តស្តង់ដា នៅកម្ពុជា។ ក្រសួងព័ត៌មានបានផ្តល់ក្រដាសស ដើម្បីស្នើឱ្យអ្នកសារព័ត៌មានសរសេរលើកឡើងនូវអ្វីដែលខ្លួនយល់ថាអ្នក កាសែតចាំបាច់ត្រូវមានក្រមសីលធម៌ និងត្រូវទទួលនូវការការពារបែបណា។ ជាលទ្ធផល សិក្ខាសាលាបានផ្តល់ឱកាសល្អ សម្រាប់អ្នកចូលរួមទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមពីបទឧទ្ទេសនាមដ៏ក្បោះក្បាយរបស់ ឯកឧត្តម នេត្រ ភក្ត្រា ក្នុងក្របខណ្ឌនៃការតម្រង់ទិសលើការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដោយអ្នកចូលរួមទាំងអស់បានស្តាប់នូវការ អត្ថាធិប្បាយស៊ីជម្រៅ និងបានយល់កាន់តែច្បាស់បន្ថែមទៀតនូវទំនួលខុសត្រូវធំៗក្នុងនាមជាអ្នកសារព័ត៌មាន ចំណុច សំខាន់ៗដែលអ្នកសារព័ត៌មានទាំងអស់ត្រូវប្រកាន់ខ្ជាប់ ក៏ដូចជាចំណុចសំខាន់ៗផ្សេងទៀតដែលអ្នកសារព័ត៌មានមិនត្រូវ ធ្វើឡើយក្នុងការប្រកបអាជីព និងអនុវត្តសកម្មភាពការងាររបស់ខ្លួនប្រចាំថ្ងៃ។ ពិសេសជាងនេះទៀត សមាជិកនៃអង្គ សិក្ខាសាលាបានចូលរួមយ៉ាងផុលផុសក្នុងការផ្តល់ជាសំឡេងបញ្ចេញគំនិត មតិយោបល់ ដើម្បីផ្តល់ជាធាតុចូលក្នុងការ រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយ សម្រាប់ភាគីពាក់ព័ន្ធទាំងអស់អាចយកទៅអនុវត្តបានទាំងអស់គ្នា ក្នុងគោលបំណង រួមចំណែកលើកតម្កើងតម្លៃវិជ្ជាជីវៈសារព័ត៌មាន និងអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជាឱ្យកាន់រីកចម្រើនឡើងថែមទៀត។ បន្ទាប់ពីសិក្ខាសាលានេះ ក្រសួងព័ត៌មាននឹងប្រមូលរាល់ធាតុចូលទាំងអស់ដែលទទួលបានពីអ្នកចូលរួម ដើម្បីតាក់តែង ជាសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន សម្រាប់ក្រសួងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាបន្ត បន្ទាប់ទៀត មុននឹងអាចឈានដល់ការអនុម័តជារួម លើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានរួមមួយសម្រាប់អនុវត្ត។

ការរៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាកិច្ចការអាទិភាពចម្បងក្នុងចំណោមបេសកកម្មសំខាន់ៗរបស់ក្រសួ ព័ត៌មានក្នុងអាណត្តិទី៧នេះ សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន កសាងបន្ថែម និងថែរក្សា ទំនុកចិត្តរបស់ប្រជាជន និងសង្គមជាតិទាំងមូលមកលើវិស័យព័ត៌មានកម្ពុជា។ កិច្ចការនេះចាំបាច់ត្រូវមានការចូលរួម ពីភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន និងជាពិសេសគឺអ្នកសារព័ត៌មានតែម្តង ដែលសិក្ខាសាលានាពេលនេះជាសក្ខីភាព ស្រាប់។ ជាការពិត ការគោរពក្រមសីលធម៌វិជ្ជាជីវៈ ក៏ដូចជាការគោរពលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងទៀតមាន ភាពចាំបាច់ណាស់ សម្រាប់ឱ្យវិស័យព័ត៌មានកម្ពុជាកាន់តែមានការរីកចម្រើនឡើង និងអាចក្លាយជាគំរូក្នុងតំបន់។ ហេតុដូច្នេះ ការគោរព និងអនុវត្តក្រមសីលធម៌ ជាកាតព្វកិច្ចដែលផ្សារភ្ជាប់ជាមួយនឹងសិទ្ធិ ក្នុងការធានាសណ្តាប់ធ្នាប់ វិន័យការងារ ភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ដោយប្រកាន់ខ្ជាប់ឧត្តមប្រយោជន៍ជាតិ ផ្សព្វផ្សាយការពិតពេញលេញ ជៀសវាងការបង្កព្យសនកម្ម និងចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីបន្តលើកកម្ពស់ និងការពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់បងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានសារៈសំខាន់ និងបានលើកទឹកចិត្តឱ្យបន្តគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈ និងកសាងជំនឿទុកចិត្តរបស់ពលរដ្ឋ ផ្តល់ព័ត៌មានពិត និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×