បន្ទាយមានជ័យ ៖ មណ្ឌលជីវិតថ្មីភ្នំបាក់បានព្យាបាលជនរងគ្រោះ ដោយសារគ្រឿងញៀន តាមរយៈការធ្វើចលនាលំហាត់ប្រាណ អប់រំចិត្តសាស្រ្ត ធ្វើពលកម្ម អនាម័យ លេងកីឡា ហើយបានព្យាបាលនិងស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនថ្នាំ ដែលបានជាសះស្បើយជាង៤៧០០នាក់ ក្នុងនោះស្ត្រី៣០១នាក់។
នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថាប័នត្រួតពិនិត្យគ្រឿងញៀនកម្ពុជា-ថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ ជ័យ បុប្ផា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប៉ាស្កន វានិចស៊ីរី និងលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានទស្សនាមណ្ឌលព្យាបាលអ្នកញៀនជិវិតថ្មីភ្នំបាក់ ដែលគ្រប់គ្រងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះ លោក ភា មានិត អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងជាតំណាងគណៈគ្រប់គ្រងមណ្ឌលបានប្រសាសន៍ថា មកទល់បច្ចុប្បន្នបានព្យាបាលនិងស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនដែលបានជាសះស្បើយបានជាង៤៧០០នាក់ក្នុងនោះស្ត្រី៣០១នាក់ហើយ។
លោក អ៊ុំ រាត្រី អភិបាលរងខេតត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានថ្លែងថា មណ្ឌលជីវិតថ្មីភ្នំបាក់បានព្យាបាលជនរងគ្រោះដោយសារគ្រឿងញៀន តាមរយៈការធ្វើចលនាលំហាត់ប្រាណ អប់រំចិត្តសាស្ត្រ ធ្វើពលកម្ម អនាម័យ លេងកីឡា និងបណ្តុះបណ្តាលវិជ្ជាជីវៈ កសិកម្ម ចិញ្ចឹមមាន់ ដាំបន្លែ ចឹញ្ចឹមត្រី កង្កែប ជ្រូក កែច្នៃផ្លែឈើ កាត់ដេរក្រណាត់ជូតជើង និងកម្រាលជូតជើង ។
ជាមួយគ្នានេះ លោក ប៉ាស្កន វានិចស៊ីរី បានថ្លែងនូវកោតសរសើរដល់គណៈគ្រប់គ្រងមណ្ឌល និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដែលបានខិតខំធ្វើការអភិវឌ្ឍខ្លួន ដើរទៅមុខក្នុងការផ្តល់សេវាព្យាបាល អ្នកញៀនគ្រឿងញៀន ឲ្យបានជាសះស្បើយ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍មូលដ្ឋានវិញ ក្លាយជាពលរដ្ឋល្អ ចូលរួមកសាងប្រទេសជាតិ៕ ដោយ ៖ បញ្ញាស័ក្តិ