ខេត្តពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅចុងសប្តាហ៍កន្លងទៅនេះ បានចុះពង្រឹងកងកម្លាំងទាំង១០គោលដៅ ដែលបាននិងកំពុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ និងបាននាំកយគ្រឿងឧបភោគ បរិភោគព្រមទាំថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងទាំងនោះផងដែរ។
លោក ខូយ រីដា សូមឲ្យកងកម្លាំងទាំងអស់ ខិតខំអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
ក្នុងយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ហើយក្នុងកិច្ចប្រតិបត្តិការនេះ ទាំងកម្លាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មិនដកថយឡើយ ដរាបណាយើងគ្រប់គ្រងទប់ស្កាត់ការពារ បានទាំងស្រុងនូវសម្បត្តិធនធានធម្មជាតិនោះ។ ហើយជាបន្តយើងត្រូវអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានយល់បានដឹង អំពីទោសបញ្ញាតិនៃច្បាប់ស្តីពីព្រៃឈើផងដែរ។
លោកអភិបាលខេត្ត បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការកន្លងមកជាលទ្ធផលយើងបានឃ្លុំដី សរុបចំនួន៣៩.៥០៧ហិកតា កសាងផែនទីជូនទៅក្រសួងបរិស្ថាន សម្រាប់កំណត់ភូមិសាស្ត្រស្តាព្រៃឈើឡើងវិញ និងបានឃុំខ្លួនជនល្មើសចំនួន១៤នាក់ អប់រំប្រជាពលរដ្ឋបាន៥១នាក់ និងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនល្មើស បានមួយចំនួនទៀត ដើម្បីចាត់ការតាមផ្លូវច្បាប់ដោយមិនលើកលែង។ ទាំងនេះគឺផ្តើមចេញពីការខិតខំប្រឹងប្រែងរបស់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងស្មារតីនិងឆន្ទ:មោះមុត ទទួលខុសត្រូវខ្ពស់ ចំពោះប្រមុខរាជរដ្ឋាភិបាល បើទោះបីឆ្លងកាត់ឧបសគ្គស្មុកស្មាញ យ៉ាងណាក៏ដោយដើម្បីការពារសម្បត្តិធនធានធម្មជាតិទាំងនោះ ដូចដែលយើងបានដឹងហើយថា ខេត្តពោធិ៍សាត់ជាខេត្តធុងអាគុយ បើអស់ព្រៃឈើអស់ទឹកភ្លៀង ប្រៀបដូចអាគុយអស់ទឹកអាស៊ីតអញ្ចឹងដែរ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានគ្របដណ្តប់លើភូមិសាស្ត្រមួយចំនួនធំ ហើយនោះលោកអភិបាលខេត្តបានបង្រួមពី១០ក្រុម មកត្រឹម៦ក្រុមវិញ និងបន្តឈរជើង ចល័តល្បាតជាប្រចាំទៅតាមគោលដៅនីមួយៗ តំឡើងផែនទី ផ្ទាំងប៉ាណូសម្គាល់ទីតាំងដីដែលបានឃ្លុំទុកដើម្បីស្តាព្រៃឈើឡើងវិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








