Wednesday, May 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ជំរុញឲ្យមន្រ្តីជំនាញស៊ើបអង្កេត បង្រ្កាប ប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទ លើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត

រាជធានីភំ្នពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាជាតិ បានថ្លែងថា ស្ថិតក្នុងពេលបច្ចុប្បន្ននេះ បទល្មើសពាក់ព័ន្ធការបំពានផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ដូចច្នេះទាមទាឲ្យសមត្ថិកិច្ចត្រូវមានជំនាញច្បាល់លាស់ មានសមត្ថភាពគ្រប់គ្រាន់ ទៅលើការស៊ើបអង្កេត ការអនុវត្តនីតិវិធី ដើម្បីឆ្លើយតមទៅនិងបទល្មើសទាំងនេះ ទី១-ត្រូវយល់ដឹងអំពីច្បាប់ជាតិ និងច្បាប់អន្តរជាតិ នេះគឺជាការចាំបាច់, ទី២-ទាក់ទងនិងនីតិវិធី នៃការស៊ើបអង្កេត ធ្វើយ៉ាងណាត្រូវស្របទៅតាមច្បាប់ និងទី៣-ត្រូវយល់ដឹងពីបច្ចេកទេស ដើម្បីប្រមូលភស្តុតាង ប្រមូលព័ត៌មាន និងការកំណត់អត្តសញ្ញាណជនរងគ្រោះជាកុមារ និងអត្តសញ្ញាណជនល្មើស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍យ៉ាងដូច្នេះ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងទេសចរណ៍ផ្លូវភេទ និងការជួញដូរផ្លូវភេទលើអនីតិជន តាមប្រព័ន្ធអ៊ីនធើណេត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សុខ សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងលោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ តំណាងលោកស្រី Nathalie CARLER មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្តិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេសកម្ពុជា-វៀតណាម-ឡាវ ព្រមទាំងសិក្ខាកាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តចំនួន៥។

បន្ទាប់ពីលោកស្រី (ស្តេហ្វានី ឡង់តាំង) Stéphanie LANTIN គ្រូបង្គោលជំនាញប្រឆាំងការជួញដូរផ្លូវភេទអនីតិជនតាមប្រព័ន្ធអនឡាញ នៃនាយកដ្ឋាននគរបាលយុត្តិធម៌ មានប្រសាសន៍រួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ និងចាំបាច់សម្រាប់មន្ត្រីនគរបាលជំនាញពាក់ព័ន្ធយកចំណេះដឹង បទពិសោធន៍ ក៏ដូចជាច្បាប់ជាតិ និងអន្តរជាតិ ដែលបានចែករំលែកឲ្យគ្នាទៅវិញទៅមក ក៏ដូចជាបទពិសោធន៍យកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួន ជាពិសេសក្នុងការងារមូលដ្ឋាន និងតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងគោលបំណងដើម្បីការពារដល់កុមារគ្រប់រូបដែលងាយរងគ្រោះ ពាក់ព័ន្ធការបំពានផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងដោយផ្ទាល់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ក៏បានផ្តាំផ្ញើដល់សិក្ខាកាមចំនួនចំណុចរួមមាន ៖ សូមយកបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាល យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយទទួលខុសត្រូវ ។ ត្រូវយកចំណេះដឹងបទពិសោធន៍ ទៅចែករំលែកដល់សហការីរបស់ខ្លួន ។ ត្រូវបង្កើនសមត្ថភាពផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍន៍ខ្លួនឲ្យមានចំណេះដឹង ជំនាញច្បាស់លាស់ថែមទៀត ។ ត្រូវបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចបរទេសដែលពាក់ព័ន្ធ ជាពិសេសសមត្ថកិច្ចបារាំងតែម្ដង ។

សូមជម្រាបថា សិក្ខាសាលានេះ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដែលមានសិក្ខាមចំនួន២០រូប មកពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល, ខេត្តព្រះសីហនុ, ខេត្តក្រចេះ, ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×