Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពអ្នកនាំពាក្យរាជរដ្ឋភិបាល ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី

spot_img

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

១. សេចក្តីព្រាងអនុក្រឹត្យស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្ដីព្រាង
ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

គោលការណ៍ណែនាំនេះ ត្រូវបានដាក់ឱ្យអនុវត្តដោយសារាចររបស់រាជរដ្ឋាភិបាលលេខ ០៣ សរ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបង្កលក្ខណៈងាយស្រួលក្នុងការ រៀបចំ ព្រមទាំងធានាឱ្យបាននូវការឯកភាព សង្គតិភាព លើទម្រង់និងខ្លឹមសារក្នុងការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ប៉ុន្តែ គោលការណ៍ណែនាំដែលបានអនុវត្តក្នុងរយៈពេលជាង១០ឆ្នាំកន្លង មកនេះ នៅមានចំណុចខ្វះខាតមួយចំនួនដោយជៀសពុំរួច លើទិដ្ឋភាពទម្រង់នៃការតាក់តែង និងមានបញ្ញត្តិខ្លះ លែងមានសុពលភាពអនុវត្តតាមវឌ្ឍនភាពសង្គម ដែលតម្រូវឱ្យមានការគិតគូរពិនិត្យ និងរៀបចំធ្វើការកែសម្រួល ឡើងវិញក្នុងគោលបំណង ធានាបាននូវឯកភាព និងភាពចាំបាច់ ព្រមទាំងធ្វើឱ្យប្រសើរឡើងថែមទៀតលើការ តាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពិសេសដើម្បីលើកកម្ពស់ប្រសិទ្ធភាព, សង្គតិភាព និង អនុលោមភាព នៃការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងសេចក្តីត្រូវការ នានារបស់សង្គមជាតិ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

គោលការណ៍ណែនាំនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់គ្រប់ក្រសួងស្ថាប័ន ទាំងអស់របស់រាជរដ្ឋាភិបាល យកទៅប្រើប្រាស់ សំដៅធានាថា រាល់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីបាន រៀបចំតាក់តែង និងប្រកាសដាក់ឱ្យអនុវត្ត មានគុណភាព, ប្រសិទ្ធភាព, សង្គតិភាព, អនុភាព, សាមញ្ញភាព និងចីរភាព ព្រមទាំងសន្តិសុខគតិយុត្ត។ ការរៀបចំគោលការណ៍ណែនាំថ្មីនេះ មានគំរូទម្រង់ច្បាប់និងលិខិត បទដ្ឋានគតិយុត្តផ្សេងទៀតចំនួន ៧៣ គំរូទម្រង់ បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានតចំនួន ៤២គំរូ ទម្រង់ប៉ុណ្ណោះ ហើយគោលការណ៍ណែនាំនេះ ក្រុមការងារជំនាញពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យនិង កែសម្រួលសរុបចំនួន ២៥លើក ចាប់តាំងពីឆ្នាំ២០១៩ មក។

ដោយហេតុថា សេចក្តីព្រាងអនុក្រឹត្យនេះមានសារសំខាន់សម្រាប់ការអនុវត្តជាទូទៅ ក្រោយពីពិភាក្សា រួចមក សម្ដេចធិបតី បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយក្រសួងយុត្តិធម៌ ពិនិត្យនិងកែសម្រួលជាលើកចុងក្រោយដើម្បីធានាសង្គតិភាព មុននឹងបញ្ចូនត្រង់ទៅកាន់ សម្ដេចធិបតី ផ្ទាល់ ដើម្បីសម្រេចចេញអនុក្រឹត្យដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។

២. អនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
អនុក្រឹត្យនេះមាន ១៧ជំពូក និង៧១មាត្រា ធ្វើឡើងក្នុងគោលដៅចូលរួមអនុវត្តកំណែទម្រង់មុខងារ សាធារណៈ ដោយបានធ្វើការវិភាគមុខងារបែបស៊ីជម្រៅតាមស្មារតីនៃការធ្វើវិចារណកម្ម ដោយបានកាត់ចោល
មុខងារត្រួតស៊ីគ្នាក្នុងការអនុវត្តភារកិច្ច និងបានកែសម្រួលរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់ វិស័យអប់រំ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការវិភាគ មុខងារ និងការកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រងក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានធ្វើឡើង ក្នុងគោលបំណង៖ ១). អនុវត្តកំណែទម្រង់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាព, ២). អនុវត្តតាមផែនការកំណែទម្រង់មុខងារ សាធារណៈ, ៣), ធ្វើបច្ចុប្បន្នកម្មមុខងារឱ្យសមស្របទៅនឹងស្ថានភាពនៃវិស័យអប់រំក្នុងយុគសម័យឌីជីថល, ៤). បណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន, ៥). បន្តអនុវត្តកំណែទម្រង់វិស័យកីឡា, ៦). អនុវត្តគោល នយោបាយស្តីពី វិមជ្ឈការ និងវិសហមជ្ឈការ ៧). អនុវត្តកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ថវិកាផ្សារភ្ជាប់សមិទ្ធកម្ម និង៨). រៀបចំផែនការអភិវឌ្ឍធនធានមនុស្ស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ន និង សមត្ថភាពមន្ត្រីរាជការ ក្នុងគោលដៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។

អនុក្រឹត្យនេះ បានដាក់ប្រជុំកម្រិតបច្ចេកទេសជាមួយក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយបានកែសម្រួល ខ្លឹមសារមួយចំនួន និងត្រូវបានដាក់ប្រជុំឆ្លងអន្តរក្រសួងលើសេចក្តីព្រាងចុងក្រោយ នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដោយបានពិនិត្យលើទម្រង់ និងខ្លឹមសារ ចាប់ពីចំណងជើងរហូតដល់ ចំណុចបញ្ចប់។
ក្រោយពីពិភាក្សារួច អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានសម្រេចអនុម័តយល់ព្រមលើសេចក្តី កោះពោងអនុក្រឹត្យនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×