នេះជាខណៈពេលដ៏ស្លុតរន្ធត់ជួសមួយ ដែលក្មេងស្រីម្នាក់មានអាយុទើបតែ ៥ ឆ្នាំ ត្រូវបានប្រទះឃើញបើកម៉ូតូយ៉ាងឡូយ ខណៈឪពុកម្តាយ និងប្អូនស្រីតូចម្នាក់របស់នាង អង្គុយនៅពីខាងក្រោយយ៉ាងរីករាយក្រៃ ដោយពុំខ្វល់ពីគ្រោះថ្នាក់អាចកើតឡើងឡើយ ។
អ្នកដំណើរនៃរថយន្តធ្វើដំណើរស្របទិសក្បែរនោះ ដែលមានការហួសចិត្តជាខ្លាំង បានថតវីដេអូនៃហេតុការណ៍នេះ ដែលបានកើតឡើងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា ។
គ្រួសារនេះថែមទាំងបានបង្ហាញស្នាមញញឹម ពោរពេញដោយមោទនភាពបំផុត ខណៈពួកគេបានឃើញអ្នកដំណើរថតពួកគេ ប៉ុន្តែ ទោះយ៉ាងណា ក្មេងស្រីនោះនៅតែរក្សាគ្រប់គ្រងតួនាទីរបស់នាង ដោយភ្នែកសម្លឹងមើលផ្លូវ និងដៃកាន់ចង្កូតម៉ូតូយ៉ាងម៉ឺងម៉ាត់ ។
ទោះយ៉ាងណា អ្នកលេងអ៊ីនធើរណេតជាច្រើន ពុំបានពេញចិត្តនឹងសកម្មភាពនេះទេ និងរិះគន់ចំពោះឪពុកម្តាយរបស់ក្មេងស្រីនេះយ៉ាងខ្លាំង ដែលបានដាក់ខ្លួនរបស់ពួកគេ និងអ្នកបើកបរដទៃ ទៅក្នុងហានិភ័យគ្រោះថ្នាក់បែបនេះ ។
មនុស្សម្នាក់និយាយថា៖ «មនុស្សប្រភេទនេះ មិនគួរអនុញ្ញាតឲ្យបើកបរនៅលើដងផ្លូវនោះឡើយ ។ នាយកដ្ឋានចរាចរណ៍ គួរតែលុបចោលប័ណ្ណបើកបរគ្រួសារនេះទាំងមូល» ។
នាយកដ្ឋានចរាចរណ៍បានឆ្លើយតបភ្លាមៗ ហើយប៉ូលីសក៏បានចាត់វិធានការប្រឆាំងនឹងឪពុករបស់ក្មេងស្រីនោះដែលមានឈ្មោះ Shibu Francis អាយុ ៣៨ ឆ្នាំ ។
នៅទីបំផុត សិទ្ធិបើកបររបស់ Shibu ត្រូវបានផ្អាក១ឆ្នាំ ដោយការិយាល័យដឹកជញ្ជូនតំបន់ (RTO) ៕ ចន្ទី ( Dailymail)