Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានជំនឿមុតមាំថា រដ្ឋសភាកម្ពុជាក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយសភាអឺរ៉ុប

spot_img

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ បានសម្តែងការអបអរសាទរដែល សម្តេចរដ្ឋសភាធិបតី ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា និងជាស្រ្តីទី១នៅកម្ពុជា ដែលទទួលបានតំណែងដ៏សំខាន់នេះ។ ឯកឧត្តមបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយសភាអឺរ៉ុបកាន់តែខ្លំាងក្លានិងស៊ីជម្រៅថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជននិងប្រទេសជាតិទំាងសងខាង។
ឯកឧត្តមបានជម្រាប សម្តេចប្រធានរដ្ឋសភា ថា នៅខែមិថុនាខាងមុខនេះ អឺរ៉ុបនឹងបោះឆ្នោតជ្រើសតំាងសមាជិកសភាអាណត្តិថ្មី ដូច្នេះឯកឧត្តមសង្ឃឹមថា សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជានឹងមានកិច្ចសហប្រតិបត្តិការគ្នាកាន់តែល្អប្រសើរ និងស៊ីជម្រៅ។ ឯកឧត្តមក៏បានលើកឡើងពីតួនាទីសំខាន់ៗរបស់រដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ដោយសារសមាជិកសភាត្រូវបានជ្រើសរើសដោយផ្ទាល់ពីប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានក្តីសោមនស្សរីករាយ បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ និងសហការី ដែលបានអញ្ជើញមកកាន់វិមានរដ្ឋសភា។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុបដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ រួមចំណែកដ៏សំខាន់និងមានតម្លៃដល់ការស្តារ កសាងសុខសន្ដិភាព និងអភិវឌ្ឍប្រទេសកម្ពុជា នាពេលកន្លងមក រហូតដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហភាពអឺរ៉ុប ដែលបានគាំទ្រផែនការ “យុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា” ឆ្នាំ ២០២១ ដល់ ២០២៧ ដែលមានទឹកប្រាក់សរុបចំនួន ១៥៥លានអឺរ៉ូ ដោយផ្ដោតសំខាន់លើការអភិវឌ្ឍបៃតង និងការងារបៃតង ការអភិវឌ្ឍវិស័យអប់រំនិងជំនាញ ព្រមទាំងអភិបាលកិច្ច។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជា និងសហភាពអឺរ៉ុបមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក ហើយទំនាក់ទំនងមានភាពល្អប្រសើរ ផ្អែកលើការគោរពគ្នា ជឿជាក់គ្នា និងយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងបើកទ្វារចំហជានិច្ចដើម្បីជួបពិភាក្សានិងធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតអឺរ៉ុប ក៏ដូចជាជំនួបរវាងគណៈកម្មការជំនាញនានារបស់សភាអឺរ៉ុបនិងរដ្ឋសភាកម្ពុជា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍ និងការពូនជ្រំ លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផលប្រយោជន៍រួមទំាងសងខាង។

បន្ថែមនេះទៀត សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ពីតួនាទីកម្ពុជា ដែលជាសមាជិកដ៏សកម្មមួយ ទាំងនៅក្នុងក្របខណ្ឌអាស៊ាន និងក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយក៏ជាសមាជិក នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP)ផងដែរ។ ដូចនេះ កម្ពុជាអាចដើរតួនាទីជាស្ពានមួយ ក្នុងការតភ្ជាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អឺរ៉ុប អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

ជំនួបពិភាក្សានាឱកាសនេះ បានប្រព្រឹត្តទៅដោយបើកចំហនិងក្នុងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានលើកឡើងពីបញ្ហាប្រឈមសកល នៅក្នុងបរិបទដែលកំពុងប្រឈមនឹងជម្លោះ ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ព្រមទំាងការប្រឈមបញ្ហាសុខភាពសាធារណៈ ការប្រែប្រួលអាកាសធាតុនិងការរាតត្បាតជំងឺឆ្លងនានា។ ភាគីទំាងពីរបានវាយតម្លៃខ្ពស់ថា ស្ថិតនៅក្នុងបរិបទស្មុគស្មាញនេះ ការពង្រឹងប្រព័ន្ធពហុនិយមដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិជាការចាំបាច់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើដល់សហភាពអឺរ៉ុបបន្តគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាដូចជាវិស័យកសិកម្ម ការអប់រំ សុខាភិបាល ការលើកកម្ពស់សមភាពយេនឌ័រ ការកសាងធនធានមនុស្ស ការវិនិយោគ និងទេសចរណ៍ ជាដើម។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋសភាទៅជារដ្ឋសភាឌីជីថល ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
បន្ថែមពីនេះ សម្តេចបានជម្រាបឯកឧត្តមឯកអគ្គរដ្ឋទូតថា នៅក្នុងចំណោមគណៈកម្មការទាំង១០របស់រដ្ឋសភា មានគណៈកម្មការមួយទទួលបន្ទុកវិស័យសិទ្ធិមនុស្ស ដែលនេះជាប្រការល្អមួយ នៅក្នុងការចូលរួមចំណែកដោះស្រាយសំណូមពរពលរដ្ឋ។ នៅសភាបណ្តាប្រទេសជាច្រើននៅលើសកលលោក មិនមានគណៈកម្មការសិទ្ធិមនុស្សដូចកម្ពុជានេះទេ។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា កម្ពុជាគំាទ្រ គម្រោងច្រកទ្វារសកល(Global Gateway) ដែលផ្តោតលើ “ការអប់រំបៃតង និងការងារឌីជីថល”នឹងទាក់ទាញការវិនិយោគដែលជួយឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសរីកចម្រើន និងជាប្រយោជន៍ដល់យុវជនកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×