Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទវិចារណកថា ÷ តើពួកគេចង់ធ្វើជាសមត្ថកិច្ចបែបភ្លើងចន្លុះ ឬក៏ធ្វើជា សមត្ថកិច្ចពេញសមត្ថភាព តាមផ្លូវច្បាប់ ?!

រាជធានីភ្នំពេញ ÷ ចន្លុះ ទាល់តែយើងឆ្កៀលវាបន្តិច ទើបភ្លឺឡើងវិញ… នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង នគរបាលរាជធានីភ្នំពេញ បានចាប់ផ្តើមចេញល្បាតត្រួតពិនិត្យពង្រឹងការងារសន្តិសុខ នៅគ្រប់គោលដៅមានហានិភ័យកើតបទល្មើស ដើម្បីបង្ការ និងបង្រ្កាបក្មេងទំនើង។

បានជាគេនិយាយថា ចន្លុះ ទាល់តែយើងឆ្កៀលវាបន្តិច ទើបភ្លឺឡើងវិញ… គឺមានន័យថា សកម្មភាពចោរកម្ម អំពើហិង្សា កាប់ចាក់ ក្មេងទំនើង ។ល។ គឺដល់ថ្នាក់នសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងអំពីបញ្ហានេះ ដាក់បញ្ជាទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធររាជធានី-ខេត្ត ទើបម្នាក់ៗស្ទុះស្ទាស្រវេស្រវា ចាប់កាន់ការងារបង្ក្រាបបទល្មើសឡើងវិញ, ចុះហេតុអ្វីមុនពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់បញ្ជា ម្ដេចក៏អស់លោកមិនធ្វើឱ្យហើយទៅ ពីព្រោះថា ភារកិច្ចរបស់អស់លោក មានចែងនៅក្នុងមុខងារសមត្ថកិច្ចរួចហើយ អស់ហើយតើ ម្ដេចមិនអនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំទៅ? ចាំបាច់ធ្វើជាភ្លើងចន្លុះ ទាល់តែ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្គៀលទើបភ្លឺ?

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ” ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល នៅកម្ពុជាឆ្នាំ២០២៤-២០៣៥ ” សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់បញ្ជាដល់អភិបាលរាជធានី-ខេត្តទាំងអស់ រួមជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបន្តឹង និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ក្នុងការបង្ការទប់ស្កាត់ដោយគ្មានការបន្ធូរបន្ថយ និងគ្មានការលើកលែងនោះឡើយ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជូនប្រជាពលរដ្ឋ។

អ៊ីចឹង ងាកមកប្រតិបត្តិការ នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយឧត្តមសេនីយ៍ទោ តឹង សុធី ស្នងការរង នគរបាលរាជធានីភ្នំពេញវិញ បានធ្វើឡើងដើម្បីគោរពតាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាឱ្យបំពេញការងារមុឺងម៉ាត់ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាពិសេសបង្រ្កាបក្មេងទំនើងប្រើប្រាស់ ដាវ កាំបិត ដែលបង្កហិង្សា បង្កការភ័យខ្លាចដល់សង្គមទាំងមូល គឺវាមិនខុសពី ចន្លុះ ទាល់តែយើងឆ្កៀលវាបន្តិច ទើបភ្លឺឡើងវិញ នោះឡើយ, អ្វីដែលជាក្ដីអាម៉ាស់ផងដែរនោះ គឺមន្ត្រីនគរបាលរូបណាមួយ ឬកម្លាំងសមត្ថកិច្ចណាមួយផ្សេងទៀត ដែលដឹកនាំក្រុមចុះប្រតិបត្តិការលើករណីណាមួយនោះ គេតែងតែលើកឡើងពីការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍នេះ នាយឧត្តមសេនីយ៍នោះ ឧត្តមសេនីយ៍នេះ ឧត្តមសេនីយ៍នោះ គឺអួតមេរបស់គេ ប្រាប់ទៅដល់សាធារណជនទៀតផង, ដូច្នេះរឿងនេះអត់ខ្លាចសាធារណជនរិះគន់ថា ធ្វើជាសមត្ថកិច្ច រង់ចាំតែបញ្ជា បើគ្រាន់តែបង្រ្កាបបទល្មើស ចោរកម្ម អំពើហិង្សា កាប់ចាក់ ក្មេងទំនើង ក្នុងមូលដ្ឋាននោះ… តើអត្ថន័យ នៃពាក្យថា ” សមត្ថកិច្ច ” មានតួនាទី និងបុព្វភារកិច្ចយ៉ាងដូចម្ដេចទៅ ?! ជាពិសេស កម្លាំងនគរបាលតែម្ដង គួរតែយល់ដឹង ឬក៏ជ្រាបអំពីប្រកាស ស្ដីពី បទវិន័យនគរបាលជាតិកម្ពុជា ឆ្នាំ២០២៤ លេខ ៨៧៣ ប្រ.ក របស់ក្រសួងមហាផ្ទៃ ហើយអនុវត្តតាមហ្នឹងទៅ គឺមិនខុសទេ។

ក្រឡេកទៅមើលច្បាប់ស្ដីពីមន្ត្រីរាជការ មន្ត្រីអាជ្ញាធរមូលដ្ឋានឃុំ-សង្កាត់ ស្រុករហូតដល់ថ្នាក់រាជធានី-ខេត្ត , ប៉ុស្តិ៍នគរបាលរដ្ឋបាល , អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មុននឹងតែងតាំងកម្លាំងនគរបាល ចូលទៅកាន់អង្គភាពណាមួយ សុទ្ធតែមានចែងប្រការមួយ ប្រការពីរ ដែលកំណត់ ឬដាក់បញ្ជាឱ្យអនុវត្តម៉ឺងម៉ាត់ពោះការបង្ក្រាបបទល្មើស គឺមានចែងឱ្យអនុវត្តរួចស្រេចទៅហើយ មិនចាំបាច់ទាល់តែនាយករដ្ឋមន្ត្រី រំលឹកឡើងហត់មាត់ ទើបស្ទុះស្ទាទៅអនុវត្តបង្ក្រាបបទល្មើសនោះទេ, គួរតែអនុវត្តឱ្យដូចភ្លៀងរលឹម ប្រសើរជាជាងអនុវត្តដូចភ្លើងចន្លុះ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×