Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល

ខេត្តក្រចេះ ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្មគិតទុកជាមុន (ក្មេងទំនើងកាប់ប្រហារគ្នា) កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពពួនស្ទាក់យកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ ខុន ទិត្យថារ៉ាក់ ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ត្រូវចំក្បាលខាងស្ដាំ បណ្ដាលឲ្យមានស្នាមដាច់ចេញឈាម (រងរបួសធ្ងន់) និងបានស្លាប់បាត់បង់ជីវិត ក្រោយពេលសាច់ញាតិជនរងគ្រោះ បញ្ជូនយកទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។ ក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ បានប្រើវិធានការជំនាញ ធ្វើការស្រាវជ្រាវតាមនីតិវិធីរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានស្រាវជ្រាវលុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី បន្តដឹកនាំសហការ រហូតដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ ឈ្មោះ ខុម មេសា ភេទប្រុស អាយុ១៥ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច ភូមិអូរជីក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយពីបានធ្វើការសាកសួរបឋម ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែក្រុមរបស់ជនរងគ្រោះ បានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកខ្លួន។
រហូតដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៤៖៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាន់ ទូច ភេទប្រុស អាយុ១៧ឆ្នាំ ឃាត់ខ្លួនបានត្រង់ចំណុច សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ខ្លួន និងបក្ខពួកពិតជាបានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុដោយសារតែក្រុមរបស់ជនរងគ្រោះបានធ្វើសកម្មភាពគប់ដុំថ្មមកលើពួកខ្លួន។ កម្លាំងជំនាញកំពុងស្វែងរកបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×