ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៩ខែឧសភាឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័នក្នុងគោលបំណងលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា។
រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យកាន់តែប្រសើរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្នុងនោះរួមមាន ការពង្រឹងសមត្ថភាពនិងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព។ នៅក្នុងកិច្ចប្រជុំលើកទី១ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ) កាលពីថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិបានណែនាំដល់ក្រសួង ស្ថាប័នឱ្យធ្វើការពិនិត្យឡើងវិញនិងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីធានាការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័នមានប្រសិទ្ធភាពខ្ពស់។
ជាការកត់សម្គាល់ ក្រសួង ស្ថាប័នមួយចំនួនបាននិងកំពុងធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដែលឈានដល់ការកាត់បន្ថយ ការកែសម្រួល ការច្របាច់បញ្ចូលគ្នា ឬការលុបចោល មុខងារ និងអង្គភាពមួយចំនួនក្រោមឱវាទរបស់ខ្លួន។ ដើម្បីជំរុញបន្ថែមដំណើការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធានាបាននូវសង្គតិភាពនៃដំណើរការនេះ រាជរដ្ឋាភិបាលសូមណែនាំដល់ក្រសួង ស្ថាប័នក្នុងក្របខណ្ឌនៃគណៈកម្មាធិការជាតិជំរុញការអនុវត្ត វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដូចខាងក្រោម៖
១.គោលបំណង
ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័នមានគោលបំណងលើក កម្ពស់ដំណើរការនៃក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក្នុងក្របខណ្ឌនៃការ បំពេញមុខងារនិងបេសកកម្មរបស់ខ្លួន ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដើម្បី៖
ធានាបានថាមុខងាររបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្តដោយត្រឹមត្រូវនិងសមស្របគាំទ្រ ដល់ការសម្រេចគោលបំណងនៃបេសកកម្មរបស់ក្រសួង ស្ថាប័នវាយតម្លៃសមត្ថភាពគន្លឹះដែលចាំបាច់របស់ក្រសួង ស្ថាប័ន និងវិសាលភាពនៃការងារដែល ត្រូវអនុវត្តដើម្បីគាំទ្រការលើកកម្ពស់សមត្ថភាពនេះពិនិត្យឡើងវិញតួនាទីនិងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដែនកំណត់នៃសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន វាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ ដែលបានឬនឹងត្រូវបំពេញ
- ពិនិត្យឡើងវិញជម្រើសទាំងឡាយនៃការផ្តល់សេវា និងធានាថាសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ ដែលត្រូវអនុវត្តមានលក្ខណៈសមស្របជាមួយជម្រើសនោះធានាថាសកម្មភាពនិងធនធានរបស់ក្រសួង ស្ថាប័ន ដែលត្រូវប្រើប្រាស់ឆ្លើយតបនឹង គោលបំណងនៃសេវា និងអ្នកប្រើប្រាស់សេវា។
២. ភាពចាំបាច់នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ
ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមមួយចំនួនដែលក្រសួង ស្ថាប័នបាននិងកំពុងជួបប្រទះ រួមមាន៖
-ភាពមិនច្បាស់លាស់ឬការត្រួតជាន់គ្នានៃមុខងារ និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន
-ភាពខ្វះចន្លោះនៃការធ្វើអាទិភាវូបនីយកម្ម និងការផ្តោតលើសកម្មភាពដែលត្រូវអនុវត្តឱ្យ បានច្បាស់លាស់ ឈរលើមូលដ្ឋាននៃធនធានថវិកានិងមនុស្សរបស់ក្រសួង ស្ថាប័ន
- ភាពស្មុគស្មាញនិងបញ្ហាលំបាកនៅក្នុងអន្តរទំនាក់ទំនងរវាងក្រសួង ស្ថាប័ន និងក្រសួង ស្ថាប័ន ឬរវាងអង្គភាពនិងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័នតែមួយ
- បញ្ហាអសង្គតិភាពឬភាពមិនរលូននិងប្រទាក់ក្រឡានៃការកំណត់សមត្ថកិច្ចរបស់ក្រសួង ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល វិស័យ ឬរបស់អង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ស្ថាប័ន – បណ្ដឹងតវ៉ាឬការមិនពេញចិត្តពីភាគីពាក់ព័ន្ធឬអ្នកប្រើប្រាស់សេវា ចំពោះកម្រិតគុណភាពនៃសេវាដែលផ្តល់ដោយក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក្នុងការអនុវត្តមុខងារ និងសកម្មភាពការងារទាំង ឡាយរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន។
៣. គោលដៅនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ
ប្រឈមនឹងបញ្ហាខាងលើ ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធមានគោលដៅ ចម្បងគឺដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការចំណាយថវិកា ការប្រើប្រាស់ធនធានមនុស្ស និងការងាររាជរដ្ឋាភិបាល នៅក្នុងការអនុវត្តមុខងារនិងបេសកកម្មរបស់ក្រសួង ស្ថាប័ន។ លទ្ធផលនៃការ ពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធនឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័ន អាចកំណត់បាននូវ៖
- មុខងារនិងរចនាសម្ព័ន្ធថ្មី ដែលសមស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងរបស់វិស័យនីមួយៗការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាព ក្នុងការអនុវត្តមុខងារ
- ការគ្រប់គ្រងនិងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដ នូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការពង្រាយមន្ត្រី សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ដែលមានភាពច្បាស់ លាស់ អាចត្រួតពិនិត្យនិងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ។
៤. គោលការណ៍ទូទៅ
ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធត្រូវអនុវត្តដោយក្រសួង ស្ថាប័នសាមី និងត្រូវផ្អែកលើគោលការណ៍ទូទៅ ដូចខាងក្រោម៖
- ការធានានូវការសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា
- ការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន ផ្អែកលើអភិក្រមជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ភាពជាម្ចាស់ ស្មារតីទទួលខុសត្រូវ និងនវានុវត្តន៍របស់ក្រសួង ស្ថាប័នប្រសិទ្ធភាពខ្ពស់នៃដំណើរការរដ្ឋបាលសាធារណៈ ដោយមានការកំណត់មុខងារនិងរចនាសម្ព័ន្ធ ការប្រើប្រាស់ធនធានមនុស្ស ថវិកា និងបច្ចេកវិទ្យាសមស្របនិងចំគោលដៅ ដើម្បីសម្រេច បានសមិទ្ធកម្មកាន់តែប្រសើរ សម្រាប់ប្រជាជនការរក្សាប្រយោជន៍មន្ត្រីពាក់ព័ន្ធនឹងអង្គវិជ្ជាជីវៈ ក្របខណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ បៀវត្ស និង ប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗ ក្នុងករណីមានការកែសម្រួលមុខងារនិងរចនាសម្ព័ន្ធ ក្រសួងស្ថាប័ន។
៥. វិសាលភាពនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ
ដំណើរការនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ត្រូវរៀបចំនិងអនុវត្តសម្រាប់ ក្រសួង ស្ថាប័នថ្នាក់ជាតិ និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិនិងនៅថ្នាក់ក្រោមជាតិ។
៦. ក្របខណ្ឌពេលវេលាអនុវត្ត
ក្រសួង ស្ថាប័នត្រូវធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដោយកំណត់ឱ្យបានច្បាស់លាស់នូវមុខងារ និងរចនាសម្ព័ន្ធ ព្រមទាំងតម្រូវការសមស្របនៃការប្រើប្រាស់ធនធានមនុស្សនិងថវិកា ដែលធានាថា មុខងារនិងបេសកកម្មរបស់ក្រសួង ស្ថាប័ននឹងត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ នៅដំណាក់កាល បន្ទាប់ ក្រសួង ស្ថាប័នត្រូវបន្តការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ដោយផ្តោតលើមុខងារស្នូលដែលជាមុខងារមានលក្ខណៈគាំទ្រទូទៅរបស់អង្គភាពនៃក្រសួង ស្ថាប័ន និងមុខងារជំនាញរបស់អង្គភាពនៃក្រសួង ស្ថាប័ន ផ្អែកលើការណែនាំដោយឡែករបស់គណៈកម្មាធិការ ជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី











