រាជធានីភ្នំពេញ ៖ អង្គការអុកស្វាម រួមជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូ បានសហការរៀបចំកិច្ចសន្ទនាគោលនយោបាយជាតិស្តិពី “ការធានាសុវត្ថិភាព និងសុខភាពការងារ ក្នុងបរិបទប្រែប្រួលអាកាសធាតុសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ” នៅរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
កិច្ចសន្ទនានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ក្នុងចំណោមអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ តំណាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ រួមជាមួយនឹងតំណាងកម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា។
សុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា បាននឹងកំពុងអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តាមរយៈកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧស្សាហូបនីយកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី និងការប្តេជ្ញាចិត្តឥតងាករេរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារការងារ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រួតពិនិត្យបទប្បញ្ញត្តិស្តីពីសុវត្ថិភាព និងសុខភាពការងារ ដោយផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ជាពិសេសក្នុងវិស័យកាត់ដេរ និងសំណង់។
លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម មានប្រសាសន៍ថា “អង្គការអុកស្វាម មានបេសកកម្មរួមចំណែកកសាងសង្គមមួយគ្មានភាពក្រីក្រ និងអយុត្តិធម៌។ យើងសហការ និងគាំទ្ររាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយភាពក្រីក្រ និងដោះស្រាយវិសមភាពក្នុងចំណោមកម្មករ-និយោជិត ក្រុមប្រជាជនងាយរងគ្រោះ និងគ្រួសារជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ។ ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហាររបស់កម្ពុជា ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន។ ការធ្វើឱ្យប្រសើរឡើងស្តង់ដាសុវត្ថិភាព និងសុខភាពការងារ ជួយកាត់បន្ថយការរងរបួស និងជំងឺ នៅកន្លែងធ្វើការនាំឱ្យមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយថ្លៃព្យាបាលដែលអាចចៀសវាងបាន។ កម្មករ-និយោជិត និងកសិករជាស្ត្រីដែលមានសុខភាពល្អធ្វើការងារកាន់តែមានប្រសិទ្ធភាពជាងមុន ដែលរួមចំណែកដល់ការបង្កើនគុណភាព និងទិន្នផលកាន់តែខ្ពស់ ក្នុងកសិផលិតកម្ម។
កម្មករ-និយោជិតកាន់តែមានភាពធន់នឹងផលប៉ះពាល់កើនឡើងនៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្តៅផែនដី ព្រមទាំងអាចចាកចេញពីភាពក្រីក្របានផងដែរ“។
ការសិក្សាស្រាវជ្រាវជាសកលស្តីអំពី “ការធានាពីសុវត្ថិភាព និងសុខភាពការងារក្នុងបរិបទការប្រែប្រួលអាកាសធាតុ” ដោយអង្គការ ILO ក្នុងឆ្នាំ ២០២៤ នេះ បានបង្ហាញពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងការជះឥទ្ធិពលអវិជ្ជមានទៅលើសុវត្ថិភាព និងសុខភាពការងារ របស់កម្មករដែលមានដូចជា កំដៅខ្លាំងពេក កាំរស្មីអ៊ុលត្រាវីយូឡេ ព្រឹត្តិការណ៍អាកាសធាតុខ្លាំង ការបំពុលបរិយាកាសនៅកន្លែងធ្វើការ ជំងឺឆ្អឹង និងការផ្លាស់ប្តូរការប្រើប្រាស់សារធាតុគីមីកសិកម្ម។ យោងតាមការស្រាវជ្រាវនេះក៏បានបង្ហាញផងដែរថា កម្មករជាស្ត្រី អាចប្រឈមនឹងហានិភ័យច្រើនជាងមុន ដោយសារតួនាទី និងការងាររបស់ពួកគេ ដូចជាការប្រកបរបរកសិកម្ម និងក្នុងវដ្តជីវិតផ្សេងៗទៀត រួមមានផលវិបាកនៃការមានផ្ទៃពោះ និងមាតុភាពមិនជោគជ័យ។ ។ កម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ ក៏ស្ថិតក្នុងចំណោមកម្មករដែលរងហានិភ័យខ្ពស់ពីការប្រែប្រួលអាកាសធាតុផងដែរ រួមមានកង្វះការគាំពារលើសុវត្ថិភាព និងសុខភាពការងារ ការមិនទាន់ទទួលបានសេវាសាធារណៈ និងកង្វះហេដ្ឋារចនាសម្ព័ន្ធគាំទ្រ។ ដោយសារពួកគេត្រូវការប្រាក់ចំណូលសម្រាប់គ្រួសារ ពួកគេមិនអាចឈប់ពីការងាររបស់គេបានដែរ ទោះបីជាសុខភាពរបស់ពួកគេត្រូវបានរងនូវហានិភ័យពីការប្រែប្រួលអាកាសធាតុយ៉ាងធ្ងន់ធ្ងរក៏ដោយ។
ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមដូចជា សមត្ថភាពអនុវត្តមានកម្រិត ការបណ្តុះបណ្តាលមិនទាន់គ្រប់គ្រាន់ និងអត្រាគ្រោះថ្នាក់ខ្ពស់នៅកន្លែងធ្វើការ។ ដៃគូឯកទេស និងដៃគូអភិវឌ្ឍន៍ជាច្រើន បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសលើការរៀបចំគោលនយោបាយ ការបណ្តុះបណ្តាល និងការលើកកម្ពស់ឧត្តមានុវត្តន៍ រួមទាំងកំណែទម្រង់ជាបន្តសំដៅលើកកម្ពស់ស្តង់ដាសុវត្ថិភាព និងសុខភាពការងារដើម្បីធានាបាននូវបរិយាកាសការងារប្រកប ដោយ សុវត្ថិភាពសម្រាប់កម្មករ-និយោជិតកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យ កសិ-អាហារ នៅតែជាបញ្ហាប្រឈមជាមូលដ្ឋាន និងទទួលបានការចាប់អារម្មណ៍តិចតួចពីផ្នែកគោលនយោបាយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
វេទិការខាងលើនេះមានអ្នកចូលរួមសរុបចំនួនប្រមាណ ២៧៩ នាក់ដែលជាតំណាងក្រសួង និងដៃគូ
អភិវឌ្ឍន៍ អ្នកជំនាញ សហគមន៍អ្នកស្រាវជ្រាវ សមាជិកអង្គការសង្គមស៊ីវិល តំណាងកម្មករ-និយោជិត និងកសិករជាស្ត្រី ក្នុងវិស័យកសិ-អាហារនៅកម្ពុជា។ ក្រោយពីបញ្ចប់សិក្ខាសាលា អង្គការ អុកស្វាម នឹងរៀបចំជារបាយការណ៍ រួចដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអន្តរាគមន៍ និងធ្វើឱ្យប្រសើរឡើងគោលនយោបាយស្តីពីសុវត្ថិភាព និងសុខភាពការងារ។
នៅប្រទេសកម្ពុជា សុវត្ថិភាព និងសុខភាពការងារ សម្រាប់កម្មករ-និយោជិត និងកសិករជាស្ត្រីក្នុងវិស័យកសិ-អាហារ គឺជាកង្វល់ដ៏ធំ។ ខណៈដែលកម្មករ-និយោជិតនៅទូទាំងពិភពលោកបានរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ អ្នកខ្លះប្រឈមនឹងហានិភ័យនៃការប៉ះពាល់តែមួយគត់។ ស្ត្រីក្នុងវិស័យកសិកម្មដែលមានរបរចិញ្ចឹមជីវិត ដូចជា ចម្ការចេក ងាយរងគ្រោះណាស់ ដោយសារតួនាទីការងារជាក់លាក់ និងដំណាក់កាលជីវិត។ ផលវិបាកទាក់ទងនឹងការមានគ៌ក ដូចជាជំងឺលើសឈាម ការរលូតកូន និងការសម្រាលកូនមិនចេញ ជាហានិភ័យដ៏ធំ។ កម្មករ-និយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតនៅក្នុងចំណោមអ្នកមានហានិភ័យបំផុតពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ ដែលជារឿយៗខ្វះការការពារសុវត្ថិភាព និងសុខភាពការងារ សេវាកម្មជាសារវ័ន្ត និងហេដ្ឋារចនាសម្ព័ន្ធ។ សំខាន់ជាងនេះទៅទៀត ឧបសគ្គផ្នែកហិរញ្ញវត្ថុតែងៗរារាំងកម្មករ-និយោជិតក្រៅប្រព័ន្ធ និងស្វ័យនិយោជន៍មិនឱ្យឈប់ធ្វើការ សូម្បីតែនៅពេលអាកាសធាតុធ្ងន់ធ្ងរគំរាមកំហែងដល់សុខភាពរបស់ពួកគេក៏ដោយ។
ច្បាប់ស្តីពីការងាររបស់កម្ពុជា និងប្រកាសពាក់ព័ន្ធ ចែងថា “និយោជកត្រូវផ្តល់ឧបករណ៍ការពារផ្ទាល់ខ្លួន ដល់កម្មករ-និយោជិតដែលបំពេញការងារមានគ្រោះថ្នាក់។ តម្រូវការនៃប្រភេទឧបករណ៍ការពារផ្ទាល់ខ្លួនប្រែប្រួលទៅតាមលក្ខណៈនៃការងារដែលកំពុងអនុវត្ត។ ការប្រើប្រាស់ត្រឹមត្រូវនៃឧបករណ៍ការពារផ្ទាល់ខ្លួនកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ និងជំងឺ កាត់បន្ថយការចំណាយថ្លៃព្យាបាលនាពេលអនាគត និងជួយបង្កើតបរិយាកាសការងារដែលមានសុវត្ថិភាពជាងមុន។ ការរក្សាបរិយាកាសការងារប្រកបដោយសុវត្ថិភាពក៏ជាទំនួលខុសត្រូវរបស់និយោជកផងដែរ យោងតាមក្រមរដ្ឋប្បវេណី។ ជាងនេះទៅទៀត និយោជកក៏ត្រូវធានាថា ការចាត់ចែងការងារបច្ចេកទេសដែលប្រើប្រាស់សម្ភារៈ ឧបករណ៍តូច ធំ ម៉ាស៊ីន ឬផលិតផលប្រើប្រាស់រួច ត្រូវទុកដាក់ឱ្យបានល្អ ដើម្បីធានាសន្តិសុខ និងសុខុមាលភាពរបស់កម្មករ-និយោជិត។ ទោះជាយ៉ាងណាក៏ដោយ ការអនុវត្តបទប្បញ្ញត្តិទាំងនេះនៅមានកម្រិត ហើយការលើកកម្ពស់ការយល់ដឹងត្រូវការកែលម្អ។
យើងចាំបាច់ត្រូវលើកកម្ពស់ការយល់ដឹង និងបង្កើតលំហសម្រាប់កិច្ចសន្ទនាគោលនយោបាយ។ ភាគីពាក់ព័ន្ធសំខាន់ៗក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករស្ត្រី ក្នុងវិស័យកសិ-អាហាររបស់កម្ពុជា រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងសុខាភិបាល ដែលជាអ្នកបង្កើត និងអនុវត្តនិយតកម្ម។ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ អាចផ្តល់ជំនួយបច្ចេកទេស និងតស៊ូមតិឱ្យមានឧត្តមានុវត្តន៍។ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រុមសិទ្ធិស្ត្រី ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងគាំទ្រគំនិតផ្តួចផ្តើម និងការតស៊ូមតិនៅមូលដ្ឋាន។ ជាងនេះទៅទៀត និយោជក និងសហករណ៍កសិកម្ម ក៏មានសារៈសំខាន់ផងដែរ សម្រាប់ការអនុវត្តវិធានការសុវត្ថិភាព និងសុខភាពការងារ នៅមូលដ្ឋាន។ មេដឹកនាំសហគមន៍ សហជីព និងកម្មករ-និយោជិត ជាកម្លាំងដ៏សំខាន់ សម្រាប់ធានាអនុលោមភាព និងលើកកម្ពស់វប្បធម៌សុវត្ថិភាព តាមរយៈយន្តការដោះស្រាយបណ្តឹងប៉ះប៉ូវ និងតំណាងចរចាជាសមូហភាព។
ការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារសម្រាប់កម្មករ-និយោជិត និងកសិករស្ត្រី ក្នុងវិស័យកសិ-អាហាររបស់កម្ពុជា ផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចយ៉ាងច្រើន។ ការធ្វើឱ្យប្រសើរឡើងស្តង់ដាសុវត្ថិភាព និងសុខភាពការងារ កាត់បន្ថយការរងរបួស និងជំងឺនៅកន្លែងធ្វើការ នាំឱ្យមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយថ្លៃព្យាបាល។ កម្មករ-និយោជិតមានសុខភាពល្អជាងមុន ធ្វើការកាន់តែមានប្រសិទ្ធភាព រួមចំណែកដល់គុណភាពកាន់តែប្រសើរ និងទិន្នផលកាន់តែខ្ពស់ក្នុងកសិផលិតកម្ម។ ជាងនេះទៅទៀត ការធានាបាននូវលក្ខខណ្ឌការងារប្រកបដោយ សុវត្ថិភាព ទាក់ទាញស្ត្រីកាន់តែច្រើនមកកាន់វិស័យនេះ ជំរុញការផ្គត់ផ្គង់កម្លាំងពលកម្ម ព្រមទាំងលើកកម្ពស់សមភាពយេនឌ័រ។ ការពង្រឹងឧត្តមានុវត្តន៍នៃសុវត្ថិភាព និងសុខភាពការងារ ក៏ជំរុញវិស័យកសិ-អាហារឱ្យ មានចីរភាព និងភាពធន់ជាងមុន ដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀងរបស់កម្ពុជា។ សរុបមក ការវិនិយោគលើសុវត្ថិភាព និងសុខភាពការងារ នាំទៅរកស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍរយៈពេលវែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី