Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស និងគុណភាព

ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល បានបើកអង្គប្រជុំក្រោមវត្តមាន ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានទី២ នៃក្រុមការងារបានដឹកនាំសមាជិកចុះត្រួតពិនិត្យនិងប្រគល់-ទទួល ការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំង ដោយមានការចូលរួមពី លោក លោកស្រី ដែលតំណាងឲ្យអង្គភាពក្រោមឱវាទក្រសួងសុខាភិបាល ដូចជាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងតំណាងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលទទួលការផ្គត់ផ្គង់ដោយអង្គការ Global Drug Facility និង UNICEF ក្រោមការចំណាយថវិកាជាតិ ។

ជាលទ្ធផលសមាជិកទាំងអស់បានធ្វើការពិនិត្យ វ៉ាក់សាំង (UNICEF) និងឱសថរបេងមនុស្សពេញវ័យ (Global Drug Facility) ដោយផ្ទៀងផ្ទាត់នូវបរិមាណលក្ខណៈបច្ចេកទេស គុណភាពនិងប្រភព ត្រឹមត្រូវតាមកិច្ចសន្យា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានផ្តែផ្តាំដល់មន្រ្តីដែលទទួលបន្ទុកការងារនេះ ឱ្យយកចិត្តទុកដាក់បន្ថែមទៅលើការតាមដាន ស្តុកឱសថ ប្រតិករ និងវ៉ាក់ស៊ាំង ព្រមទាំងគ្រប់គ្រងគុណភាពទៅលើការពិនិត្យ និងធ្វើតេស្តឱសថ ប្រតិករ នៅមន្ទីរពិសោធន៍ មុននឹងបែងចែកទៅដល់អ្នកប្រើប្រាស់។ លើសពីនេះ ឯកឧត្តមសាស្រា្តចារ្យ បានផ្តល់ឱកាសជូនប្អូនៗនិស្សិតចុះកម្មសិក្សា ដើម្បីចូលរួមត្រួតពិនិត្យគុណភាព និងចែករំលែកបទពិសោធន៍ចំណេះដឹងទៅលើយន្តការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ (Supply Management Chain) ឱសថ និងវ៉ាក់សាំង នេះ ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សមាជិកទាំងអស់ ដែលបានចូលរួមយ៉ាងយកចិត្តទុកក្នុងការត្រួតពិនិត្យ និងប្រគល់-ទទួល ឱសថ និងវ៉ាក់សាំង សម្រាប់ផ្គត់ផ្គង់ជូនមូលដ្ឋានសុខាភិបាល ដើម្បីចូលរួមចំណែកដ៏សំខាន់ក្នុងការលើកស្ទួយ និងពង្រឹងគុណភាពក្នុងវិស័យសុខាភិបាលប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×