នៅពេលដែលរដ្ឋាភិបាលនិងបញ្ញវន្ដចិន បានលើកទឹកចិត្ដឱ្យជនជាតិចិននៅកម្ពុជាចេះបណ្ដុះនូវស្មារតីស្រឡាញ់ប្រទេសចិន ដោយស្មោះស្ម័គ្រនោះ ចលនាស្នេហាជាតិនៅប្រទេសកម្ពុជាបានបង្វែរការគាំទ្ររបស់ខ្លួនចេញពីអ្នកដឹកនាំខ្មែរនៅក្នុងសម័យ មុនអាណានិគម ហើយបង្កើតឡើងនូវរឿងនិទានដើម្បីបណ្ដុះមនសិការនិងស្មារតីជាតិសាសន៍សម្រាប់ប្រទេសជាតិរបស់ខ្លួន។ អ្នកជាតិនិយមទាំងឡាយនោះបានទាញយកឥទ្ធិពលនៃសីលធម៌របស់ខ្លួនពីសុភាសិតចាស់ៗជាច្រើនមកប្រើ រួមផ្សំជាមួយនឹង អត្ថន័យថ្មីៗមួយចំនួន ដោយមិនគិតអំពីពហុជាតិសាសន៍(រួមគ្នា)នៅក្នុងសង្គមខ្មែរឡើយ។ កាសែតឈ្មោះថា នគរវត្ដ (Nagaravatta) បានប្រើពាក្យថា «យើងជាខ្មែរ»(ខ្មែរយើង) «ម្ចាស់ស្រុក»«ស្រុកយើង» «ជាតិខ្មែរ» ហើយថាជនជាតិវៀតណាម និងជនជាតិចិន គឺជាជនមកពីសង្គមក្រៅ។
ទស្សនៈទាំងនេះត្រូវបានក្លាយជាការពិតនៅសម័យកាលចុងក្រោយនៃរបបគ្រប់គ្រងអាណានិគមនៅកម្ពុជានាឆ្នាំ ១៩៥៣។ បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីរបបអាណានិគមនិយមបារាំង ជនជាតិចិនត្រូវបានគេចាត់ទុកថាជាជនក្រៅសង្គម។ ជនជាតិចិនខិ ជំនាន់ទី១ ដែលមានអាយុ៨០ឆ្នាំម្នាក់ បាននិយាយថា ក្រោមការគ្រប់គ្រងរបស់អាណានិគមបារាំង ជនជាតិចិនមិនដែលខ្វល់ខ្វាយថាខ្លួនជានរណា ឬមកពីណាឡើយ។ គឺពួកគេបាន រស់នៅយ៉ាងសុខសាន្ដ។ គាត់នៅចងចាំបានថា នៅពេលមួយក្នុងសម័យអាណានិគមនិយមបារាំង មានការប្រារព្ធពិធីបុណ្យ ចូលឆ្នាំចិនប្រព្រឹត្តទៅអស់មួយសប្ដាហ៍នៅខេត្តបាត់ដំបង។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានទទួលឯករាជ្យ ប្រជាពលរដ្ឋចិនបានចាប់ផ្ដើមនឹកគិតឡើងវិញអំពីរឿងទាំងនេះ ហើយពួកគេក៏បានត្រឡប់ទៅប្រារព្ធពិធីបុណ្យចូលឆ្នាំចិននៅ ខេត្តបាត់ដំបងវិញ ដោយកាត់បន្ថយរយៈពេលខ្លីជាងមុន។ ជនជាតិចិនជំនាន់ទី២ ដែលមានអាយុ៧២ឆ្នាំ ម្នាក់នៅខេត្តកំពង់ចាម ក៏មានទស្សនៈដូចគ្នានេះដែរ ។ របបអាណានិគមនិយមបារាំងមិនបានដាក់កំហិតលើសកម្មភាពវប្បធម៌ របស់ជនជាតិចិនឡើយ ប៉ុន្ដែពួកគេបានយកពន្ធលើជនជាតិចិន។ នៅក្រោមរបបគ្រប់គ្រងរបស់បារាំង ជនជាតិចិនមានជីវិត រស់នៅសប្បាយរីករាយណាស់ ប៉ុន្ដែទោះបីជាក្រោមការដឹកនាំរបស់សម្ដេច សីហនុ ជនជាតិចិននៅកម្ពុជាមិនបានចូលរួមក្នុង ការបង្ហាញពីលក្ខណៈជាតិខ្មែរឡើយ លុះត្រាតែមានទស្សនកិច្ចពីសំណាក់មន្ដ្រីចិន ហើយទោះបីជាច្បាប់ប្រឆាំងជាតិសាសន៍ចិនត្រូវបានគេអនុម័ត រួមទាំងការដាក់កំហិតនានាជាច្រើនលើសកម្មភាពជំនួញនិងសាលាបង្រៀនចិនជាច្រើនក៏ដោយ ការផុតកំណត់(ក្នុងច្បាប់)ទាំងនេះកម្រមានគេអនុវត្ដន៍ជាក់ស្ដែងណាស់។ សិទ្ធិពលរដ្ឋត្រូវបានគេកំណត់នៅក្នុងក្រម(ច្បាប់) លេខ ៩១៣-នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៥៤។ ក្រមនេះបានផ្ដល់សិទិ្ធពលរដ្ឋឱ្យនរណាម្នាក់ដោយផ្អែកលើកតក្ដាសំខាន់ពីរ គឺតាមរយៈទំនាក់ទំនងឈាមជ័ររបស់ឳពុកម្ដាយ និងទីកន្លែង(ឬដែនដី) ដែលខ្លូនបានកើត។ យោងតាមច្បាប់នេះ កូនក្មេងទាំងឡាយណាដែលកើតចេញពីគ្រួសាររស់នៅក្នុង ប្រទេសកម្ពុជានឹងបានទទួលសិទ្ធិជាពលរដ្ឋកម្ពុជា ទោះបីជាឳពុកម្ដាយរបស់ពួកគេមានសញ្ជាតិអ្វីក៏ដោយ។ ដូចច្បាប់ពលរដ្ឋ ក្រោយៗទៀតដែរ ក្រមលេខ ៩១៣-នស មិនបានចែងអំពីសញ្ជាតិឡើយ។
នៅឆ្នាំ១៩៥៩ គេបានធ្វើវិសោធនកម្មច្បាប់ពលរដ្ឋដែលធ្វើឡើងនៅឆ្នាំ១៩៥៤ ដោយកំណត់ផ្ដល់សិទ្ធិឱ្យអ្នកទាំងឡាយណាដែលចេះនិយាយភាសាខ្មែរច្បាស់លាស់ គោរពទំនៀមទម្លាប់ ប្រពៃណី និងសីលធម៌ក្នុងការរស់នៅរបស់ខ្មែរ ប៉ុន្ដែគេមិនបានកំណត់ឱ្យបានច្បាស់លាស់អំពីសញ្ជាតិឡើយ។ ភាពមិនច្បាស់លាស់នេះ បានបង្កើតឱ្យមានភាពស្មុគស្មាញមួយចំនួនដល់ច្បាប់ទាំងឡាយដែលបាននិយាយអំពី ការផ្ដល់សិទ្ធិឱ្យនរណាម្នាក់ដោយផ្អែកលើសញ្ជាតិរបស់អ្នកនោះ ដូចជាច្បាប់មន្ដ្រីរាជការស៊ីវិលដែលធ្វើឡើងនៅក្នុងឆ្នាំ ១៩៥៣ ជាដើម។ ច្បាប់នេះបានកំណត់ការអនញ្ញាតឱ្យចូលបម្រើការងារជាមន្ដ្រីរាជការស៊ីវិលចំពោះអ្នកទាំងឡាយណាដែល មានសញ្ជាតិជាខ្មែរ ដោយហេតុថា សញ្ជាតិខ្មែរមិនត្រូវបានគេបកស្រាយថាមានអត្ថន័យស្មើទៅនឹងពលរដ្ឋខ្មែរនោះឡើយ។ឥទ្ធិពលនៃការគ្រប់គ្រងប្រទេសជាតិក្រោមច្បាប់ខាងលើនេះបានរារាំងមិនឱ្យជនជាតិចិននិងជនជាតិវៀតណាមចូលបម្រើការងារជាមន្ដ្រីរាជការស៊ីវិលឡើយ (De Benardi, ឆ្នាំ១៩៧៥ ទំ. ទី៣០-៣២)។ យោងតាមអ្នកដែលបានផ្ដល់ការសម្ភាសមួយចំនួន របបដឹកនាំថ្មីដែលបានបង្កើតឡើងបន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យនោះ បានយកពន្ធលើជនជាតិចិនថ្លៃជាងការដែលពួកគេស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកអាណានិគម។ដោយមើលឃើញអំពីការលំបាកនេះនិងដោយមានការសន្យាពីប្រទេសចិនដែលពេលនោះគ្រប់គ្រងដោយលោកម៉ៅ សេទុង ជនជាតិចិនមួយចំនួនបានវិលត្រឡប់ទៅប្រទេសចិនវិញនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៥០។ នៅពេលដែលច្បាប់ការងារ និងច្បាប់សញ្ជាតិនៅប្រទេសកម្ពុជាបានជំរុញឱ្យមានការបែងចែកនូវអត្តសញ្ញាណនៃជនជាតិចិនមួយនោះ ប្រទេសចិនបាន ចេញនូវគោលការណ៍ថ្មីមួយដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅបរទេសដោយជំរុញឱ្យជនជាតិចិននៅកម្ពុជាបញ្ជាក់អំពី អត្ដសញ្ញាណរបស់ខ្លួននៅក្នុងប្រទេសដែលពួកគេកំពុងរស់នៅ។ ជនជាតិចិនទាំងនោះបានក្លាយទៅជាមនុស្សគ្មានទីដៅ ច្បាស់លាស់ នៅពេលដែលប្រទេសចិននិងប្រទេសកម្ពុជាបានចាត់ទុកពួកគេថាជាអ្នកក្រៅ(អ្នកមកពីក្រៅ) ។ នៅឆ្នាំ១៩៥៦ ប្រទេសចិននិងប្រទេសកម្ពុជាក៏បានបង្កើតនូវការទាក់ទងជាផ្លូវការមួយ ក្រោមច្បាប់រដ្ឋធម្មនុញ្ញដែលបានធ្វើឡើងនៅឆ្នាំ ១៩៥៦ ដែលរដ្ឋាភិបាលប្រជាមានិតចិនបានសន្យាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ជនជាតិចិនដែលរស់នៅ បរទេស។ទោះជាយ៉ាណាក៏ដោយ ប្រវត្ដិសាស្ដ្របានបង្ហាញឱ្យឃើញថា រដ្ឋអំណាចចិនបានអនុវត្ដន៍គោលការណ៍នេះខ្លះៗប៉ុណ្ណោះ ដោយគិតអំពីផលប្រយោជន៍ជាយុទ្ធសាស្ដ្រនិងមនោគមវិជ្ជាជាធំ។ នៅអំឡុងពេលទស្សនកិច្ចរបស់លោកមកប្រទេសកម្ពុជា នៅឆ្នាំ១៩៥៦ លោកជូ អេនឡាយ (Zhou Enlai) បានប្រកាសជាសាធារណៈ ដោយលើកទឹកចិត្ដឱ្យជនជាតិចិនគោរពច្បាប់ ប្រពៃណីទំនៀមទម្លាប់និងសាសនារបស់ខ្មែរ ហើយរៀបការជាមួយជនជាតិខ្មែរ ព្រមទាំងខិតខំធ្វើយ៉ាងណាដើម្បីឱ្យក្លាយជាពលរដ្ឋខ្មែរ ដោយមិនចាំបាច់មានទំនាក់ទំនងច្រើនពេកជាមួយអង្គការ សមាគមជនជាតិចិននៅបរទេសផ្សេងទៀតឡើយ។ ទោះបីជាមានសំណើជាចំហយ៉ាងដូច្នេះក៏ដោយ ក៏ប៉ុន្ដែរដ្ឋាភិបាលក្រុងប៉េកាំងតែងតែកេងយកចំណេញពីវត្ដមានរបស់ជនជាតិចិនដែលមានឥទ្ធិពលនៅកម្ពុជា។ ទោះបីជាជនជាតិចិនភាគច្រើននៅកម្ពុជាជានាយទុន ហើយពួកគេត្រូវខាតបង់ក្នុងបដិវត្ដន៍កុម្មុយនិស្ដនៅកម្ពុជាក៏ដោយ ពួកគេភាគច្រើនបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសាធារណរដ្ឋប្រជាមានិតចិន ហើយពួកគេតែងតែសកម្មក្នុងការ បង្កើតសមាគមជនជាតិចិន សមាគមកីឡា និងសាលារៀនចិនជាច្រើន។ នៅពេលដែលលោកជូ អេនឡាយ និងលោក លី ចាងជី (Liu Shaoqi) បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជានៅក្នុងឆ្នាំ១៩៥៦និងឆ្នាំ១៩៦៣ ប្រជាជនចិនទាំងប្រទេសបានប្រមូល ផ្ដុំគ្នា តាមរយៈសហគមន៍ចិនទាំងនេះ ហើយធ្វើដំណើរមកចូលរួមក្នុងពិធីស្វាគមន៍មួយដ៏ធំនៅក្នុងទីក្រុងភ្នំពេញ។ សម្ដេចសីហនុ ដែលជាអ្នកធ្លាប់បានបដិសេធក្រុមជនជាតិចិន និងជនជាតិវៀតណាមមិនឱ្យចូលរួមក្នុងពិធីស្វាគមន៍មួយដ៏ធំ នៅក្នុងការសម្ដែងសិល្បៈជាតិ ក្នុងឱកាសប្រារព្ធពិធីបុណ្យផ្សេងៗកន្លងមកនោះ បានគ្រោងអនុញ្ញាតឱ្យជនជាតិចិនទាំងនោះ ចូលរួមក្នុងការប្រារព្ធពិធីបុណ្យចំណងមិត្ដភាពចិនកម្ពុជា និងទស្សនកិច្ចជាផ្លូវការរបស់មន្ដ្រីសាធារណរដ្ឋប្រជាមានិតចិន ទាំងឡាយមកកម្ពុជា (Cambodge d’ Aujourd’hui ឆ្នាំ១៩៦៣ ទំ. ទី៣)។
ដូច្នេះ ជនជាតិចិនត្រូវបានសម្ដេចសីហនុ គ្រោងអនុញ្ញាតឱ្យចូលរួមតែក្នុងឱកាសជាក់លាក់ណាមួយប៉ុណ្ណោះ ដូចជាការសម្ដែងសិល្បៈក្នុងពិធីបុណ្យចំណងមិត្តភាពចិនកម្ពុជា និងការកេណ្ឌប្រជាពលរដ្ឋពីសហគមន៍នានាឱ្យមកសាងសង់មហាវិថីម៉ៅសេទុងនៅក្នុងទីក្រុងភ្នំពេញជាដើម (Yu Liang ឆ្នាំ១៩៨១) ។ ទោះជាយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពចិនកម្ពុជាបានវិវឌ្ឍជាបន្ដបន្ទាប់ចាប់តាំងពីមានបដិវត្ដន៍ វប្បធម៌ចិនមក។ នៅក្នុងឆ្នាំ១៩៦៧ សម្តេចសីហនុ បានចាត់វិធានការដ៏តឹងរ៉ឹងដើម្បីបញ្ចប់ការជ្រៀតជ្រែករបស់ប្រទេសចិន និងបញ្ចប់ពួកខ្មែរក្រហមឱ្យលែងចំណុះក្រោមពួកកុម្មុយនិសចិន ។សមាគមនិស្សិតខ្មែរនិងសមាគមមិត្ដភាពខ្មែរចិនត្រូវបាន គេរំលាយចោល។ អនុប្រធាន៣នាក់នៃសហគមន៍ទាំងឡាយដែលគាំទ្រប្រទេសចិន មានឈ្មោះហ៊ូ នឹម (Hu Nim) និង ភោគ ឆាយ (Phouk Chhay) បានលាក់ខ្លួន ហើយបានបង្កើតនូវចលនាឃោសនាមួយដ៏ធំ (Kambuja(b) ឆ្នាំ១៩៦៧ ទំ. ទី១១។ ដូច្នេះ លោកញ៉ែម ដែលជាប្រធានសមាគមមិត្ដភាពខ្មែរចិន ត្រូវបានគេបណ្ដេញចេញពីរដ្ឋាភិបាល៕
លីសា