Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីឧស្សាហកម្ម កោតសរសើរក្រុមហ៊ុនហុងដាចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចសម្រាប់កម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានធ្វើទស្សនកិច្ចនៅរោងចក្រផលិតម៉ូតូ ហុងដា នៅរាជ​ធានី​ភ្នំពេញ។ ឯកឧត្តម​បានកោតសរសើរក្រុមហ៊ុនចំពោះនវានុវត្តន៍ ការផលិតក្នុងស្រុកជំនួសការនាំចូល និងបច្ច័យសេដ្ឋកិច្ចរបស់ក្រុមហ៊ុនសម្រាប់កម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុន ហុងដា បានបង្ហាញទិដ្ឋភាពទូទៅ​នៃខ្សែច្រវាក់ផលិត​កម្ម​របស់ក្រុមហ៊ុន ដោយបង្ហាញដំណើរការផលិត ពីការសង្កត់ពុម្ព និងការផ្សារគ្រឿងបង្គុំ រហូតដល់ការជ្រលក់ថ្នាំ និងផ្គុំដំឡើង។ បច្ចុប្បន្ន រោងចក្រមានសមត្ថភាពផលិតម៉ូតូហុងដាឌ្រីមចំនួន ១.៥០០ គ្រឿងក្នុងមួយវេន (៨ម៉ោង)។ មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុន ហុងដា បានផលិតម៉ូតូជាង ៤,៣ លានគ្រឿង និងមានបណ្តាញចែកចាយដ៏ទូលំទូលាយនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ម៉ូតូជាមធ្យោបាយធ្វើដំណើរដ៏មានសារៈសំខាន់ទាំងសម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃ និងសម្រាប់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុន ចំពោះប្រតិបត្តិការផលិត ក្នុងរយៈពេលជាង២៥ឆ្នាំកន្លងមកនេះ

ដំណើរទស្សនកិច្ចនេះបានផ្តល់ឱ្យឱកាសដល់ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានឃើញ និងស្វែងយល់ពីសមត្ថភាពរបស់ក្រុមហ៊ុន ហុងដា ដែលជាតួអង្គសំខាន់មួយក្នុង​វិស័យ​ដឹកជញ្ជូននៅកម្ពុជា ព្រមទាំងផ្តល់ឱកាសឱ្យក្រសួងបានធ្វើការជិតស្និទ្ធជាមួយក្រុមហ៊ុនដើម្បីដោះ​ស្រាយរាល់កង្វល់នានា។

បច្ចុប្បន្ន គ្រឿងបង្គុំម៉ូតូហុងដា ឌ្រីម (Honda Dream) ភាគច្រើនត្រូវបានផលិតនៅក្នុងប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ​គ្រឿង​បង្គុំមួយចំនួនក៏ត្រូវបានផលិតនាំចេញទៅប្រទេសជិតខាងផងដែរ។ ការអភិវឌ្ឍ​នេះ​បានលើកមុខ​មាត់​ផលិត​ផលកម្ពុជា និងបង្ហាញពីការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបើកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដល់សហគ្រាសធុនតូច និង​មធ្យម បានមកសិក្សាស្វែងយល់ពីស្តង់ដារ និងវិន័យការងាររបស់ក្រុមហ៊ុន។ ឯកឧត្តមបានកោតសរសើរក្រុមហ៊ុនចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការផលិតក្នុងស្រុកជំនួសឱ្យការនាំចូល និងបានបញ្ជាក់ការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងនេះ។

លើសពីនេះ ឯកឧត្តមបានកោតសរសើរដល់ក្រុមហ៊ុន ហុងដា ដែលបានផលិតធនធានមនុស្សដែលមានបច្ចេកទេស និងបានលើកទឹកចិត្តក្រុមហ៊ុនឱ្យពិនិត្យលទ្ធភាពសហការជាមួយសហគ្រាសធុនតូច និង​មធ្យម​ក្នុងស្រុក ដើម្បីសិក្សាសក្តានុពលនៃការផលិតគ្រឿងបង្គុំមួយចំនួន ក្នុងចំណោមគ្រឿងបង្គុំជាង ៥០០ សម្រាប់ម៉ូតូហុងដាមួយគ្រឿង។

បន្ថែមលើការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងផ្នែកបរិស្ថានរបស់ក្រុមហ៊ុន ហុងដា ជាពិសេស​ការ​គ្រប់​គ្រង​ទឹកកខ្វក់ ឯកឧត្តមបានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តវិនិយោគលើនវានុវត្តន៍ ដូចជាបច្ចេកវិទ្យារូបូត ដើម្បីជួយ​កម្លាំងមនុស្ស ព្រមទាំងបន្តអភិវឌ្ឍធនធានមនុស្សក្នុងការគ្រប់គ្រង និងប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ។

ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន ហុងដា ពិចារណាបើកឱកាសដល់វិចិត្រករខ្មែរអាចរួមចំណែកដល់ការរចនាម៉ូត ទន្ទឹមនឹងនោះស្វែងរកជម្រើសផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកលទ្ធភាពរបស់ប្រជាជនកម្ពុជាក្នុងការទិញម៉ូតូ ហុងដា និងបង្កើនភាពងាយស្រួលក្នុងការធ្វើដំណើរ។

ក្រុមហ៊ុន ហុងដា តាមរយៈដៃគូក្នុងស្រុករបស់ខ្លួនគឺ NCX Co., Ltd. បានបង្កើតការងារជាង ២,០០០ កន្លែងក្នុងប្រទេសកម្ពុជា។ NCX គឺជាក្រុមហ៊ុនផលិត និងចែកចាយផ្តាច់មុខនូវម៉ូតូ ហុងដា នៅកម្ពុជា ហើយ​បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតការងារ តាមរយៈប្រតិបត្តិការផលិត ផ្គុំ និងចែកចាយ​ផលិតផល ហុងដា របស់ខ្លួន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×