Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី បាក់ខែង ជំហានទី២ បង្ហាញសមិទ្ធផលសំខាន់មួយទៀតក្នុងវិស័យទឹកស្អាតនៅកម្ពុជា

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ និងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

រោងចក្រថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ បានបង្កើន សមត្ថភាពផលិតដែលមានស្រាប់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ៩៨២.០០០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ដោយធានាឱ្យបាននូវការទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋប្រមាណជាង ២ លាននាក់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល។

ការកើនឡើងខ្ពស់នៃតម្រូវការទឹកស្អាត ចាប់ពីដើមទសវត្សឆ្នាំ២០១០មក ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ច និងកំណើនប្រជាជន បានជំរុញឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខិតខំបង្កើនសមត្ថភាពផលិតទឹកស្អាតទ្វេរដងនៅចន្លោះឆ្នាំ២០១២ និង២០១៧។ ជាមួយនឹងការអនុវត្តដ៏ជោគជ័យនៃគម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ និងជំហានទី២ ផែនការមេដំណាក់កាល៣ ឆ្នាំ២០១៦-២០៣០ មានគោលដៅសម្រេចឱ្យបាននូវសមត្ថភាពផលិតទឹកស្អាត ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ លើសពីនេះ ការធ្វើបច្ចុប្បន្នភាពផែនការមេដំណាក់កាលទី៣នេះ បានព្យាករណ៍តម្រូវការទឹកស្អាតកើនឡើងរហូតដល់ ១,៨ លានម៉ែត្រគូបក្នុងមួយថ្ងៃនៅត្រឹមឆ្នាំ២០៣០ ដែលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងទាំង៣ជំហានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចគោលដៅនេះ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី២ ដែលបានចាប់ផ្តើមសាងសង់នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ គឺជាគម្រោងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា។ បន្ទាប់ពីចំណាយពេលក្នុងការសាងសង់អស់រយៈពេល២៦ខែ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីខែតុលា ឆ្នាំ២០២៣ ដោយបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងជំហានទី២នេះប្រើថវិកាសរុបចំនួន ១៤៨,២ លានដុល្លារ ដែលក្នុងនោះ ១១៤,៥ លានដុល្លារជាហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD), ៣៣,៧ លានដុល្លារជាការវិនិយោគពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយរាជរដ្ឋាភិបាលកម្ពុជារ៉ាប់រងកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ។

គម្រោងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី៣ ដែលត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះ នឹងគ្រោងប្រើថវិកាសរុបចំនួន២៥៧លានដុល្លារ។ ប្រភពមូលនិធិរួមមានប្រាក់កម្ចីចំនួន២១០លានដុល្លារពីទីភ្នាក់ងារ AFD, ៥លានដុល្លារដែលនៅសល់ពីជំហានទី១ និងជំហានទី២របស់ AFD, និងការវិនិយោគចំនួន ៤២ លានដុល្លារពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុបគ្រោងផ្តល់ជំនួយឥតសំណងចំនួន១២លានដុល្លារសម្រាប់គម្រោងជំហានទី៣នេះផងដែរ។ ដូចជំហានមុនៗ រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកលើកាតព្វកិច្ចពន្ធនាំចូល និងអាករផ្សេងៗ។ គម្រោងជំហានទី៣នេះនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានបន្តអនុវត្តតួនាទីជាយុទ្ធសាស្ត្រក្នុងការពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍវិស័យទឹកស្អាត ដោយមានការចូលរួមពីប្រតិបត្តិករទឹកស្អាតឯកជន ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃសម្រាប់គ្រួសារ និងគាំទ្រតំបន់អាទិភាព ដូចជាតំបន់រោងចក្រសហគ្រាស សួនបណ្តុំសហគ្រាស ធុនតូច និង មធ្យម តំបន់សេដ្ឋកិច្ចពិសេសនិងតំបន់ប៉ូលសេដ្ឋកិច្ច ដែលនឹងបង្កើតឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ច។”

យោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣២% ពោលគឺកើនឡើងពី ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ ៤៦០ លានម៉ែត្រគូបនៅឆ្នាំ២០២៣ ដោយក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញផលិតទឹកស្អាតបានប្រមាណ ២៧៩ លានម៉ែត្រគូប ស្មើនឹង ៦០% នៃបរិមាណទឹកស្អាតសរុបទូទាំងប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×