ភ្នំពេញ៖ ការស្នើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងពិធីប្រកាសសុពលភាព និងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ នៅកីឡដ្ឋានមរតតេជោ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ពិនិត្យ និងសិក្សាលម្អិតអំពីលទ្ធភាពនៃការវិនិយោគបន្ថែមលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក្នុងទីតាំងដែលមានស្រាប់ និងការបង្កើតសេវាថ្មីសម្រាប់រកចំណូលបន្ថែម ដើម្បីមានលទ្ធភាពចិញ្ចឹមពហុកីឡដ្ឋានជាតិ ប្រកបដោយនិរន្តរភាព និងដើម្បីអាចប្រើប្រាស់សម្រាប់ការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ទាំងកម្រិតជាតិ និងអន្តរជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ដោយពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងឆ្ងាយពីទីប្រជុំជន ដូច្នេះហើយឧបនាយករដ្ឋមន្ត្រីសូមស្នើឲ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ យកចិត្តទុកដាក់បន្ថែមលើគុណភាពសេវា, បរិស្ថាន, អនាម័យ, សុវត្ថិភាព និងសន្តិសុខ នៅក្នុងបរិវេណ និងនៅជុំវិញ ពហុកីឡដ្ឋានជាតិ ដើម្បីបង្កើនភាពទាក់ទាញឲ្យប្រជាពលរដ្ឋ ទាំងអ្នករស់នៅជិតតំបន់នេះ និងអ្នកនៅឆ្ងាយ អាចមកលេងកម្សាន្ត ដោយក្តីរីករាយ និងបង្កើតការចងចាំល្អៗ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានអំពាវនាវដល់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន ផ្តល់ការគាំទ្រដល់ពហុកីឡដ្ឋានជាតិ តាមរយៈការប្រើប្រាស់សេវា និងការជួលទីតាំង សម្រាប់រៀបចំកម្មវិធីផ្សេងៗ ដែលទាក់ទងនឹងកីឡា, វប្បធម៌, សិល្បៈ, ការកម្សាន្ត និងការតាំងពិព័រណ៍តាមរយៈការដាក់លក់ផលិតផលផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅទីនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានចាត់ទុកជាសមិទ្ធផលដ៏ធំស្កឹមស្កៃ និងជាសំណង់ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ក្នុងយុគសម័យទំនើម ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមខិតខំថែរក្សាមរតកជាតិនេះ ឲ្យបានល្អ និងគង់វង្សយូរអង្វែង ព្រមទាំងគប្បីប្រើប្រាស់ពហុកីឡដ្ឋាននេះ និងពហុកីឡដ្ឋានជាតិអូឡាំពិក, ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកៀរគរចំណូលឲ្យបានជាអតិបរមា សំដៅកាត់បន្ថយបន្ទុកចំណាយថវិការដ្ឋ ស្របតាមអភិក្រម «ពហុកីឡដ្ឋានជាតិ ចិញ្ចឹមពហុកីឡដ្ឋានជាតិ» ។ នេះគឺជាមូលហេតុចម្បង ដែលរាជរដ្ឋាភិបាល បានសម្រេចបង្កើតពហុកីឡដ្ឋានជាតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
សូមបញ្ជាក់ថា វិស័យកីឡានៅកម្ពុជា បាននិ ងកំពុងបន្តបោះជំហានទៅរកការរីកចម្រើន ក្នុងកម្រិតថ្មីមួយទៀត តាមរយៈចំនួនមេដាយ ដែលអត្តពលិកកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៣ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្ត៕