Thursday, July 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរស្រុកឲ្យដៃ ទើបចោរព្រៃវាហ៊ាន! សន្តិសុខយាមវេនយប់ក្នុងបុរី ចាំមើលផ្លូវអោយបុរសម្នាក់ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារ

spot_img

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ មានករណីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ កើតឡើងនៅចំណុចផ្ទះល្វែង ក្នុងបុរីមួយកន្លែង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមក កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៣៤ឆ្នាំ ព្រមជាមួយវត្ថុតាងមួយចំនួន រួមមាន៖ ខ្សែ​ភ្លើង​កាត់​កង់ៗ​ ចំនួន​០២​ វ៉ាឡូ​, ម៉ូទ័រ​ស្វាន​ ០១គ្រឿង​, រណាអាដែក​ ០១ដើម​, ដង្កាប់​ ០២ដើម​, ម៉ាលេត​ ០១, ពិល​ ០១, កាំបិត​តាំងតោ​ ០១​ និង ជំពាម​កៅស៊ូ​ចំនួន​០១ ព្រមជាមួយគ្រាប់​កង់​សំរាប់​បាញ់​ចំនួន​០១ស្បោង​។ ក្រោយពេលស្តាប់ចម្លើយជនសង្ស័យ ឈ្មោះ សុខ ចិន្តា បានសារភាពថា ខ្លួនអាចចូលគាស់ផ្ទះខាងលើបាន ដោយសារមានការសហការពីសន្តិសុខបុរី ជាអ្នកផ្តល់ព័ត៌មាននិងចាំមើលផ្លូវ។ បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌសែនសុខ បានបន្តចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ កែវ សុខវ៉េត ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជាសន្តិសុខបុរីខាងលើ។

ជនសង្ស័យឈ្មោះ សុខ ចិន្តា បានបន្ថែមថា ខ្លួនមានបក្ខពួក ១២នាក់ (ប្រុស ០៨នាក់ និងស្រី០៤នាក់) បានដើរធ្វើសកម្មភាពលួចគាស់ផ្ទះនៅតាមបុរី លួចយកទ្រព្យសម្បត្តិ បានមួយចំនួន ដូចជា៖ ខ្សែភ្លើង សម្ភារៈបន្ទប់ទឹក ទុយោ ម៉ាស៊ីនត្រជាក់ អំពូលភ្លើង។ល។ ចំពោះទីតាំងបុរីខាងលើនេះ ខ្លួនធ្លាប់លួចបានសម្រេច ០៧លើកមកហើយ ដោយមានសន្តិសុខយាមបុរីខាងលើជាអ្នកបោះដៃ និងចាំមើលផ្លូវ។ ជនសង្ស័យ កែវ សុខវ៉េត ក៏បានឱ្យដឹងដែរថា ខ្លួនជាសន្តិសុខយាមវេនយប់ក្នុងបុរីខាងលើ ហើយខ្លួនបានស្គាល់បុរសឈ្មោះ សុខ ចិន្តា រយៈពេល ០៧ ខែមកហើយ ហើយពិតជាបានចាំមើលផ្លូវអោយបុរសម្នាក់នោះ ចូលធ្វើសកម្មភាពលួចគាស់ផ្ទះលួចយកសម្ភារមួយចំនួន នៅក្នុងបុរីដែលខ្លួនធ្វើការ ចំនួន ០៧លើកពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលកំពុងរត់គេចខ្លួន អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×