Tuesday, July 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្ថិតក្នុងចំណោម ប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួលស្គាល់ជាអន្តរជាតិ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរមីន មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោស សម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដឹកនាំរួមដោយ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាង អង្គការ UNDP ប្រចាំនៅកម្ពុជា និងមានការចូលរួមពីតំណាងប្រទេសផ្ដល់ជំនួយរួមមាន អូស្ត្រាលី នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ(KOICA) និងអង្គភាពផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ និង ខេត្តព្រះវិហារ ដើម្បីស្តាប់នូវរបាយការណ៍នៃការអនុវត្តការងារឆមាសទី១ ឆ្នាំ២០២៤ ពិភាក្សាការងារ គន្លឹះសម្រាប់អនុវត្តក្នុងឆមាសទី២ ឆ្នាំ២០២៤ និងបញ្ហាផ្សេងៗ។

គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤(២០២០-២០២៥) ផ្តោតលើខេត្ត ចំនួន៣ គឺ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងបានពង្រីកការបោសសម្អាតមីនបន្ថែមនៅក្នុង ខេត្តឧត្តរមានជ័យ និងព្រះវិហារ មានថវិកាសរុប ២៣,៨៥ លានដុល្លារអាមេរិក បានមកពីរាជរដ្ឋាភិបាល កម្ពុជា ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ(KOICA) និងUNDP។ គម្រោងបោសសម្អាត មីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចែកចេញជាសកម្មភាពធំៗបីគឺ ទី១៖ គាំទ្រប្រតិបត្តិការបោសសម្អាត មីន ទី២៖ គាំទ្រការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃការអប់រំការយល់ដឹងអំពីមីន ការជួយជនរងគ្រោះ ការបញ្ជ្រាបយេនឌ័រក្នុងសកម្មភាពមីន ការធ្វើឱ្យប្រសើរឡើងនូវការវិភាគ ការប្រមូល ការផ្សព្វផ្សាយ ទិន្នន័យ និងទី៣៖ ពង្រឹងសមត្ថភាពមន្ត្រីអាជ្ញាធរមីនដើម្បីតម្រង់ទិសគ្រប់គ្រង សម្របសម្រួល ត្រួតពិនិត្យ វិស័យមីនឱ្យមានប្រសិទ្ធភាព អនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងកសាង
សមត្ថភាពដើម្បីដោះស្រាយការគម្រាមដែលនៅសេសសល់។

ចាប់ពីឆ្នាំ២០០៦ ដល់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនក្រោមគម្រោងបោសសម្អាត មីនដើម្បីលទ្ធផល សម្រេចបាន ៣៦០ គីឡូម៉ែត្រការ៉េ និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង ១,២លាននាក់ នៅតាមបណ្តាខេត្តភាគខាងលិចប្រទេសកម្ពុជា។ មីនប្រឆាំងមនុស្ស ៧៦៦៥៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១ ៥៣១ គ្រាប់ និងយុទ្ធភណ្ឌគ្រឿងផ្ទុះដទៃទៀត ២១៩ ៣៨៥ ត្រូវបានរកឃើញ និង កម្ទេចចោល។ ដោយឡែកសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ការបោសសម្អាតមីនសម្រេចបាន ៧,៦ គីឡូម៉ែត្រការ៉េ ស្របតាមផែនការ និងគ្រោងបោសសម្អាត ១០,៤ គីឡូម៉ែត្រការ៉េទៀត សម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ការងារផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងយុទ្ធភណ្ឌគ្រឿងផ្ទុះ ការងារ បង្កើនសមត្ថភាព ការងារសង្គ្រោះជនរងគ្រោះដោយសារមីន ការងារបញ្ជ្រាបយេនឌ័រ និងការងារផ្សេងៗ ទៀត ទទួលបានលទ្ធផលល្អប្រសើរតាមផែនការ។

រយៈពេល៣១ឆ្នាំ (១៩៩២-២០២៣) កម្ពុជា រំដោះផ្ទៃដីពីការគំរាមដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាមបានចំនួន ៣ ០២៤ គីឡូម៉ែត្រការ៉េ រកឃើញនិងកម្ទេចចោលមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមរាប់លានគ្រាប់ និងមានអ្នកទទួលផលជាច្រើនលាននាក់។ ទន្ទឹមនឹងនោះ កម្ពុជាបានដាក់ ផែនការរំដោះផ្ទៃដីមានមីនទំហំ ២០០គីឡូម៉ែត្រការ៉េ សម្រាប់ឆ្នាំ២០២៤-២០២៥។ កម្ពុជា ស្ថិតក្នុងចំណោម ប្រទេសក្នុងពិភពលោកដំបូងគេ ដែលធ្វើការបោសសម្អាតមីនមនុស្សធម៌ជាទ្រង់ទ្រាយធំ ត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ជាមួយគ្នានោះ ក្នុងនាមជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ច ប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ៅ) ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី បានរាយការណ៍ជូនអង្គ ប្រជុំនូវវឌ្ឍនភាពការងារដោយផ្តោតទៅលើ អាទិភាពចំនួនបី៖ ១.ជំរុញសកលភាវូបនីយកម្មនៃអនុសញ្ញ ២.ពង្រឹងការអនុវត្តមាត្រា៥(ការបោសសម្អាតមីន) និង ៣.ជួយជនរងគ្រោះដោយសារមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ក្នុងនោះក៏មានការលើកឡើងអំពីការធានាភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូល សៀមរាប-អង្គរ ស្ដីពីភិភពលោកមួយដែលគ្មានមីន ផងដែរ។

ក្នុងនាម សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន សូមថ្លែងអំណរ គុណដ៏ជ្រាលជ្រៅដល់ប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កាណាដា បារាំង ស្វីស អង់គ្លេស សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចិន ន័រវែស បែលហ្សិក អូទ្រីស អៀរឡង់ សាធារណរដ្ឋកូរ៉េ ឥណ្ឌា ហុងគ្រី UNDP UNICEF KOICA HDR&D ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល វិស័យឯកជន សប្បុរសជនដ៏ទៃទៀត និង ប្រតិបត្តិករជាតិ-អន្តរជាតិ ដែលតែងតែគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងការរួមចំណែក ជួយសកម្មភាពមនុស្សធម៌ កាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងកាត់បន្ថយអត្រាគ្រោះថ្នាក់ ដើម្បីឱ្យកម្ពុជា សម្រេចបាននូវគោលដៅដូចការគ្រោងទុក។

ជាចុងបញ្ចប់ ក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលទាំងអស់ បានសម្តែងនូវ ការគាំទ្រ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ភាពជោគជ័យក្នុងការដឹកនាំ និងដោះស្រាយ បញ្ហាសកម្មភាពមីនរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ព្រមទាំងប្តេជ្ញាបន្តរៀបចំផែនការរយៈពេលវែងរបស់ខ្លួន ក្នុងការគាំទ្រដល់ផែនការយុទ្ធសាស្ត្រសកម្មភាពមីនរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអាចឱ្យកម្ពុជាអស់ការគំរាមពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕ ​រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×