បន្ទាយមានជ័យ ÷ នៅវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស្រី ថានី ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា រហូតដល់វេលាម៉ោង១២និង០០នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់ ១-ឈ្មោះ ខាំ សុង ភេទប្រុស អាយុ៤៤ឆ្នាំ,២-ឈ្មោះ ឆន ឆៃលី ភេទប្រុស អាយុ៣៩ឆ្នាំ (ជនសង្ស័យទាំង២នាក់ស្នាក់នៅមិនពិតប្រាកដ ក្នុងក្រុងប៉ោយប៉ែត) ,៣-ឈ្មោះទូច ពៅភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាមួយគ្នានោះកម្លាំងក៏បានដកហូតវត្ថុតាង ម៉ូតូម៉ាកហុដា PCX ពណ៌ប្រាក់-ខ្មៅ ផលិតឆ្នាំ២០១៨ ចំនួន០១គ្រឿង។បន្ទាប់មកកម្លាំងក៏បាននាំខ្លួនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី និងបានធ្វើតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតបានលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន និងយកទៅបញ្ចាំបានលុយយកមកសុីចាយ ព្រមទាំងទិញគ្រឿងញៀនយកមកប្រើប្រាស់ផង។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនជនរងគ្រោះវិញហើយដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី