Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកា​ទឹកស្អាតកម្ពុជា ជំរុញកិច្ច​ខិតខំ​រួមគ្នា ​ដើម្បី​លើកកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង ប្រទេស​

ភ្នំពេញ ៖ វេទិកាទឹកស្អាតកម្ពុជាត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹង​កិច្ច​សហការរវាងរដ្ឋ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីកម្ពស់​លទ្ធភាព​ទទួលសេវា​ទឹក​ស្អាតទូទាំង​ប្រទេស​។

វេទិកា​ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលផ្តុំភាគីពាក់​ព័ន្ធ​ជាង៥០០នាក់ ដើម្បីពិភាក្សាលើការពង្រឹងការអនុវត្ត​ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងអនុលោមភាពអាជ្ញាប័ណ្ណប្រតិបត្តិការសេវាផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា រដ្ឋបាន​ផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជន ឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ​ការ ផ្គត់​ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់​តម្រូវការប្រចាំថ្ងៃ គាំទ្រដល់សុខភាពសាធារណៈ និងសម្រាប់ទាក់ទាញការវិនិយោគ និងការ​អភិវឌ្ឍឧស្សាហកម្ម​។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងធ្វើការវាយ​តម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យនេះ។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន​រាយ​ការណ៍ថា ធនាគារបានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយ​ធនាគារក៏បាន​អនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤ លានដុល្លាររួចហើយ ជូនដល់​ប្រតិបត្តិករទឹកស្អាតឯកជន។

នៅក្នុងវេទិកានេះ តំណាងស្ថាប័នហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបង្ហាញពីផលិតផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់វិស័យទឹកស្អាតផងដែរ។ សាជីវកម្មធានា​ឥណទាន​កម្ពុជាបានបញ្ជាក់ថាស្ថាប័ននេះបានធានាប្រាក់កម្ចីសរុបប្រមាណ ២០១ លានដុល្លារអាមេរិក ដោយមួយ​ផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។

នៅក្នុងកិច្ចពិភាក្សា ប្រតិបត្តិករទឹកស្អាតឯកជនបានអំពាវនាវឱ្យក្រសួងជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួន រួមទាំងស្វែងរកដំណោះ​ស្រាយចំពោះការខូចខាតបណ្តាញចែកចែកទឹកស្អាត ដែលបង្កដោយគម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ និងស្នើសុំការគាំទ្រប្រភពទឹកដែលមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើរបស់វិស័យឯកជន និងបានរំលេចពីតួនាទីសំខាន់របស់​សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ ឯកឧត្តមបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹក​ស្អាតឯកជន​ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាព​បច្ចេក​ទេស និងអនុលោមភាព ដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×