Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប (EU) ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងសហភាពអឺរ៉ុប(EU) ចុះពិនិត្យវឌ្ឍនភាពអនុគម្រោងអាងទឹកភាស ស្ថិតក្នុងស្រុកឯកភ្នំ និងស្រុកថ្មគោល និងអនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ ក្នុងឃុំក្ដុលតាហែន ស្រុកបវេល នៃគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

សូមជម្រាបថា សមាសភាពគណៈប្រតិភូដែលអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងនាពេលនេះមាន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកនាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំតំបន់អាស៊ាន លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា លោកប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងអាជ្ញាធរមូលដ្ឋានផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០មានអនុគម្រោងចំនួន៩ ដែលត្រូវអនុវត្តដូចជា៖ អនុគម្រោងអាងទឹកភាស អនុគម្រោងប្រព័ន្ធកង្ហត អនុគម្រោងជួសជុលទំនប់សណ្ដកំពីងពួយ អនុគម្រោងជួសជុលសំណង់តាហែននិងប្រឡាយនាងលាក់ និងអនុគម្រោងជួសជុលប្រឡាយមេ (លេខ១ លេខ២ លេខ៣ លេខ៤ លេខ៥)។

ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងប្រតិភូសហភាពអឺរ៉ុប(EU) បានសម្ដែងនូវក្ដីសប្បាយរីករាយ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគម្រោងដែលសម្រេចបាន ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដែលបានផ្ដួចផ្តើមឱ្យមានដំណើរទស្សនកិច្ចដ៏មានសារសំខាន់ ក្នុងការចុះពិនិត្យជាក់ស្ដែងដល់ទីតាំងអនុវត្តគម្រោង និងជួបជាមួយបងប្អូនប្រជាកសិករនៅតាមសហគមន៍នានា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ស្របតាមទស្សនវិស័យ បង្កើតដោយសហគមន៍ ធ្វើការជាមួយសហគមន៍ និងដើម្បីសហគមន៍។

សូមបញ្ជាក់ថា គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ជាផ្នែកមួយនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរកសិកម្មនៅកម្ពុជា(WAT4CAM) ជំហានទី១ ក្រោមហិរញ្ញប្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ(AFD) និងពីសហភាពអឺរ៉ុប(EU) ដែលចាប់អនុវត្តពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ ដោយបានជ្រើសរើសខេត្តចំនួន៥ រួមមាន៖ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ ក្នុងនោះខេត្តបាត់ដំបងមានគម្រោងចំនួនពីរ ដែលត្រូវអនុវត្តគឺ ១)គម្រោងស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រកង្ហត និង២)គម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×