Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ក្រឹត្យ​ បន្ថយ​ឋានន្តរសក្ដិ​ឧត្ដមសេនីយ៍​ទោ​ អេង​ សាវឿន​ មកនៅ​ត្រឹម​ថ្នាក់​ ពលបាលត្រី​ , បុគ្គលនេះ កំពុង​ជាប់​ពន្ធនាគារពីបទ​ «ឆបោក​ប្រាក់​ ៥​ ម៉ឺនដុល្លារ​» ពាក់ព័ន្ធ​រត់ការចូលក្របខណ្ឌ​នគរបាលជាតិ​

ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ទោ អេង សាវឿន អត្តលេខ ៣៣៤៥០ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា​ នៅដេីមឆ្នាំ​ ២០២៤​ កន្លង​មក​នេះ​ លោកឧត្ដមសេនីយ៍​ទោ​ អេង​ សាវឿន​ អនុប្រធាន​នាយកដ្ឋាន​បង្ការនិង​ពន្លត់​អគ្គីភ័យ​ ក្រសួងមហាផ្ទៃ​ ត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​ពីបទ​ «ឆបោក​ប្រាក់​ ៥​ ម៉ឺនដុល្លារ​» ពាក់ព័ន្ធ​រត់ការចូលក្របខណ្ឌ​នគរបាលជាតិ​ ។

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។

ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា។

តែ​បុគ្គលនេះ​រត់ការ​មិនបានសម្រេចហើយមិនអោយ​លុយជនរងគ្រោះវិញ​ទើប​ជនរងគ្រោះ​ប្ដឹងសមត្ថកិច្ច​ ។ បច្ចុប្បន្នឈ្មោះ​ អេង​ សាវឿន​ កំពុង​ជាប់​ពន្ធនាគារនៅឡើយ​៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×