ភ្នំពេញ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនមេធាវីមានងារជាឧកញ៉ា ដាក់ខុន បញ្ចសិទ្ធិ ពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនដែលចេញដោយលោកស សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានឃើញ សំណុំរឿងព្រហ្មទណ្ឌលេខ ៥០០៤ ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ បានឃើញ ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣៥៥០ អ.យ.ឍ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២០៤ របស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បានឃើញ សំណុំរឿងស៊ើបសួរលេខ៣៥៦៧ ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ។ បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ 596……ងដពស ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ។ -ដែលទាក់ទងនឹងជនត្រូវចោទឈ្មោះ ខុន បញ្ចសិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេធាវី និង ឧកញ៉ា ទឹកន្លែងកំណើតនៅ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅ ផ្ទះលេខ៩អីសូន្យ ផ្លូវលេខ២៨ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានឪពុកឈ្មោះ ខុន ដារ៉ា (រស់) ម្តាយឈ្មោះ វ៉ាត់ វណ្ណបូលីការ (រស់) ប្រពន្ធឈ្មោះ សាំង សុវណ្ណមាលា (រស់) មានកូន២នាក់ ជានីតិជន ។ ឃាត់ខ្លួននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤។ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ គ្មាន។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ កាន់កាប់ ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅ ចំណុចក្លឹបកំសាន្តCENTRAL X ដែលមានទីតាំងស្ថិតនៅផ្លូវរដ្ឋសភា ខាងកើតស្ថានទូតរុស្ស៊ី សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿង ផ្ទុះ និងគ្រាប់រំសេវ។
ចៅក្រមបង្គាប់ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ ខុន បញ្ចសិទ្ធិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។ ២-ឲ្យលោកប្រធានពន្ធនាគាររាជធានីភ្នំពេញ (PJ) ទទួល និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ៣-ឲ្យគ្រប់ភ្នាក់ងារ នៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញ ក្នុង ករណីចាំបាច់។
សូមរំលឹកថា នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយហៅស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុងនោះបុរសម្នាក់ដែលអ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើងខ្លីមួយដើមចេញពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹបបានតាមអង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់ឡើងលើ០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវបានក្រុមសន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។
ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នកបាញ់គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាពទទួលស្គាល់ថាខ្លួនពិតជាអ្នកបាញ់ដូចសម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិនមែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





