ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ស្ថាបនិក និងអគ្គនាយកបុរី មេគង្គ លែន អ្នកឧកញ៉ា ជាម ឃុនណាត ព្រមទាំងគណៈថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃ បុរី មេគង្គ លែន សូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្ត និងចូលរួមអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។
នេះជាព្រែកជីកជាប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយកំពុងបន្តជំរុញការអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ជាឧត្តមប្រយោជន៍សម្រាប់សេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូល។
បុរី មេគង្គ លែន មានសេចក្តីត្រេកអរជាក្រៃលែងពីផលវិជ្ជមានដែលប្រទេសកម្ពុជានឹងទទួលបានពីការសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងជឿជាក់យ៉ាងមោះមុតថាគម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់ផលប្រយោជន៍ដល់ប្រព័ន្ធដឹកជញ្ជូន, ប្រព័ន្ធស្រោចស្រពនៅភាគនិរតី, ប្រព័ន្ធបញ្ចៀសទឹកជំនន់, ការបង្កើនផលរបរនេសាទរបស់ប្រជាជន, ការបង្កើតតំបន់ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស, និងវិស័យទេសចរណ៍ដែលបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
ជាចុងក្រោយ បុរី មេគង្គ លែន សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះភាពប៉ិនប្រសប់នៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចេញគោលនយោបាយ និងផែនការយុទ្ធសាស្រ្តយូរអង្វែងនេះ និងថ្លែងគោរពកោតសរសើរដល់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញការចាប់ផ្តើមការសាងសង់នៃគម្រោងព្រែកជីកនេះ។ បុរី មេគង្គ លែន សូមជូនពរការសាងសង់ព្រែកជីកហ្វូណនតេជោ ដំណើរការទៅដោយរលូន ដើម្បីបម្រើជាផលប្រយោជន៍ជាតិសម្រាប់ប្រជាជនកម្ពុជារាប់ជំនាន់តទៅអនាគត។
បុរី មេគង្គ លែន ផ្តើមជីវិតរីករាយនិងជោគជ័យនៅទីនេះ!