Saturday, January 17, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ជា វុទ្ធី ៖ ពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ ដើរតួជាវេទិកាដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី

ភ្នំពេញ ៖ “ពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ មិនត្រឹមតែផ្ដល់នូវវេទិកាដ៏មានតម្លៃសម្រាប់ធុរជនសិង្ហបុរី ក្នុងការតាំងបង្ហាញផលិតផល និងសេវាកម្មប្រកបដោយនវានុវត្តន៍ ព្រមទាំងស្វែងរកកិច្ចសហការជាមួយដៃគូធុរកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាវេទិកាដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីផងដែរ” ប្រសាសន៍ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤។

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ និងជាតំណាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធីពិព័រណ៍ធុរកិច្ចសិង្ហបុរី ២០២៤ នៅផ្សារទំនើបអូឡាំព្យា រាជធានីភ្នំពេញ ដែលរៀបចំដោយវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក Albert_Tan ប្រធានវេទិកាធុរកិច្ចវិនិយោគសិង្ហបុរី និងជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា, តំណាងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា, វិនិយោគិន និងធុរជនសរុបប្រមាណ ១២០នាក់។ មានប្រសាសន៍នៅក្នុងកម្មវិធីបើកពិព័រណ៍ ឯកឧត្តមអគ្គលេខាធិការបានលើកឡើងថា កម្មវិធីនេះ មិនត្រឹមតែផ្តល់នូវវេទិកាដ៏មានតម្លៃសម្រាប់ធុរជនសិង្ហបុរី ក្នុងការតាំងបង្ហាញផលិតផល និងសេវាកម្ម ប្រកបដោយនវានុវត្តន៍ ព្រមទាំងស្វែងរកកិច្ចសហការជាមួយដៃគូធុរកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជា វេទិកាដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរីផងដែរ។ ប្រទេសសិង្ហបុរីគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ។

យោងតាមទិន្នន័យដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគពីសិង្ហបុរីស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង១០ ដោយ បានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ។ ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច។ វត្តមាននៃក្រុមហ៊ុនធំៗ ដូចជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles & Keith, Ya Kun និង 800super បានបង្ហាញ ថា ការវិនិយោគរបស់សិង្ហបុរីពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានចែករំលែកនូវចំណុចគន្លឹះមួយចំនួនដែលបានទាក់ទាញវិនិយោគិនសិង្ហបុរីមកបោះទីតាំងនៅកម្ពុជា ដូចជា កត្តាមូលដ្ឋានសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា, កម្លាំងពលកម្មវ័យក្មេងនិងមានជំនាញ, ទីតាំងយុទ្ធសាស្ត្រដែលស្ថិតនៅចំកណ្តាលនៃមហាអនុតំបន់មេគង្គនិងតំបន់អាស៊ីអាគ្នេយ៍, កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគី ជាមួយទីផ្សារធំៗ។ វិនិយោគិនទទួលបានផលប្រយោជន៍ពីភាពងាយស្រួលក្នុងការប្រើប្រាស់ថាមពលស្អាត និង បៃតង ដោយប្រមាណ ៥៧% នៃការផ្គត់ផ្គង់អគ្គិសនីរបស់កម្ពុជា គឺទទួលបានពីប្រភពថាមពលកកើតឡើងវិញ។

បន្ថែមលើនេះ រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងកសិ- ឧស្សាហកម្ម ជាពិសេស ដំណាំកៅស៊ូ និងការកែច្នៃជ័រកៅស៊ូ ព្រមទាំងបានវិនិយោគយ៉ាងច្រើននៅក្នុងគម្រោង ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលកំពុងប្រតិបត្តិការ ព្រមទាំង គម្រោងនាពេលខាងមុខ ដូចជាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលតភ្ជាប់ប្រទេសកម្ពុជាទៅប្រទេសវៀតណាម និងថៃរៀងគ្នា ដែលជាលទ្ធផលនឹងជួយសម្រួលដល់ការ អនុវត្តយុទ្ធសាស្ត្រ “ប្រទេសបូក” របស់អាជីវកម្ម។ ចំពោះគម្រោងអាកាសយានដ្ឋានថ្មីៗ អាកាសយានដ្ឋានអន្តរ ជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការកាលពីខែតុលាកន្លងទៅ ខណៈដែលអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងត្រូវបានសាងសង់និងគ្រោងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំនេះ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៍បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវគម្រោងជាប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដោយមានការ ប្រារព្ធពិធីអបអរសាទរទូទាំងប្រទេសកាលពីសប្តាហ៍មុននេះផងដែរ។ បន្ថែមលើនេះ ការបង្កើត តំបន់តឹ កោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) តាំងពីឆ្នាំ១៩៩៩ បានពង្រឹងជាបន្តបន្ទាប់នូវ បណ្តាញហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ ព្រំដែន និងវិបុលភាពសេដ្ឋកិច្ច ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង បី ដូចជាបណ្តាញផ្លូវថ្នល់កាន់តែប្រសើរ ការពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងការធ្វើឱ្យប្រសើរឡើងនូវការ អភិវឌ្ឍវិស័យទេសចរណ៍។

នៅក្នុងឱកាសនេះផងដែរ ឯកឧត្តមអគ្គលេខាធិការក៏បានរៀបរាប់ដោយសង្ខេបអំពីស្ថានភាពអភិវឌ្ឍន៍ តំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន២៦ដែលកំពុងដំណើរការ ដោយបានស្រូបទាញគម្រោងវិនិយោគប្រមាណជាង ៧០០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណជាង ២៨ប៊ីលាន ដុល្លារអាម៉េរិក និងបង្កើតការងារបានជាង ១៨០ពាន់កន្លែង។
ឯកឧត្តមអគ្គលេខាធិការក៏បានលើកឡើងពីច្បាប់ ស្តីពីវិនិយោគនិងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ដែលផ្តល់ជូនវិនិយោគិននូវកញ្ចប់លើកទឹកចិត្តឆ្លាតវៃ គោល នយោបាយ និងការបន្តដាក់ចេញនូវវិធានការគាំទ្ររបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគ និង ធុរកិច្ចនៅកម្ពុជា។
នៅចុងបញ្ចប់ ផ្អែកលើកត្តាអំណោយផលដូចបានរៀបរាប់ខាងលើ ឯកឧត្តមអគ្គលេខាធិការ បានលើកទឹកចិត្តដល់វិនិយោគិនសិង្ហបុរីដែលមានវត្តមានស្រាប់ ពង្រីកការធ្វើអាជីវកម្មរបស់ពួកគេនៅកម្ពុជា និងអញ្ជើញវិនិយោគិនសិង្ហបុរីសក្តានុពល ពិចារណាជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគបន្ទាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×