Wednesday, February 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអ្នកផលិតអំបិល បានអះអាងថា តម្លៃអំបិលស្លឹកថ្លៃ ៣ម៉ឺនដុល្លារ ក្នុងមួយតោន និងផ្កាអំបិលមានតម្លៃពី ៨.០០០ ទៅ ៩.០០០ដុល្លារ ក្នុងមួយតោន

ភ្នំពេញ៖ ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានអះអាងថា នៅក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ​ប្រទេសកម្ពុជា បាននាំចេញអំបិលទៅក្រៅប្រទេសបានចំនួន ៨០តោន និងនាំចេញអំបិលសម្គាល់ភូមិសាស្រ្ត (GI) បានប្រមាណ ៣០តោន ដោយអំបិលទាំងនេះ ត្រូវបាននាំចេញទៅទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុប មានដូចជា៖ ប្រទេសឆែក, បារាំង, អង់គ្លេស, ស្វីស និងទីផ្សារប្រទេសជប៉ុនជាដើម។

នេះបើតាមការឲ្យដឹងពីលោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ក្នុងកិច្ចប្រជុំដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ដែលប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។

លោក ប៊ុន ណារិន បានឲ្យដឹងថា ជាង២ឆ្នាំកន្លងមកនេះ កម្ពុជាយើងបាននាំចេញអំបិលទៅក្រៅប្រទេសបានចំនួន ៤កុងតឺន័រ ដោយមួយកុងតឺន័រ មានអំបិល ២០តោន។ ក្នុងនោះ ការនាំចេញអំបិល GI មានប្រមាណ ៣០តោន។ ហើយប្រភេទអំបិលស្លឹក គឺទីផ្សារអឺរ៉ុប មានតម្រូវការយ៉ាងច្រើនជាងគេ។ ក្រៅពីទីផ្សារប្រទេសខាងលើ ក្រុមអ្នកផលិតអំបិលកម្ពុជា ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារប្រទេសចិន និងអូស្រា្តលី ផងដែរ។

លោក ប៊ុន ណារិន បានបន្តថា ការនាំចេញអំបិលស្លឹកគឺមានតម្លៃ ៣ម៉ឺនដុល្លារ ក្នុងមួយតោន និងផ្កាអំបិលមានតម្លៃពី ៨.០០០ ទៅ ៩.០០០ដុល្លារ ក្នុងមួយតោន។ រីឯ ការនាំចេញអំបិលធម្មតា ដូចជា អំបិលម៉ត់ និងក្រួស មានតម្លៃពី ១.១០០ ទៅ ១.៣០០ដុល្លារ ក្នុងមួយតោន។

សម្រាប់ឆ្នាំ២០២៣-២០២៤ ការផលិតអំបិលរបស់កម្ពុជាពីទឹកសមុទ្រកំពត-កែប បានប្រមាណ ១៣ម៉ឺនតោន ខណៈចំនួននេះ មានកំណើនជិត ១០០% បើធៀបនឹងឆ្នាំផលិតអំបិល ២០២២-២០២៣ ក៏ព្រោះតែអាកាសធាតុអំណោយផលល្អ។ សម្រាប់ឆ្នាំ ២០២៣-២០២៤នេះ អាចផលិតបានរហូតដល់ ២០ម៉ឺនតោន ឬលើសពីនេះ ខណៈតម្រូវការអំបិលក្នុងស្រុកប្រមាណតែ ១០ម៉ឺនតោនប៉ុណ្ណោះ។

បើតាមប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានគូសបញ្ជាក់ថា អំបិលកម្ពុជាមានគុណភាពល្អណាស់ ដូច្នេះទីផ្សារអឺរ៉ុបឱ្យតម្លៃលើអំបិលយើង ព្រោះអំបិលយើងជាប្រភេទអំបិលសមុទ្រធម្មជាតិ ហើយគេមិនចង់បានអំបិលរ៉ែ ដែលធ្វើចេញពីរោងចក្រនោះទេ។ អំបិលដែលកម្ពុជាបានចេញទៅទីផ្សារប្រទេសអឺរ៉ុប គឺជាប្រភេទផ្កាអំបិល អំបិលក្រួស អំបិលស្លឹក។ រីឯប្រភេទម៉ត់ ត្រូវបាននាំចេញទៅប្រទេសជប៉ុន ស្របពេលដែលបច្ចុប្បន្នអំបិលកម្ពុជា គឺមានការទទួលបានស្គាល់ទូលំទូលាយពីទីផ្សារប្រ ទេសក្នុងតំបន់អឺរ៉ុប៕