ខេត្តព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម យន្ត មីន នៅព្រឹកអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨នេះ បានធ្វើដំណើរតាមរថយន្ត ដើម្បីចុះទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅស្ពានស្ទឹងសំរោង ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានជំនន់លិចលង់។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ករណីជំនន់ទឹកភ្លៀងជន់លិច នៅផ្លូវជាតិលេខ៤ គិតត្រឹមម៉ោងជាង ៦ព្រឹក ថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ គឺស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង ទឹកបានហូរលើផ្លូវជាតិមានកំពស់ ០៨តឹក និងហូរកាត់តាមបណ្ដោយផ្លូវជាតិប្រហែលជាង ៤០០ម៉ែត្រ។
មន្ត្រីកងរាជអាវុធហត្ថ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានឲ្យដឹងបន្តទៀតថា បច្ចុប្បន្ននេះ ទឹកនៅតែបន្តឡើងព្រោះអាកាសធាតុមេឃកំពុងភ្លៀង។
ដោយឡែក ចំពោះការធ្វើចរាចរណ៍ត្រូវផ្អាកទាំងរថយន្តតូច និងរថយន្តធំទាំងស្រុង។ មន្ត្រីកងរាជអាវុធហត្ថ ឲ្យដឹងថា គិតមកត្រឹមម៉ោងជិត ៨ព្រឹកថ្ងៃអាទិត្យនេះ ទឹកនៅបន្តជន់ឡើង រីឯចរាចរណ៍ត្រូវបានបិទមិនឲ្យរថយន្តតូចធំបើកឆ្លងកាត់នោះទេ៕ ដែន សីមា