ក្នុងដំណើរបន្តចុះសួរសុខទុក្ខ និងពិភាក្សាការងារជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការយកចិត្តទុកដាក់លើការគាំទ្រកាតាលីករទីផ្សារ ដែលនឹងជួយជ្រោមជ្រែងភាគីពាក់ព័ន្ធ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
ឯកឧត្តមបានលើកឡើងថា សិប្បកម្មផលិតទឹកកកជាកាតាលីករទីផ្សារមួយ ហើយការផលិត ការវេចខ្ចប់ និងការទុកដាក់ទឹកកកតាមស្តង់ដារត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ទាំងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធត្រជាក់ (Cold Chain) ដើម្បីពង្រីកសក្តានុពលជលផល និងកសិផលរបស់ខេត្តបន្ថែមទៀត។
ខេត្តស្ទឹងត្រែង និងខេត្តក្រចេះមានទីតាំងភូមិសាស្ត្រនៅជាប់នឹងដងទន្លេមេគង្គ មានធនធានជលផល និងកសិផលដ៏សម្បូរបែប។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “ការអភិវឌ្ឍប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធិភាព នឹងជួយកាត់បន្ថយការខូចគុណភាព ដោយធានាថា ធនធានជលផល និងកសិផលផ្សេងទៀត អាចទៅដល់ទីផ្សារក្នុងគុណភាពខ្ពស់បំផុត។ ហើយបើយើងអាចធ្វើដូច្នេះបាន យើងអាចលើកកម្ពស់ទីផ្សារផលិតផលទាំងនេះ និងពង្រឹងសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្ត។”
នៅក្នុងខេត្តក្រចេះ ដែលមានសិប្បកម្មផលិតស្រាអង្ករខ្នាតតូចជាង៧០០មូលដ្ឋាន ឯកឧត្តម ហែម វណ្ណឌី បានណែនាំឱ្យមន្ទីរ ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍អ្នកផលិតស្រាអង្ករ និងគាំទ្រពួកគេឱ្យអនុវត្តតាមស្តង់ដារជាតិស្តីពីស្រាអង្ករ ដែលទើបត្រូវបានអនុម័តដោយក្រុមប្រឹក្សាស្តង់ដារជាតិ។
ឯកឧត្តមបានបន្ថែមថា៖ “ដោយអនុវត្តតាមស្តង់ដារជាតិ ស្រាអង្ករកម្ពុជាអាចបង្កើនភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ សហគមន៍អ្នកផលិតស្រាអង្ករបែបនេះ ក៏ជាកាតាលីករដែលគាំទ្រដល់កសិករ និងលើកកម្ពស់ដល់ការកែច្នៃកាកសំណល់បង្កើតតម្លៃបន្ថែមជាដើម។”
ឯកឧត្តមបានជំរុញឱ្យមន្ទីរទាំងពីរ ផ្តោតការគាំទ្ររបស់ខ្លួនលើកាតាលីករទីផ្សារទាំងនេះ ដោយផ្តល់សេវាកាន់តែប្រសើរ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេចាប់យកស្តង់ដារ និងឈានចូលទីផ្សារតំបន់ និងអន្តរជាតិ។ ឯកឧត្តមបានបន្ថែមថា ក្រសួងក៏កំពុងពិនិត្យកែសម្រួលគោលនយោបាយ ដើម្បីគាំទ្រកាតាលីករទីផ្សារទាំងនេះឱ្យកាត់បន្ថយចំណាយផលិតកម្ម ក្នុងគោលដៅឱ្យពួកគេអាចជួយជ្រោមជ្រែងដល់អាជីវកម្មក្នុងស្រុកផ្សេងទៀត និងលើកកម្ពស់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ៕ រក្សាសិទ្ធដោយ ៖សុទ្ធលី