ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត នៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
វគ្គបណ្តុះបណ្តាលដែលមានរយៈពេលពីរថ្ងៃនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការលើកកម្ពស់តួនាទីយុទ្ធសាស្រ្តរបស់រដ្ឋ ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ដែលកំណត់ថា «ត្រឹមឆ្នាំ២០៣០ សម្រេចទទួលបានសាកលកម្ម និងសមធម៌នូវទឹកបរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យសម្រាប់ប្រជាជនទាំងអស់»។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងគាំទ្ររដ្ឋាករទឹកនៅទូទាំងប្រទេស តាមរយៈការផ្តល់ឧបត្ថម្ភធន ការស្វែងរកហិរញ្ញប្បទានឥតសំណង និងហិរញ្ញប្បទានសម្បទាន សម្រាប់វិនិយោគបន្ថែមលើហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត។ កម្មវិធីបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំក្នុងវិស័យទឹកស្អាត ត្រូវបានរៀបចំឡើង បន្ទាប់ពីកម្មវិធីបណ្តុះបណ្តាលកាលពីខែកក្កដា ស្តីពីការគ្រប់គ្រងការបាត់បង់ទឹក និងមានគោលដៅលើកកម្ពស់សមត្ថភាពអគ្គនាយក រដ្ឋាករទឹក និងអ្នកដឹកនាំក្នុងវិស័យទឹកស្អាត រួមទាំងប្រធានមន្ទីររាជធានី-ខេត្ត ឱ្យគ្រប់គ្រងប្រតិបត្តិការ និងដឹកនាំក្រុមការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី