នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានជួបពិភាក្សាជាមួយក្រុមហ៊ុន សុភក្តិនីកា អ៉ិនវេសមេន គ្រុប ខូ អិលធីឌី អំពីការងាររៀបចំកម្មវិធីប្រឡងចៀរជ័រ និងពិធីប្រារព្ធខួប១០០ឆ្នាំ ដើមកៅស៊ូចាស់ជាងគេនៅកម្ពុជា ដែលមានទីតាំងស្ថិតនៅចម្ការកៅស៊ូជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជំនួបនេះធ្វើឡើងដើម្បីត្រួតពិនិត្យឡើងវិញលើការងារដែលបានអនុវត្តកន្លងមក និងដាក់ទិសដៅការងារអនុវត្តបន្ត សម្រាប់ប្រារព្ធកម្មវិធីទាំងពីរនោះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។
ចម្ការកៅស៊ូជាប្រវត្តិសាស្រ្តដែលមានអាយុ១០០ឆ្នាំនេះ គឺជាចម្ការកៅស៊ូចាស់ជាងគេនៅកម្ពុជា និងជាចំនួនដើមកៅស៊ូចាស់នៅរស់ច្រើនជាងគេបំផុត នៅក្នុងពិភពលោក រហូតដល់ ៤៤៨ដើម លើផ្ទៃដីប្រមាណ ១៤ហិកតា។
ម៉្យាងវិញទៀត ផ្តើមចេញពីការជ្រើសរើសគ្រាប់កៅស៊ូចំនួន ២ ៥៦៣គ្រាប់ ចេញពីចម្ការកៅស៊ូចាស់នេះ វិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៃអគ្គនាយកដ្ឋានកៅស៊ូ បានបណ្តុះនិងដាំពិសោធន៍ តាមដានការលូតលាស់ ទិន្នផល ជំងឺ និងលក្ខណៈសរីរទឹកជ័រ ចាប់តាំងពីឆ្នាំ២០១១ រហូតរកឃើញសេណូទីប (ពូជ) កៅស៊ូចំនួនពីរ គឺ G12 និង G19 ដែលមានលក្ខខណ្ឌដុះនិងលូតលាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។ បច្ចុប្បន្ននេះ ក្រសួងកសិកម្ម បានដាក់ស្នើសុំទៅគណៈកម្មការបញ្ចេញពូជដំណាំ ដើម្បីបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ ដោយដាក់ឈ្មោះថា «CRRI 12 និង CRRI 19»៕រក្សាសិទ្ធដោយ ៖សុទ្ធលី