សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ប្រពៃណីយើង យើងរក្សា យើងបានផ្សព្វផ្សាយកាន់តែល្បឺសុះសាយដល់ពិភពលោក ពិសេសបងប្អូនជាភ្ញៀវទេសចរជាច្រេីននៃកម្មវិធី Gumball 3000 បានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ និងទស្សនាសិល្ប:បូរាណខ្មែរ នៅពីមុខប្រាសាទបាយ័នរបស់ខ្មែរ។ សូមស្វាគមន៍មកកាន់កម្ពុជា និងរីករាយក្នុងការស្វាគមន៍អ្នកជានិច្ច”។
ប្រជាពលរដ្ឋ នៅ ខេត្តសៀមរាប បានមកស្វាគមន៍ និងទស្សនា ការតាំងបង្ហាញរថយន្តទំនើបៗ នៃព្រឹត្តិការណ៍ GUMBALL 3000 នាល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤យ៉ាងច្រើនកុះករ។ព្រឹត្តិការណ៍នេះ ប្រមូលផ្តុំ ដោយកំពូលតារាអន្តរជាតិ ល្បីៗ កីឡាករ YouTubers និងជនមានឥទ្ធិពលជុំវិញពិភពលោក ដែលជាប្រតិភូ Gumball 3000 បានមកកាន់ខេត្តសៀមរាប ដែលជាឱកាសរបស់ កម្ពុជា ទាញយកផលប្រយោជន៍ជាច្រើនអំពីព្រឹត្តិការណ៍នេះ រួមមានការទាំងការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងសក្ដានុពលទេសចរណ៍ ទៅកាន់ពិភពលោកផងដែរ។
ក្រសួងទេសចរណ៍ ដោយមានការសហការពីក្រុមហ៊ុន Chipmong Group ក្រុមហ៊ុន Gumball 3000 និងភាគីពាក់ព័ន្ធ នឹងរៀបចំវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ ដែលអនុញ្ញាតឱ្យវិនិយោគិនក្នុងស្រុក និងក្រៅស្រុកបានជួបជុំពិភាក្សាការងារ ព្រមទាំងដើម្បីបង្ហាញពីវប្បធម៌ អរិយធម៌ ក៏ដូចជាបង្ហាញពីសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជា ប្រកបដោយគុណភាព មានការអភិវឌ្ឍ ធានាបាននូវសន្តិសុខ សុវត្ថិភាព ចីរភាព និងភាពកក់ក្តៅជូនទេសចរគ្រប់រូបដែលអញ្ជើញមកទស្សនាកម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia។
នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ជំរុញទាក់ទាញទេសចរមកកាន់ប្រទេសកម្ពុជា នៃព្រឹត្តិការណ៍ Gumball 3000 នៅមុខប្រាសាទបាយ័ន ខេត្តសៀមរាប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





























































