Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូកដរតូចដឹកមនុស្សលើសចំណុះលិច សំណាងល្អមិនមានអ្នកស្លាប់

ខេត្តកំពង់ចាម: ក្រោយពីទទួលបានព័ត៌មានថាទូកចម្លងដឹកប្រជាពលរដ្ឋបានលិចនៅចំណុចព្រែកតាឃ្លោក ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយសហការី បានចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៩កញ្ញាឆ្នាំ២០២៤។ ជាមួយនោះបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ដោយផ្អាកការចម្លងនៅទីនេះខ្លាចមានគ្រោះថ្នាក់បន្តទៀត ព្រោះថាប្រជាពលរដ្ឋជិតឆ្ងាយនាំគ្នាយកចង្ហាន់ទៅប្រគេនលោកក្នុងរដូវកាន់បិណ្ឌ ធ្វើយ៉ាងណាធានាសុវត្ថិភាពដល់ពួកគាត់ពេលឆ្លងទូកដរ។

អ្នកស្រីស៊ុន ចន្ថា មេឃុំកោះសូទិនមានប្រសាសន៍ឲ្យដឹងថា: ទូកចម្លងចំនួន២គ្រឿងត្រូវគេដាក់ចងផ្អោបគ្នាដោយក្រាលក្តារពីលើ ដើម្បីចម្លងអ្នកជិះកង់ឬម៉ូតូ ត្រង់ចំណុចព្រែកតាឃ្លោក។ ចៃដន្យដោយសារម្ចាស់ទូកឈ្មោះចាប សុខុម ភេទប្រុស អាយុជាង ៥០ឆ្នាំ នៅភូមិកោះព្រលួង បានដឹកមនុស្សជាង១០នាក់និងម៉ូតូ៨គ្រឿងដោយឆ្លងពីទួលគរក្នុងដីឃុំកោះមិត្ត ឆ្ពោះមកកាន់ត្រោយម្ខាងទៀតនៅក្នុងឃុំកោះសូទិន ស្រាប់តែមកដល់ត្រង់ចំណុចកណ្ដាលព្រែក ជាហេតុបណ្ដាលឱ្យលិចហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង៦ល្ងាចថ្ងៃទី១៨ កញ្ញា សំណាងមិនមានអ្នកស្លាប់នោះទេ ដោយគ្រាន់តែខូចខាតម៉ូតូ តែម្នាក់ៗព្រលឹងនៅចុងសក់។

មេឃុំកោះសូទិន មានប្រសាសន៍បន្តថាយោងតាមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត បានស្នើសុំឲ្យផ្អាកឆ្លងទូកដរត្រង់ចំណុចព្រែកតាឃ្លោក ព្រោះឃើញទូកតូចពេកដឹកអ្នកដំណើរច្រើនខ្លាចមានគ្រោះថ្នាក់បន្តទៀត។ ដោយណែនាំឱ្យប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវបេតុងត្រង់ចំណុចភូមិកោះព្រលូងវិញ ទីនោះមានទូកធំហើយធានាសុវត្ថិភាពដល់អ្នកដំណើរ។ ចំពោះម្ចាស់ទូកដែលដឹកលើសចំណុះធ្វើឱ្យលិចបណ្ដាលឱ្យម៉ូតូ៨គ្រឿង ត្រូវលិចចូលក្នុងទឹកព្រែក ចំណែកមនុស្សវិញពុំមានអ្នកណាគ្រោះថ្នាក់នោះទេ។ ព្រោះបាននាំគ្នាជួយសង្គ្រោះទាន់ពេលវេលាហើយត្រង់ចំណុចកន្លែងលិចនោះ ទឹកមានជម្រៅប្រហែលត្រឹមទ្រូងមនុស្សចាស់ ម្ចាស់ទូកបានយល់ព្រមសំណងការខូចខាតមួយចំនួន ដល់ម្ចាស់ម៉ូតូហើយសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាជាមួយម្ចាស់ទូកនេះផងដែរ។ បន្ទាប់ពីឯកឧត្តមអភិបាលខេត្តណែនាំ គឺកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះសូទិន បានចុះពិនិត្យតាមព្រែកមួយចំនួនក្នុងភូមិសាស្ត្រឃុំកោះសូទិន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ គឺត្រូវប្រើប្រាស់មធ្យោបាយទូកម៉ាស៊ីនធុនធំ ដើម្បីបញ្ជៀសកុំឲ្យមានបញ្ហាណាមួយកើតឡើង។ ព្រោះពេលនេះដល់រដូវធ្វើបុណ្យដាក់ទានប្រជាពលរដ្ឋឆ្ងាយជិត តែងតែយកចង្ហាន់ទៅប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ។
ជាមួយនោះសមត្ថកិច្ចបានចុះណែនាំតាមបណ្ដាគ្រប់ស្រុកក្រុងទាំង១០ នៅក្នុងខេត្តកំពង់ចាម ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់។ ចៀសវាងកុំឲ្យមានបញ្ហាណាមួយពេលពលរដ្ឋឆ្លងទូកដរ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×