ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹកអង់គ្លេស ចំនួន ១ គ្រឿង ឈ្មោះ HMS SPEY លេខ P234 ដែលមានមេបញ្ជាការ លោកវរនាវីទោ Cdr Paul Caddy ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី ២៣ ដល់ ២៧ ខែកញ្ញា ឆ្នាំ២០២៤។
ព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោកវរនាវីឯក មាន សាវឿន នាយសេនាធិការរងមូលដ្ឋានសមុទ្ររាម និងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកអង់គ្លេស ចំនួន០១គ្រឿង ឈ្មោះHMS SPEY (P234)ដឹកនាំដោយវរនាវីទោ Paul Caddy មេបញ្ជាការនាវា កងទ័ពជើងទឹកអង់គ្លេស នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើងថែមទៀត រវាងប្រទេសទាំងពីរ (កម្ពុជា-អង់គ្លេស)។
លក្ខណៈបច្ចេកទេសនាវា៖
-ទម្ងន់ផ្ទុកសរុប២០០០តោន
-បណ្តោយ ៩០,៤ ម៉ែត្រ
-ទទឹង ១៣ម៉ែត្រ
-កំពស់ ៣៤,០១ម៉ែត្រ
-ជម្រៅទឹក ៣,៨ម៉ែត្រ
-ល្បឿន ២៥kts
-មេបញ្ជាការនាវា លោកវរនាវីទោ Paul Caddy
ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេរភាគីរវាងកងទ័ពជើងទឹកកម្ពុជា និងកងទ័ពជើងទឹកអង់គ្លេស ក្នុងនោះក៍នឹងមានគម្រោងធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា រួមមានការហ្វឹកហ្វឺនការធ្វើនាវាចរណ៍តាមឆ្នេរសមុទ្រ និងការធ្វើលំហាត់ man overboard exercise utilising RHIB (Rigid Hull Inflatable Boat)។
ក្រៅពីនេះប្រធានប្រតិភូនាវាក៍គ្រោងនឹងមានជំនួបសំដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិ កងទព័ជើងទឹកនិងអាជ្ញាធរផងដែរពាក់ពន្ធ័ផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី















