Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូខេត្តកំពង់ចាម ចុះសួរសុខទុក្ខនាយទាហាន ពលទាហាន បញ្ជាការដ្ឋាកងពលតូចលេខ៦ ស្រុកត្រពាំងប្រាសាទ ជាប់ព្រំដែនថៃ 

ខេត្តកំពង់ចាម: ជាការពិតណាស់ដើម្បីបង្ហាញពីមនោសញ្ជេតនារវាងសមរភូមិក្រោយនិងសមរភូមិមុខ ដែលមិនអាចកាត់ថ្លៃបាន គឺរដ្ឋបាលខេត្តកំពង់ចាមបានផ្សារភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងនាយទាហាននិងពលទាហាន ដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) គឺប្រតិភូខេត្តកំពង់ចាម បានអញ្ជើញសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធនិងសម្ពោធដាក់ឲ្យប្រើប្រាស់អគារពេទ្យមួយខ្នងតម្លៃជិត២០ម៉ឺនដុល្លារ។ ដោយបានធ្វើឡើងក្នុងឱកាសដាក់បិណ្ឌកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២៤ ដល់នាយទាហាន ពលទាហាន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៦ ស្ថិតនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យគឺបានធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខានម្ដងណាឡើយ។សមរភូមិក្រោយបានសុខសាន្ត ក៏ដោយសារបងៗទាហានដែលឈរជើងការពារតាមបន្ទាត់ព្រំដែនមិនថាយប់ឬថ្ងៃនោះទេ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ដល់នាយទាហានពលទាហាន នៃកងពលតូចលេខ ៦ ដែលកន្លងមក បានចូលរួមសហការយ៉ាងសស្រាក់សស្រាំ ជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារទឹកដី ក៏ដូចជា ការជួយសម្របសម្រួលកិច្ចការមួយចំនួនដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាមួយនឹងបណ្ដាខេត្តនានា នៅជាប់ព្រំដែន ។ ដោយទឹកចិត្តស្រឡាញ់គឺរដ្ឋបាលខេត្តកំពង់ចាមសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំបានកសាងអគារពេទ្យសាងពីបេតុងប្រក់ក្បឿងមួយខ្នង តម្លៃជិត២០ម៉ឺនដុល្លារ សម្រាប់ជាកន្លែងព្យាបាលដល់មន្ត្រីទាហាន ដែលមានជំងឺឬរងរបួសដោយប្រការណាមួយ។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍បញ្ជាក់ដែរថា ការដឹកនាំគណៈប្រតិភូចុះមកសួរសុខទុក្ខ និងនាំអំណោយមកពេលនេះ គឺដើម្បី រួមចំណែកផ្សាភ្ជាប់មនោសញ្ចេតនា ដ៏ជ្រាលជ្រៅ រវាងនាយទាហាន និងពលទាហាន ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋបាលខេត្តកំពង់ចាម ជាពិសេស កងទ័ព ដែលកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន (កម្ពុជា-ថៃ) ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹក ដល់បងប្អូនពលទាហាន ដែលជាកងកម្លាំងឆ្នើមទាំងអស់ សូមឲ្យយកចិត្តទុកដាក់ថែទាំសុខភាពជាចម្បង ជាពិសេស រដូវនេះ ជារដូវភ្លៀង ដែលងាយធ្វើឱ្យប៉ះពាល់ ដល់សុខភាព ប្រសិនបើយើង ខ្វះការប្រុងប្រយ័ត្ននោះ ។ ទន្ទឹមនឹងនោះដែរ ក៏ត្រូវពង្រឹងផ្នែកជីវភាពក្នុងគ្រួសារកងទ័ព  តាមរយៈ ការខិតខំបង្កបង្កើតផល នៅលើដីរបស់ខ្លួន ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។ ដោយឡែកក្នុងនាមកងកម្លាំងអាវុធទាំងអស់ ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជាពិសេស ស្តាប់នូវបទបញ្ជា របស់រាជរដ្ឋាភិបាល បទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជារបស់អគ្គបញ្ជាការ បទបញ្ជារបស់បញ្ជាការដ្ឋានកងទ័ពជើងគោក រួមទាំង បទបញ្ជារបស់កងពលតូចលេខ ៦ ផងដែរ ។

ស្ថិតឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ឧបត្ថម្ភដល់ទីបញ្ជាការដ្ឋានកងពលតូចលេខ ៦ នូវថវិកាចំនួន៥០លានរៀល ។ ឧបត្ថម្ភ ជូននាយទាហាន ពលទាហាន ជូនម្នាក់ៗ ថវិកាចំនួន៣ម៉ឺនរៀល ។ ឧបត្ថម្ភ ទីបញ្ជាការកងពលធំលេខ ២ នូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ក្នុងនោះមាន ៖ ទឹកក្រូច ៥៥០កេស  មី ៦០០កេសតូច ទឹកសុទ្ធ ១០០កេស ចេកអំបូងលឿងចំនួន១៥០កេស សាច់ជ្រូក ១៧០គីឡូក្រាម សាច់មាន់ ១១៥គីឡូក្រាម និងបន្លែមួយចំនួន  ព្រមទាំងថវិកាចំនួន ១០លានរៀល រួមទាំង សម្ភារៈ និងបរិក្ខាវេជ្ជសាស្ត្រ មួយចំនួនធំ ផងដែរ ។
សូមជម្រាបដែរថា អំណោយ ដែលប្រតិភូ ខេត្តកំពង់ចាម បាននាំយកទៅសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺបានមកពីការអំពាវនាវ របស់រដ្ឋបាលខេត្តកំពង់ចាម តាមរយៈ អំណោយសប្បុរសធម៌ និងការស្ម័គ្រចិត្ត ក្នុងនោះមាន ៖ ថវិកា សម្ភារៈ និងគ្រឿងឧបភោគ ថ្នាំពេទ្យជាដើម ដោយការចូលរួមចំណែកពី ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា អាជ្ញាធរ ស្ថាប័នរដ្ឋ វិស័យឯកជន  និងប្រជាពលរដ្ឋទូទៅ នៅក្នុងមជ្ឈដ្ឋានផងដែរ ។ទឹកចិត្តស្រឡាញ់ដល់ទាហាន នៅកងពលលេខ៦ នេះតាំងពីសម័យសម្ដេចទេពញាណហ៊ុន ណេង កាលនៅរស់ ឱ្យតែរដូវបុណ្យទានចូលមកដល់ រដ្ឋបាលខេត្តតែងតែចុះសួរសុខទុក្ខដល់កងកម្លាំងនាយទាហាន ពលទាហាននិងជាការលើកទឹកចិត្តដល់ពួកគាត់ដែលបានឈរជើងអង់អាចក្លាហានការពារបូរណភាពទឹកដី៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×