ភ្នំពេញ ៖ លោកស្រី យី សុខវួច ប្រធានក្រុមប្រឹក្សារជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដើម្បីប្រកាសសាលក្រមលើសំណុំរឿង លោក នាង សំអូន ដែលបើករថយន្ត Ford Ranger ទាំងស្រវឹងបុករះស្លាប់មនុស្សប្រុសស្រី៤ភ្លាមៗ នៅក្រោមស្ពានអាកាសឬស្សីកែវ ដោយសម្រេចដាក់ពន្ធនាគារចំនួន៥ឆ្នាំ និងពិន័យមិនឱ្យបើកបរ ចំនួន៥ឆ្នាំ ពិន័យជាប្រាក់ចំនួន ២០លានរៀលនារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
បើតាមសេចក្តីប្រកាសព័ត៌មាន , អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ នូវសាលក្រមព្រហ្មទណ្ឌលេខ ៣៨៦៧ «វ» នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ លេខ ៤៩០ ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០០០ ០០០ (ម្ភៃលាន) រៀល ពីបទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានឫស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ចំណុចខ ចំណុចគ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណី ទាំងអស់បានទទួលសំណង និងដកពាក្យបណ្តឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈ្មោះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ។
សូមរំលឹកថា កាលពីវេលាម៉ោង១៨៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤កន្លងទៅ មានមនុស្សប្រុសស្រី០៤នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងបួននាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះ ដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












